ពេញ​ចិត្តជា​តួរង ដើម្បី​បង្កើន​បទ​ពិសោធន៍​សិល្បៈ

រាជធានី​ភ្នំពេញ ៖ តារា​រះ​ថ្មី លី សៀវ​ម៉ី ពេញចិត្ត​សម្តែង​ជា​តួ​រាយរង ដើម្បី​បង្កើន​បទ​ពិសោធន៍​សិល្បៈ ផ្ទុយ​ពី​តារា​រះ​ថ្មី​ជា​ច្រើន​ដួង​ទៀត កញ្ញា​មុខស្រស់​បែប​ខ្មែរ លី សៀវ​ម៉ី ទើប​រះ​ក្នុង​សិល្បៈ​មិន​ចង់បាន​តំណែង​ជា​តួឯក​ខ្លាំងក្លា​ដូច​តារា​ផ្សេង​ៗ​ទេ​។ ការ​ប្រកាន់​ជំហរ​បែប​នេះ ក៏​ព្រោះតែ​នាង​ទើបតែ​ប្រឡូក​សិល្បៈ ហើយ​មិន​ចង់​គិតគូរ​រឿង​តួឯក​សំខាន់​ក្រៅពី​ទទួល​បានការ​ងារ​សិល្បៈ​ឲ្យ​សម្បូរ​បែប​ជាង​មុន​។

ពេញ​ចិត្តជា​តួរង ដើម្បី​បង្កើន​បទ​ពិសោធន៍​សិល្បៈ

កញ្ញា លី សៀវ​ម៉ី ដ្បិតតែ​នាង​ជាតា​រា​ពន្លក​ថ្មី​ក៏​ពិតមែន ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា ទេព​កោសល្យ​សិល្បៈ​របស់​នាង​ពិតជា​មិន​អន់​នោះ​ទេ​។ នៅ​ក្នុង​ឱកាស​ថត​ចម្រៀង និង​មានការ​រាំ​លេង​កម្សាន្ដ​ដែល​រៀបចំ​ដោយ​សមាគម​ទូរទស្សន៍​សម្រាប់​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នោះ គេ​ឃើញ​នាង​ប្រឹង​បង្ហាញ​សមត្ថភាព​រាំ​កាច់រាង​ពត់ពេន មិន​ចាញ់​តារា​រៀមច្បង​មួយ​ចំនួន​ឡើយ​។ ប្រសិនបើ​ម្ចាស់​ផលិតកម្ម​ណា​បានឃើញ​ច្បាស់​ជា​ចិញ្ចឹមចិត្ដ​ចង់បាន​នាង​ធ្វើ​ជា​តារា​សម្ដែង​ប្រចាំ​ផលិតកម្ម​របស់​គេ​ជា​មិន​ខាន​។

គ្រាន់តែ​ក្រឡេក​មើលទៅ​លើ​ទម្រង់​មុខ និង​រាងរៅ​របស់​កញ្ញា លី សៀវ​ម៉ី មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រសិនបើ​នាង​ខំប្រឹង​តែ​បន្ដិចទៀត នាង​នឹង​មាន​ឱកាស​​ចាប់​បាន​តំណែង​តួឯក​ជាក់​ជា​មិន​ខាន ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ស្ទើរតែ​គ្រប់​បណ្ដា​ផលិតកម្ម​បាន​ចាប់ផ្ដើម​ងាក​មក​ចាប់​យក​តារា​សម្ដែង​ថ្មី​ៗ​ដែល​មាន​ទេព​កោសល្យ និង​មានការ​ប្រឹងប្រែង​ជា​ជាង​ចាប់​យក​តារា​សម្ដែង​ជើង​ចាស់​។​

ពេញ​ចិត្តជា​តួរង ដើម្បី​បង្កើន​បទ​ពិសោធន៍​សិល្បៈ

កញ្ញា លី សៀវ​ម៉ី មានស្រុក​កំណើត​នៅ​ខេត្ដកោះកុង នាង​ពោល​ថា នាង​ស្រឡាញ់​សិល្បៈ​តាំងពី​ក្មេង គ្រាន់តែ​ពេល​នោះ​នាង​គ្មាន​ឱកាស​។ ស្រប​ពេល​ដែល​នាង​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​នៅ​ភ្នំពេញ នាង​ក៏​សម្រេចចិត្ដ​បោះ​ជំ​ហ៊ាន​ចូល​សិល្បៈ​តែ​ម្ដង​។ នាង​បន្ថែម​ថា មុន​ពេល​ប្រឡូក​ចូល​សិល្បៈ​នាង​មិន​បាន​ទៅ​ហាត់រៀន​ផ្នែក​ខាង​សម្ដែង​នៅ​ទីណា​ឡើយ ក្រៅពី​ទេព​កោសល្យ​ពី​ធម្មជាតិ​របស់​នាង ។

កញ្ញា លី សៀវ​ម៉ី បញ្ជាក់​ទៀត​ថា នាង​ស្រឡាញ់​សិល្បៈ​ខ្លាំង​តាំងពី​ក្មេង ដូច្នេះ​បើ​ទោះជា​ផលិតកម្ម​ណា​ដាក់​ឲ្យ​នាង​សម្ដែង​ជា​តួ​រាយរង​ក៏​នាង​យល់ព្រម​ទទួលយក​ការ​សម្ដែង​ទាំង​សប្បាយចិត្ដ​ដែរ ដោយ​នាង​លើក​ឡើង​ថា «​ខ្ញុំ​ចង់​បង្កើន​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន​ជា​មុន នឹង​ឈាន​ទៅ​សម្ដែង​តួ​ធំដុំ មនុស្ស​យើង​ធ្វើ​អ្វី​ក៏​ត្រូវ​ផ្ដើម​ពី​តិច​ទៅ​ច្រើន​ដែរ​»​។ ដ្បិ​តែ​ស្ដាប់​សម្ដី​តារា​សម្ដែង​រូប​នេះ ដូច​ជា​នាង​ដាក់ខ្លួន​ក៏​ដោយ ក៏​នាង​មាន​ក្ដី​ប្រាថ្នា​ថា ថ្ងៃ​ណាមួយ​នាង​នឹង​ប្រឹងប្រែង​ដោយ​ពិតជា​ទទួល​បាន​តំណែង​តួឯក​។ តារា​ស្រគត់ស្រគំ​រូប​នេះ​បញ្ជាក់​ទៀត​ថា សិល្បៈ​ប្រសិនបើ​នាង​បាន​សម្តែង​ភាពយន្ត នាង​ពិតជា​ចង់​ថត​បែប​កម្សត់​បង្ហូរទឹកភ្នែក​ដែល​នាង​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ អណ្តែតអណ្តូង មិនសូវ​ជា​រញ៉េរញ៉ៃ​។ ប្រសិនបើ​គេ​ឲ្យ​ដើរតួ​យំ ពិតជា​យំ​លឿន ដោយ​នាង​ឧស្សាហ៍​ហាត់រៀន​មើល​តាម​កញ្ចក់​ដាក់​អារម្មណ៍​នៅ​ពេល​សម្តែង​បែប​ទួញ​យំ​។ ក្រៅពី​នេះ បើ​និយាយ​ពី​តារា​រៀមច្បង​ដែល​នាង​គិត​ថា មើល​ស្ទីល​សម្តែង​តាម គឺ​ដូច​ជា​បងស្រី នី មុនីនាថ ដែល​នាង​លួច​មើល​ពី​របៀប​យំ និង​ការ​សម្តែង​ពេល​គាត់​បង្ហាញ​ស្នាដៃ​ភាពយន្ត​ថ្មី​ៗ​ម្តង គឺ​ចូល​ចិត្ត​លេង​ស្ទីល​សម្តែង​តាម​គាត​។ ទោះបីជា​នាង​មាន​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ ប៉ុន្តែ​ការ​សម្តែង​សិល្បៈ​នេះ​ពោរពេញ​ដោយ​ភាព​តស៊ូ​យូរ​ឆ្នាំ​ណាស់​ទំ​រាំ​បាន​ល្បីឈ្មោះ ហើយ​នាង​មិន​អស់សង្ឃឹម​ឡើយ ដោយ​រំពឹង​ថា ពេល​ណាមួយ​ទស្សនិកជន និង​ស្គាល់​ច្បាស់​ពី​ស្នាដៃ​ទេព​កោសល្យ​នាង​ដូច​តារា​រៀមច្បង​មុន​ៗ​ជាក់​ជា​មិន​ខាន​៕