​មិន​ចេះ​កុំ​ធ្វើ ភ្លាត់ស្នៀត​គឺ​បែប​នេះ

ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​ខ្សែភ្លើង​ឆក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៦​ស្ថិត​នៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះ​បាត ក្រុង​ស្ទឹង​ត្រែង ខណៈ​ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​បូមទឹក ដែល​ខូច​មក​ជួសជុល ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឃិ​ន ចំរើន អាយុ​២២​ឆ្នាំ ដោយ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ជួសជុល​ម៉ូ​ទ័​រ​រួច រូបគេ​បាន​យក​ចាន​ដែក​ធំ​ចាក់ទឹក ដើម្បី​ធ្វើតេស្ត​ថា តើ​វា​ដំណើរ​បាន​បាន ឬ​យ៉ាងណា តែ​ដោយសារ​ចានដែក​ដាក់​ទឹកបាន​តិច​ពេក និង​ហៀរហូរ​ពេញ​ផ្ទះ រូបគេ ក៏​យក​ម៉ូ​ទ័​រ​ទៅ​ដាក់​នៅ​ទន្លេ រួច​ប្រាប់​បងប្អូន​ជីដូនមួយ​ជួ​យ​ដោត​ភ្លើង​នៅ​លើ​ផ្ទះ បន្ទាប់​មក​ក៏​បាន​ត​ខ្សែភ្លើង​ទៅ​នឹង​ព្រី​ភ្លើង ស្រាប់​​​ឆក់​តែ​ម្តង ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆក់​និង​សន្លប់​នោះ ត្រូវ​គ្រួសារ​ជួយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា សង្ឃឹមរ​ស់តិច​ណាស់ ។ ដោយ​ភាព​អស់សង្ឃឹម​នោះ ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​បាន​នាំ​ត្រឡប់​មក​ផ្ទះ​វិញ និង​រៀបចំ​ពិធី​សង្គ្រោះ​បែប​បុរាណ ដោយ​បាន​យក​ខ្សាច់​មក​កប់ និង​ស្រោច​ទឹក​តិច​ៗ ។

លោក​ហ៊ី​ម សា​រ៉​ន អតីត​យោធា​ចូល​និវត្តន៍ ត្រូវជា​ឪពុក ជា​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រុស​គាត់​បាន​ទៅ​ផ្ទះ​ឪពុកធំ​របស់​គេ ហើយ​ឃើញ​ម៉ូ​ទ័​រ​បូមទឹក​របស់​ខ្លួន ក៏​បាន​យក​មក​ជួសជុល បងប្អូន​ជីដូនមួយ​របស់​គេ​ប្រាប់​ដែរ​ថា មិន​ចាំបាច់​ធ្វើ​ទេ ចាំ​យក​ទៅ​ឱ្យ​ជាង​ធ្វើ​វិញ តែ​គេ​មិន​ព្រម​ចង់​ជួសជុល​ដោយ​ខ្លួនឯង ក៏​ជួប​បែប​នេះ​តែ​ម្តង ។

បច្ចុប្បន្ន រហូត​មក​ទល់​​​វេលា​ថ្ងៃ​ត្រង់​ថ្ងៃដដែលនេះ ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹង​ថា ស្លាប់​ឬ​រស់​នៅឡើយ​ទេ ខណៈ​ក្រុម​គ្រួសារ​កំពុង​ធ្វើ​ការ​សង្គ្រោះ​​ដោយ​កប់​ខ្សាច់ និង​ស្រោច​ទឹក ។