ផឹកស្រា​ទៅ​វា​តា​ប៉ែ ពេល​ផឹក​តែ ផ្ទុះ​ហិង្សា​ស្លាប់​១

ខេត្ត​កំពង់ឆ្នាំង ៖ ​តាជី​​ក្នុង​វត្ត​ ត្រូវ​​បុរស​ម្នាក់​យក​​កែវ​​​​​មក​វាយ​ក្បាល​ បណ្តាល​ឱ្យបែក​រង​​របួស​យ៉ាងធ្ងន់​ធ្ងរ​ និង​​បាន​ស្លាប់​​​ក្រោយ​​​ពេល​​ដឹកបញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់​​លែង ខណៈ​អង្គុយផឹកតែ​ជាមួយ​គ្នា​ ដែលហេតុការណ៍​​នេះ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៤ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​មីនា​ ​​២០១៦ ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ «សិរី​រតនា​រាម ហៅ​វត្តភូមិ​លិច» ​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណុ​ក ស្រុក​កំពង់លែង ។

​ប្រភពឱ្យ​ដឹងថា លោកតា​រង​គ្រោះ​​ឈ្មោះ​ស្រី ឈ​ន អា​យុ​៦៦​​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​​ខាង​លើ ​​មក​ស្នាក់​នៅ​ក្នុង​វត្ត​ ដោយ​បម្រើ​​​​ទឹ​ក​​ក្តៅ-ត្រជាក់​​​ព្រះសង្ឃ​​ក្នុង​វត្ត ។ ចំណែក​​​​ជា​ជន​ដៃដល់​ឈ្មោះ​ផង់ ស៊ី​ណេ​ង អាយុ​​៣៣​​ឆ្នាំ មាន​​ទីលំ​នៅ​​ក្នុងភូមិ​​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ​​​ស្នាក់​នៅ​​​មិនពិត​ប្រាកដ ព្រោះ​ជា​មនុស្ស​សរ​​សៃប្រាសាទ និង​ធ្លាប់​បង្ករឿង​​ជា​ច្រើន​លើក ​ ។

ប្រភព​ដដែល​​បន្តថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​​អង្គុយ​ផឹក​ទឹក​តែ ​នៅ​ក្រោមសំ​យ៉ាប​មុខ​ខ្ទម​​ស្នាក់​នៅ​ក្នុង​វត្ត​ ពេល​​នោះ​ក៏ឃើញ​​​​ជន​ដៃដល់​​បាន​​ចូល​ទៅ​អង្គុយ​ផឹក​ទឹកតែ​​ជាមួយ​គាត់​​ជា​ធម្មតា ។ ចំណែក​តាជី យាយជី និង​ព្រះសង្ឃ ក៏​ឃើញ​ទាំង​២នាក់​ជជែក​​​​គ្នា​​​ដូច​​គ្មាន​រឿង​អ្វី​សោះ ។ មួយសន្ទុះ ​ស្រាប់តែ​​ឃើញ​ជន​ដៃដល់​​​យក​កែវ​ផឹក​​ទឹក​តែនោះ មក​កាន់​នៅ​ដៃ​​រួច​វាយ​ក្បាល​​លោកតា​​៣-​៤​កែវ ធ្វើ​ឱ្យ​​ផ្អើល​អ្នក​នៅ​ជិតខាង​ស្ទុះ​មក​ជួយ​ឃាត់ ។ ​ប៉ុន្តែ​ជន​​រង​គ្រោះ​បាន​​រង​របួសធ្ងន់ទៅហើយ ហើយក៏​​ត្រូវ​បាន​ដឹក​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មណ្ឌលសុខភាព​ស្រុកកំពង់លែង តែ​​លោក​តា​បាន​ស្លាប់​បាត់​​ទៅ​​ហើយ ។​ ​​​

ជា​​ជន​​ដៃដ​ល់​បាន​សារភាពថា ខ្លួន​ពិតជា​បាន​​វាយ​ជន​​រង​គ្រោះពិត​ប្រាកដ​​មែន ព្រោះតែ​​​​មាន​អ្វី​មក​បិទ​​បាំង គឺ​វាយ​ជន​រង​គ្រោះ​ទាំង​មិន​ដឹង​​ខ្លួន​ ។ ​