ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន ត្រូវ​គេ​ជឿ​ថា​ពិបាក​ស៊ី​កីឡាករ​ថៃ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ប្រចាំស​ប្ដា​ហ៍​ពេល​ព្រឹក​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ចាប់​ដំណើរការ​ទៀត​ហើយ ដោយ​មាន​កីឡាករ​កម្ពុជា​២​រូប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​។ យ៉ាងណា​ក៏​ដោយ​មនុស្ស​តិច​ណាស់​ដែល​ជឿ​ថា ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន អាច​យកឈ្នះ​កីឡាករ​ថៃ​សម្រាប់​ការ​ប្រកួត​នេះ ។

កីឡាករ ឃី​ម បូ​រ៉ា  ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ និង​ជិត​រៀប​ការ​ភរិយា​ផង​នោះ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត បណ្ឌិត ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។  ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​មាន​ប្រវត្តិ​ស្វិតស្វាញ​នៅ​លើ​សង្វៀន ខណៈ​កីឡាករ​ថៃ​ក៏​មិនមែន​ជា​ជើង​ថ្មី ។ ភាគី​ខាង​កម្ពុជា​គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ប៉ុន្តែ​គេ​មានសំណាង​មិនសូវ​ល្អ​ទាល់តែ​សោះ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដែល​បាន​ធ្វើ​ឡើង ។ អ៊ីចឹង​ហើយ​ទើប​គេ​មិន​មាន​ខ្សែក្រវាត់​ជើងឯក​ក្នុង​ដៃ ហើយ​ហាក់ដូចជា​ធ្វើ​ឲ្យ​គេ​បាក់ទឹកចិត្ត និង​មានការ​ប្រកួត​ម្ដង​ល្អ​ម្ដង​មិនល្អ​មិនសូវ​នឹងនរ​។ ដោយឡែក​សម្រាប់​កីឡាករ យ៉​ត បណ្ឌិត  វិញ ក៏​មិន​ទាន់​មាន​ខ្សែក្រវាត់​ជើងឯក យក​មក​បង្អួត​នោះ​ដែរ ប៉ុន្តែ​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់ ។

ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន ត្រូវ​គេ​ជឿ​ថា​ពិបាក​ស៊ី​កីឡាករ​ថៃ

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​បង្ហាញ​ភាព​ជឿជាក់​ចំពោះ​កីឡាករ​ថៃ ដោយសារ​តែ​បាន​ទស្សនាការ​ប្រកួត​របស់​គេ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​លោក​និយាយ​ថា​ថ្វីដៃ និង​បច្ចេកទេស​ប្រកួត​របស់​គេ​រស់​រវើក​ពិបាក​ឲ្យ​គូប្រកួត​ទប់​ជាប់ ។ លោក​ហាក់​មិនសូវ​ជឿ​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​គេ​ដោយ​ស្រួល​នោះ​ទេ ដោយសារ​តែ​ឃី​ម បូ​រ៉ា កន្លង​មក​ក៏​មានការ​ប្រកួត​ហេងស៊យ​ម្ដងម្កាល​ផង​ដែរ ចាប់តាំងពី​គេ​របូត​ខ្សែក្រវាត់​ជើងឯក​ដែល​គួរ​ទទួល​២​លើក​ផ្ទួន​ៗ​។ លោក​និយាយ​ថា «​កីឡាករ​ថៃ​ល្អ តាម​មើល​បូ​រ៉ា​បែប​យ៉ាប់​ហើយ​សម្រាប់​ការ​ប៉ះ​គ្នា​ហ្នឹង​!» ។ គាប់​ជួន​ជា​ការ​ប្រកួត​ក្នុង​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​កីឡាករ​ថៃ​រមែង​ប្រមូល​យកជ័យ​ជម្នះ​ត្រឡប់​ទៅ​វិញ​អស់​ផង ទើប​កីឡា​ករ​កម្ពុជា​មិន​ថា​អ្នក​ស្ថិត​ក្នុង​កម្រិត B នោះ​ទេ គឺ​សូ​ម្បី​តែ​កម្រិត A ក៏​ចាញ់​ថៃ​ឲ្យ​រដឹក​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិបាក​ទុកចិត្ត​សមត្ថភាព​ប្រកួត​របស់​កីឡាករ​កម្ពុជា​ផង​ដែរ​។

លោក​ថា កីឡាករ​កម្ពុជា​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​គឺ​មិន​អន់​នោះ​ទេ ប៉ុន្តែ​មក​ពី​ផឹក​ច្រើន​និង​ដើរ​លេង ច្រើន​ហើយ​ហ្វឹកហាត់​តែ​ប៉ុន្មាន​ថ្ងៃមុន​ឡើង​រេញ ទើប​ការ​ប្រកួត​យូរ​ទៅ​មិនសូវ​ដូច​ពេល​ឡើង​កូដ​។ យ៉ាងណា​ក៏​ដោយ លោក​ថា កីឡាករ​ឃី​ម បូ​រ៉ា គឺជា​ជើង​ខ្លាំង​ដែល​មាន​ឆ​ន្ទះ​ហ្វឹកហាត់​គ្រប់គ្រាន់ ដូច្នេះ​បើ​ទោះជា​ពិបាក​ស៊ី​ព្រោះ​កីឡាករ យ៉​ត បណ្ឌិត ជា​កីឡាករ​ល្អ ក៏​កីឡាករ​ថៃ​នឹង​មិន​ងាយស្រួល​ក្នុង​ការ​វាយ​ប្រយុទ្ធ​នោះ​ដែរ​។ ស្រួល​មិន​ស្រួល​កីឡាករ​ថៃ​នឹង​ត្រូវ​ចាញ់​យ៉ាង​អាម៉ាស់​លើ​រេញ​នោះ​ផង ដោយសារ​តែ​ឃី​ម បូ​រ៉ា មិន​ណ​យ​សម្រាប់​ការ​ប៉ះ​ប្រកួត​ជាមួយ​ថៃ​យូរ​មក​ហើយ ។ លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​ថ្លែង​ស្របគ្នា​ថា កីឡាករ​របស់​លោក​មិនមែន​ជើង​ថ្មី និង​ថា​កីឡាករ​ឃី​ម បូ​រ៉ា នឹង​ពិបាក​ស៊ី​ផុយ ដោយសារ​សំអាង​ថា​ស្បែក​របស់​គេ​ស្វិត និង​កណ្ដាប់ដៃ​របស់​គេ​ល្អ ។

ទោះបី​យ៉ាងណា លោក​បាន​បង្ហាញ​ការ​ព្យាករ​ថា កីឡាករ​ទាំង​ពីរ​មិន​ទាន់​ប្រាកដ​ថា​អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នោះ​ទេ ដោយ​គ្រាន់តែ​មានការ​ប៉ាន់​ស្មានថា​ម្នាក់​ៗ​នឹង​ស្វិត​ស្វាញ​សម្រាប់​ឆាកប្រយុទ្ធ និង​បាន​ត្រៀមខ្លួន​ដើម្បី​រក្សា​មុខមាត់​រៀងខ្លួន​ប៉ុណ្ណោះ​។ លោក​ថា កីឡាករ យ៉​ត បណ្ឌិត  ធ្លាប់​ប្រកួត​បាន​៦១​ដង ឈ្នះ​៥៣​ដង ចាញ់​៦​ដង និង​ស្មើ​១​ដង ដោយ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ លោក​ហ៊ាន​អះអាង​គឺ​ល្អ​ដៃ ម៉ាត់ កែង និង​ទាត់​ព្រម​គ្នា ហើយ​បើ​និយាយ​ពី​កម្លាំង​ស៊ុ​ហ្វ​វិញ លោក​ថា​កីឡាករ​ថៃ​គឺជា​កីឡាករ​អាជីព ដូច្នេះ​ចំពោះ​ការ​ហ្វឹកហាត់​របស់​គេ​ម៉ត់ចត់ និង​ច្បាស់លាស់​មិន​ដូច​កីឡាករ​កម្ពុជា​ដែល​ទាល់តែ​ជិត​ឡើង​រេញ​ទើប​សម្រុកចូល​ហាត់​រំលឹក​ក្បាច់គុន​នោះ​ឡើយ ។ ប៉ុន្តែ​នោះ​ក៏​មក​ពី​ស្ថានភាព​តម្លៃ​ខ្លួន និង​ការ​រស់នៅ​របស់​កីឡាករ​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​ដូច​គ្នា​នោះ​ផង​ដែរ​។ ដោយឡែក​សម្រាប់​កីឡាករ​ឃី​ម បូ​រ៉ា វិញ​គេ​ធ្លាប់​ប្រកួត​បាន​៨២​លើក ឈ្នះ​៦៩​លើក  ចាញ់​១១​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា​បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​រូប​នេះ​មិន​អន់​នោះ​ឡើយ ។

ចំពោះ​មាស ច័ន្ទ​មាន ក៏​ជា​កីឡាករ​ម្នាក់​ដែល​មិនសូវ​មាន​អ្នក​ជឿ​ច្រើន​ថា​គេ​នឹង​ឈ្នះ​កីឡាករ​ថៃ​សម្រាប់​ព្រឹត្តិការណ៍​ព្រឹក​ថ្ងៃអាទិត្យ​ដូច​គ្នា​ផង​ដែរ​។ គេ​នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ស៊ុប​ភើ ប៊​យ ដែល​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៩៩​លើក ឈ្នះ​៧៩​លើក ចាញ់​១៦​លើក និង​ស្មើ​៤​លើក ដោយ​លទ្ធផល​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​ត្រូវ​បាន​លោក​ថៃ អ៊ូ លើក​មេដៃ​ឡើង​លើ​ទទួលស្គាល់​ថា​កាន់តែ​រីក​ចម្រើន​។ ដោយឡែក​សម្រាប់​មាស ច័ន្ទ​មាន វិញ គេ​ធ្លាប់​ប្រកួត​បាន​១២០​លើក ឈ្នះ​៩៩​លើក ចាញ់​២៥​លើក និង​មិន​ដែល​ស្មើ ។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ចាត់​ទុក​ថា​កីឡាករ​ជា​ម្ចាស់​ខ្សែក្រវាត់​K-Cement កាលពី​ឆ្នាំ​២០១៣​រូប​នេះ ហាក់​ត្រឡប់​ទៅ​រក​ភាព​ធ្លាក់ដៃ​ម្ដងទៀត ដោយសារ​តែ​វ័យ​របស់​គេ​កាន់តែ​ជ្រេ​ខុស​ពី​មុន ។  គូ​នេះ មានការ​ព្យាករ​១០០%​ថា​ទំនងជា​ស្មើគ្នា​ច្រើន​ជាង​ចាញ់​ឈ្នះ ដោយសារ​តែ​កីឡាករ​ថៃ​គឺ​ជើង​ខ្លាំង​ម្នាក់ ហើយ​មាស ច័ន្ទ​មាន ក៏​ពិតជា​ប្រកួត​ប្ដូរ​ដែល​បណ្ដាល​ឲ្យ​លទ្ធផល​ស៊ីសង​គ្នា​មិន​ដាច់​៕