ចិន​រំពឹង​លើ​កិច្ច​សហប្រតិបត្តិការ​ផ្លូវដែក​យ៉ាង​រលូន​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី និង​ថៃ

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ចិន​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ថៃ ទៅ​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រួម​គ្នា​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ ។

« ចិន និង​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សាងសង់​ផ្លូវ​រថភ្លើង ដោយ​ផ្អែក​លើ​មូលដ្ឋាន​ផ្តល់​ផលប្រយោជន៍​រួម​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ៗ » ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Hong Leisaid ។

លោក Hong Leisaid បន្ថែម​ទៀត​ថា ៖ « អគ្គនាយកដ្ឋាន​នៃ​ប្រទេស​ទាំង​បី​បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ក្នុង​ការ​ដំណើរការ​គម្រោង​នេះ ។ ពួក​យើង​នឹង​ជំរុញ​​ការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី និង​ប្រជាជន​ថៃ និង​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​នៅ​ក្នុង​តំបន់ » ។

កាលពី​ខែតុលា​កន្លង​មក ស្ថាប័ន​រថភ្លើង​របស់​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហគ្រាស​របស់​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​សាងសង់​រួម​គ្នា​នូវ​ផ្លូវ​រថភ្លើង​ចាប់ពី Jakarta ទៅ​កាន់ Bandung ។

ពិធី​សម្ពោធ​ចាប់ផ្តើម​ដំណើរការ​ផ្លូវ​រថភ្លើង​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ មក​រា ខាង​មុខ​។ នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​សាងសង់​រួចរាល់​ហើយ វា​នឹង​កាត់​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​ពី Jakarta ទៅ​កាន់ Bandung ជាង​៣​ម៉ោង មក​នៅ​ត្រឹមតែ​៤០​នាទី​ប៉ុណ្ណោះ ។

បើ​តាម​សារព័ត៌មាន​ពី​ប្រទេស​ថៃ​វិញ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ ថៃ និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ។ ក្នុង​នោះ​ដែរ ផ្លូវ​រថភ្លើង Therailway នឹង​មាន​ល្បឿន​លឿន​ចាប់ពី​១៦០ ទៅ​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ៕