ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កំពុង​រាលដាល​ពេញបន្ទុក​នៅក្នុង​ខេត្តពោធិ៍សាត់​

​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ហេតុនេះហើយ​ទើប​ល្បែងស៊ីសង​ផ្សេងៗ​ដូចជា បញ្ជល់មាន់ កន្ទុយលេខ បៀ​អាប៉ោង​ជាដើម រាលដាល​យ៉ាង​អនាធិបតេយ្យ​ហើយ​បទល្មើស​គ្រឿងញៀន​និង​អំពើចោរកម្ម​ក៏​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ម៉ៅ ធនិន និង​លោក សារុន ចាន់​ធី តទៅទៀត​ឡើយ​។

​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាកាន និង​អាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ទីតាំង​បញ្ជល់មាន់​មួយកន្លែង​នៅ​ភូមិ​ប៉ែន ឃុំ​តា​លោ ស្រុក​បាកាន ហើយ​រឹបអូស​វត្ថុតាង​បានជា​ច្រើន​។ វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នោះ មាន​មាន់​ជល់​២​ក្បាល ម៉ូតូ​៥​គ្រឿង រថយន្ត​៦​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ផងដែរ ដើម្បី​ចាត់វិធានការ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​លោ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវគេ​បើក​លេង​ជា​យូរ​មកហើយ ដោយ​មានការ​ភ្នាល់​ដើម​ថា​ន់​ក្នុង​មួយគូៗ​រាប់លាន​រៀល ហើយ​មិន​ដែលមាន​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រីនគរបាល​ប៉ុស្តិ៍ ឬ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ស្រុក ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ដូច្នេះ​ពួកគាត់​មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង​នៅពេលដែល​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នោះ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​លោ បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​សង្វៀន​បញ្ជល់​មាន់​នោះ​ធ្វើ​ឲ្យ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា​អំពើចោរកម្ម​លួច​ប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាច្រើន​ករណី​។ ជាងនេះទៅទៀត​នៅពេល​មាន​សកម្មភាព​បញ្ជល់មាន់​ម្តងៗ​ក្រុម​អ្នកញៀន​ល្បែង​នេះ​បាននាំគ្នា​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​ឡើង​ទ្រហឹង​រំខាន​ដល់​អ្នករស់នៅ​ជិតខាង​រក​សម្រាក​ពេល​ថ្ងៃ​មិនបាន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងមក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​សមត្ថកិច្ច​ថា្នក់​ស្រុក​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ លើស​នេះ​ទៅទៀត​បើតាម​ពិនិត្យ​ជាក់ស្តែង​នៅក្នុង​ខេត្តពោធិ៍សាត់​បច្ចុប្បន្ន​ប​ទ​ល្មើស​ផ្សេងៗ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​អភិបាលខេត្ត​និង​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត មិន​គិតគូរ​ពី​រឿង​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​ឡើយ​៕

sew-3-23 sew-13112939499_1539741509654759_399110246_nលោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ sew-10-2