សម្តេច ហ៊ុន សែន អាច​ជួប​អ្នកកាសែត​នៅ​ថ្ងៃ​ខួប​ដែល​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​

​ប្រសិនបើ​សម្តេច ហ៊ុន សែន យល់ព្រម​តាម​ការស្នើសុំ​របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នោះ​ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​អ្នកកាសែត នឹងត្រូវ​ប្រព្រឹត្តទៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៧​។​

​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​ប្រមុខ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​២៩​ខែមីនា​នេះ លោក ខៀវ កាញារីទ្ធ បាន​សំណូមពរ​ឲ្យ​មានការ​ជួបជុំគ្នា​មួយ​រវាង សម្តេច ហ៊ុន សែន និង​អ្នកកាសែត ឲ្យ​បាន​មួយដង​ក្នុង​ឆ្នាំ​។ ភ្លាមៗ ពីលើ​វេទិកា​ទទួល​ពានរង្វាន់ សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ជា​វិជ្ជមាន ហើយ​ប្រគល់​ភារកិច្ច​នៃ​ការរៀបចំ​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​៣១​មីនា​នេះ​ថា លោក​ចង់​ឲ្យ​ការជួបគ្នា​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ដំបូង​ដែល​សម្តេច ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។ ប៉ុន្តែ​ថា​លោក​មិនទាន់​ដឹងថា តើ​សម្តេច ហ៊ុន សែន នឹង​យល់​ស្របតាម​ការស្នើសុំរ​ប​ស់លោក ឬ​យ៉ាងណា នៅឡើយ​ទេ​។​

​សម្តេច ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​១៩៨៥​។​

​គួរបញ្ជាក់​ផងដែរ​ថា ទន្ទឹមនឹង​ការប្រកាស​យល់ព្រម​ជួបគ្នា​ជាមួយ​អ្នកកាសែត សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ ថា​លោក​សង្ឃឹមថា​គ្មាន​ការរិះគន់​ទៅលើ​ការជួបជុំ​នេះឡើយ​៕