រំលឹក​គុណ​អ្នក​ឲ្យ​ទឹក គាស់​ផ្នូរ​អតីត​ទាហាន​ខ្មែរក្រហម​ធ្វើបុណ្យ

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ផ្នូរ​សព​លោក កែវ ឡាយ អតីត​ទាហាន​ខ្មែរក្រហម និង​ក្រោយ​ធ្វើ​សមាហរណកម្ម​ឆ្នាំ​១៩៩៨ បាន​ត្រូវ​ក្រសួងការពារជាតិ​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​ប្រចាំ​ខេត្តមណ្ឌលគិរី បាន​ត្រូវ​អតីត​កូនទាហាន​និង​ប្រជាពលរដ្ឋ​ជា​ច្រើន ដឹកនាំ​ដោយ​មេបញ្ជាការ​សឹក​រង​ប្រចាំ​ស្រុក​កែវ​សីមា​ម្នាក់ ធ្វើការ​គាស់​យក​មក​ធ្វើបុណ្យ​ដើម្បី​រំលឹក​គុណ​លោក​ដែល​បាន​ជីក​ស្រះ​ទឹក​ទំហំ ៣,៥០​ហិ​កតា ជូន​អ្នក​ភូមិ​អំឡុង​ឆ្នាំ​១៩៩៩-២០០០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា និង​ត្រូវ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ផ្នូរ​សព​លោក កែវ ឡាយ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​គេ​កប់​នៅ​ជាប់​នឹង​មាត់​ស្រះ​ទឹក​ដែល​លោក​ដឹកនាំ​ជីក​និង​បច្ចុប្បន្ន​ក្លាយជា​ទីតាំង​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ប្រើប្រាស់​នៅ​ក្នុងស្រុក​កែវ​សីមា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ត្រូវ​បាន​អតីត​កូនទាហាន​របស់​គាត់​ស្គាល់​ទីតាំង ក៍​ប្រាប់​អ្នក​ភូមិ​និង​អាជ្ញាធរ​គាស់​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ មីនា ដើម្បី​ធ្វើបុណ្យ​រំលឹក​គុណ​ជូន​គាត់ ។

ប្រភព​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ និង​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី​នឹង​ជួបជុំ​គ្នា​ធ្វើបុណ្យ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ៕