ឃុំខ្លួនជនបើក រថយន្តបុក ស្លាប់ក្មេងប្រុសម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកស្អាង

កណ្ដាល៖ ជនសង្ស័យម្នាក់ ដែលបានបើក រថយន្តបុកម៉ូតូ បណ្តាលឲ្យក្មេងប្រុស​ អាយុ១៤ឆ្នាំ ម្នាក់ស្លាប់ និងក្មេងប្រុសអាយុ១៥ឆ្នាំ ម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបាន ចៅក្រម ស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល លោក អ៊ី សុវណ្ណ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០១៦នេះ។

ជនសង្ស័យ ឈ្មោះ ទូ វុ ទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានលោកស្រី ព្រះរាជអាជ្ញារង សុន សុខាលីដា ចោទប្រកាន់ចំនួន ពីរបទល្មើស គឺបទបើកបរ ធ្វេសប្រហែស បណ្តាល ឲ្យស្លាប់និង របួសអ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ជនសង្ស័យ ឈ្មោះ ទូ វុ ទ្ធី មានទីលំនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្ដតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ សិត សុខឃីម អាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង (ស្លាប់ ) និងឈ្មោះ ហេង សុខហ៊ួ អាយុ១៥ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូប៉ះដៃចង្កូតដួលខ្ទាត ចូលក្រោមកង់ រថយន្ដកើតឡើង កាលពីវេលាម៉ោង ១៨៖១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ លេខ២១A ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។

នៅមុនពេលកើតហេតុ រថយន្ដក្រឡុកស៊ីម៉ង់ត៏ បើកបរតាមបណ្ដោយ ផ្លូវជាតិលេខ២១A ក្នុងទិសដៅ ពីកើតទៅលិច ខណៈនោះ បានជ្រុលទៅប៉ះដៃចង្កូត ម៉ូតូ ជនរងគ្រោះ ធ្វើឲ្យអ្នកបើកបរខ្ទាតចូលក្រោម រថយន្ដកិនធ្លាយខួរចេញ មកក្រៅស្លាប់ ភ្លាមៗ ធ្វើឲ្យអ្នកដំណើរ ឃើញហេតុការណ៏ រន្ធត់ចិត្ដគ្រប់ៗគ្នា រីឯអ្នករួមដំណើរ ជាមួយរងរបួសធ្ងន់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត