កុំស្មានថា១៤ឆ្នាំគេភ្លេច​​​ ចោរគឺនៅតែចោរ

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​កាលពី​១៤​ឆ្នាំ​មុន ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា នេះ ខណៈ​ដែល​សំងំ​ធ្វើ​ចម្ការ​នៅ​ភូមិ​សួរ​ស្ដី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

យោង​តាម​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង ចុះហត្ថលេខា​ដោយ​លោក​និល ណុ​ន ប្រធាន​តុលាការខេត្ត ចេញ​នៅ​ឆ្នាំ​២០០៤​កន្លង​ទៅ ជនសង្ស័យ​ឈ្មោះ​ទឹម ភុ​ន ហៅ​ប៉ូច អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។ ជន​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្លន់​ប្រដាប់​អាវុធ ដែល​ប្រ​ព្រិ​ត្ត​កាលពី​យប់​ថ្ងៃ​ទី​៣១ មីនា ២០០២ ស្ថិត​នៅ​ចំណុច​អូរ​តា​ឃ្នូ​ច ក្នុងភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់។

តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ​កំបាំង​មុខ ដើម្បី​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ តែ​ជន​នេះ បាន​រត់គេច​ទៅ​សំងំ​លាក់​ខ្លួន​​នៅ​ខេត្ត​ប៉ៃលិន រហូត​មក​ដល់​ពេល​នេះ ទើបត្រូវ​ចាប់ខ្លួន​។ សមត្ថកិច្ច​ស្នងការ​ខេត្ត​បាន​បញ្ជូន​ជន​ឈ្មោះ​ទឹម ភុ​ន ហៅ​ប៉ូច នេះ​ទៅ​ប្រគល់​ឱ្យ​តុលាការ​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត