សភាជាតិ​វៀតណាម​ជ្រើសតាំង​ប្រធាន​ស្ត្រី​លើក​ដំបូង

សភាជាតិ​វៀតណាម​កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​ជ្រើសតាំង​លោកស្រី NGUYEN THI KIM NGAN ជា​ប្រធាន​សភា​ធ្វើ​ឱ្យ​លោកស្រី​ក្លាយជា​នារី​ដំបូង​គេ​របស់​ប្រទេស ដែល​កាន់​តំណែង​នេះ ។

លោកស្រី NGUYEN THI KIM NGAN ត្រូវ​បាន​ជ្រើសតាំង​ដោយ​៤៧២​សំឡេង​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៤៨១​រូប ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នៃ​សម័យប្រជុំ​លើក​ទី​១១​របស់​សភាជាតិ​នីតិកាល​ទី​១៣ ។ លោកស្រី​ក៏​ត្រូវ​បាន​ជ្រើសតាំង​ផង​ដែរ​ជា​ប្រធាន​ក្រុមប្រឹក្សា​បោះ​ឆ្នោតជាតិ ដោយ​មាន​សំឡេង​គាំទ្រ​៤៦៧ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​មាន​សុពលភាព ៤៧៧​សន្លឹក ។ មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​នេះ លោកស្រី NGUYEN THI KIM NGAN ជា​អនុប្រធាន​សភា​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១១ មក ៕