ទេព ឡុងរចនា ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម មិន​គួរ​ស៊ី​មិន​បាន​១០​គ្រាប់

“ខ្ញុំ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​នៅ​ថ្ងៃ​នេះ​ទេ មិន​គួរ​ស៊ី​មិន​បាន​១០​គ្រាប់​សោះ មុន​ប្រកួត​ខ្ញុំ​គិត​ថា​យើង​អាច​ស៊ី​បាន​១០​គ្រាប់”។ សម្ដី​ លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ​ដែល​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​ព្រៃវែង ៨-០ ​ក្នុង​ពាន​រង្វាន់ Hun Sen Cup 2016 ​។

 

ទេព ឡុងរចនា ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម មិន​គួរ​ស៊ី​មិន​បាន​១០​គ្រាប់

 លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ

 

ក្រុម​ក្រសួងការពារ​ជាតិ​កាល​ពី​ប្រកួត​ជាមួយ​ព្រៃ​វែង ល្ងាច​ម្សិលមិញ​នេះ​ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ត្រឹម​តែ​តង់​ទី​មួយ​ ពួកគេ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៦​គ្រាប់​ទៅ​ហើយ។ ចំណែក​ឯ​ចូល​ដល់​តង់​ទី​ពីរ ដោយ​មាន​ការ​ផ្លាស់ប្ដូរ​កីឡាករ​តិចតួច ​ទើប​ក្រុម​ទ័ព​ស៊ុត​បន្ថែម​បាន​២​គ្រាប់​ទៀត។

 

បើ​ទោះ​បី​ជា​យក​ឈ្នះ​ដោយ​លទ្ធផល ៨-០ ​មែន ប៉ុន្តែ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន​ឡើយ ដោយ​បាន​បញ្ជាក់​ថា​ប្រកួត​នេះ​គួរ​តែ​ស៊ី​បាន​១០​គ្រាប់ មិន​សម​បាន​តែ​៨​គ្រាប់​នោះ​ទេ។ “ដោយសារ​តែ​កីឡាករ​ចង់​ឈ្នះ​ការ​ប្រកួត​ពេក ទើប​បណ្ដាល​ឱ្យ​លេង​មិន​សូវ​ល្អ​ក្នុង​ប្រកួត​នេះ។ បើ​ពួកគេ​លេង​តាម​សម្រួល ខ្ញុំ​គិត​ថា​យ៉ាង​តិច​ក៏​ស៊ី​១០​គ្រាប់​ដែរ”។ សម្ដី​លោក ​ទេព ឡុងរចនា ។

 

ទេព ឡុងរចនា ​មិន​ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម មិន​គួរ​ស៊ី​មិន​បាន​១០​គ្រាប់

 សកម្មភាពប្រកួតម្សិលមិញ(ការពារជាតិអាវខៀវ)

 

ក្រោយ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ ក្នុង​ពូល B ​ពាន​រង្វាន់ Hun Sen Cup 2016 ​​ក្រុម​ក្រសួង​ការពារ​ជាតិ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ ​ក្រោយ​ឈ្នះ​ព្រៃវែង ៨-០ ​ក្រុម​ខេត្ត​ស្ទឹងត្រែង​ឈរ​នៅ​លេខ​២ ក្រោយ​ឈ្នះ​កំពង់​ធំ ៥-២ ​និង​ក្រុម​បឹង​កេត​អង្គរ​ឈរ​នៅ​លេខ​៣ ក្រោយ​ឈ្នះ​អាស៊ី​អឺរ៉ុប ២-១ ៕

 

អត្ថបទ៖ មុន្នី រម្យ