ADB ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​មាន​កំណើន​រឹង​មាំ​រយៈពេល​2​ឆ្នាំ​ជាប់​ៗ​គ្នា​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ របាយការណ៍​ថ្មី​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មីនា ២០១៦ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​នៅ​តែ​បន្ត​ភាពរឹងមាំ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ ដោយ​មានការ​ជំរុញ​ពី​វិស័យ​ឧស្សាហកម្ម កាត់ដេរ និង​ស្បែកជើង សំណង់ និង​សេវាកម្ម​។ របាយការណ៍​សេដ្ឋកិច្ច​បោះពុម្ពផ្សាយ​ប្រចាំឆ្នាំ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​មានឈ្មោះ​ថា​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៦  (ADO) បាន​លើក​ឡើង​ថា ផលិតផល​សរុប​ក្នុង​ប្រទេស (ផសស​) ត្រូវ​បាន​ព្យាករ​ថា នឹង​មានការ​កើនឡើង​៧,០%​នៅ​ក្នុង​ឆ្នាំ​២០១៦ ពោល​គឺ​ដូច​គ្នា​នឹង​កម្រិត​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥ មុន​នឹង​ឡើង​វិញ​តិចតួច​ក្នុង​ឆ្នាំ​២០១៧។

លោក Samiuela Tukuafu នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ដោយ​មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល កាត់ដេរ និង​ទិស​ដៅ​នាំ​ចេញ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​នៅ​តែ​រឹង​មាំ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ។ ដើម្បី​រក្សា​និរន្តរភាព​នៃ​កំណើន​នេះ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រីក​ឱកាស​ការងារ​បន្ថែម​ទៀត តាម​រយៈ​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​៩,៥%​នៅ​ឆ្នាំ​នេះ ដោយ​មានការ​គាំទ្រ​ពី​ការ​បន្ត​ធ្វើ​ពិពិធ​កម្ម​ផលិតផល ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​ជាង​ដូច​ជា ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​អេ​ឡិច​ត្រូ​និក ។ កំណើន​ក្នុង​វិស័យ​សេវាកម្ម​ត្រូវ​បាន​រំពឹង​នឹង​កើនឡើង​៧,៨% ។ វិស័យ​កសិកម្ម​នឹង​កើនឡើង​១,៦% ដោយ​ការ​សន្មត​ថា អាកាសធាតុ​អាច​មាន​ភាព​អំណោយផល​វិញ ។ កំណើន​វិស័យ​សំណង់​រំពឹង​ថា នឹង​បន្ត​ថមថយ​មក​វិញ បើ​ធៀប​នឹង​កំណើន​ខ្ពស់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ » ។

ឱនភាព​សារពើពន្ធ ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥត​សំណង​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​កើនឡើង​ដល់​៤,៣% នៃ ផសស ក្នុង​ឆ្នាំ​២០១៦​។ ឱនភាព​គណនី​ចរន្ត​ត្រូវ​បាន​ព្យាករ​ថា គ្មាន​ការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ទេ​ក្នុង​ឆ្នាំ​២០១៦ ប៉ុន្តែ​នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៧ ដោយសារ​តែ​ឱកាស​នាំ​ចេញ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​។ អតិផរណា​ឆ្នាំ​មុន​នេះ បាន​ថមថយ​មក​នៅ​ត្រឹម​អត្រា​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ប៉ុន្តែ​បាន​កើនឡើង​តិចតួច​វិញ​នៅ​ចុងឆ្នាំ​មុន ។ ការ​ថយ​ចុះ​នូវ​ថ្លៃ​ស្បៀងអាហារ និង​ឥន្ធនៈ​សកល ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​ឲ្យ​អតិផរណា​ធ្លាក់​ចុះ​២,៥%​ក្នុង​ឆ្នាំ​២០១៦ មុន​នឹង​កើនឡើង​ដល់​៣,០%​ក្នុង​ឆ្នាំ​២០១៧ ។

កំណើន​ដ៏​ឆាប់រហ័ស​នៃ​ឥណទាន និង​វិស័យ​អចលនទ្រព្យ​នាំ​ឲ្យ​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ​កើនឡើង ។ កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ដើម្បី​ធានា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​គួរតែ​បន្ត ។ ទន្ទឹម​នឹង​នោះ កម្ពុជា​ចាំបាច់​ត្រូវ​តែ​បង្កើន​គុណភាព​ការងារ តាម​រយៈ​ការ​ឆ្លើយ​តប​ចំពោះ​ចំណុច​ខ្វះខាត​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល និង​ជួយ​ឲ្យ​កុមារ​អាច​រៀន​ចប់​ចុង​ចប់​ដើម ។

មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ភាព កំណើន​ដែល​ធានា​ដល់​ចីរភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់ ។ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦៦ ធនាគារ​នេះ ជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧​ប្រទេស  ដែល​ក្នុង​នោះ​៤៨​ប្រទេស​មក​ពី​តំបន់​នេះ ៕