​លោក​ផ្កាយ​២ ស៊ូ ម៉ា​រ៉ា​ឌី មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ផ្ទេរ​លិខិត​ចុះ​បេសកកម្ម ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ឲ្យ​ទៅ​បក្ខពួក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពេញ​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង​៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បែកធ្លាយ​រឿងអាស្រូវ ដែល​ប្រភពពី​មន្ត្រីនគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ូ ម៉ា​រ៉ា​ឌី មាន​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនបាន​ទៅ​បំពេញ​ភារ​តាម​ការចាត់​តាំងរបស់​ថ្នាក់លើ​ដែល​បង្គាប់​ឲ្យ​ចុះ​បេសកកម្ម​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​ខេត្តស្វាយរៀង​នោះទេ តែ​បែរជា បង្វែរ​លិខិត​បេសកកម្ម​ដែល​លោក​ដេញថ្លៃ​បាន​នោះ​ឲ្យ​ទៅ​លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី ធ្វើ​សកម្មភាព​ពុំ​ស្រប​នឹង​គោលការណ៍​នៃ​ភា​កិច្ច​របស់​នាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឡើយ​។​

​តាមរយៈ​ការផ្ទេរ​អនុវត្ត លិខិត​បេសកកម្ម​ខា​លើ​នេះ​ ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី បាន​ចាត់តាំង​បក្ខពួក ជា​ជន​ស៊ីវិល​សុទ្ធសាធ​ចំនួន​២​នាក់ ដែល​មិនមាន​ស្ថិតក្នុង​ក្របខ័ណ្ឌ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​អ្វី​ឡើយ​។ ដោយ​ម្នាក់​ឲ្យ​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​ម្នាក់ទៀត​ឈរជើង នៅ​ទី​រួម​ខេត្តស្វាយរៀង​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​ឆ្លងកាត់​ខេត្ត​គ្រប់​ប្រភេទ ដោយ​ប្រើ​អំណាច​ឥទ្ធិពល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ូ ម៉ា​រ៉ា​ឌី និង​លោក​វរសេនីយ៍ត្រី ជួប វណ្ណឌី បន្លាច​ពួក​ឈ្មួញ​ប្រមូល​លុយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ករណីនេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មន្ត្រី​ក្នុង​ខេត្តស្វាយរៀង​ស្ទើរ​គ្រប់ៗ​គ្នា​ថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​របស់​មន្ត្រី​នគរបាល​ដ៏ទៃទៀត​។​

​ប្រភព​បានលើកឡើង​ទៀតថា ដោយសារតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ូ ម៉ា​រ៉ា​ឌី មិនបាន​ចុះ​បំពេញការងារ តាម​តួនាទី​ភារកិច្ច​ដែលមាន​ចែង​ក្នុង​លក្ខខណ្ឌ នៃ​បេសកកម្ម​នោះ ហើយ​បានប្រគល់​ការងារ​ឲ្យ​លោក វរសេនីយ៍ត្រី ជួប វណ្ណឌី ធ្វើការ​ជំនួស​ក្នុង​រូបភាព​ម៉ៅការ​ប្រចាំខែ ត្រូវ​បង់ប្រាក់​យ៉ាងហោចណាស់​តម្លៃ ៤០០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ករណីនេះ​បាន​ជម្រុញ​ឲ្យ​លោក​ស័ក្តិ​៤ ជួប វណ្ណឌី ជិះសេះ​លែងដៃ​បណ្តែតបណ្តោយ​ឲ្យ​ជន​ស៊ីវិល​ពីរ​នាក់​ខាងលើ​ឲ្យ​ដើរតួនាទី​ជា​នគរបាល​សេដ្ឋកិច្ច​ប្រចាំ​ច្រកទ្វារ​អន្តរ ជាតិ​បាវិត និង​ទី​រួម​ខេត្តស្វាយរៀង ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​ដឹកទំនិញ​តាម​អំពើ​ចិត្ត​ហើយ​ជា​បន្តបន្ទាប់​បានកើត​ឡើង​ការ ថ្នាំងថ្នាក់​ពី​ក្រុម​អ្នករកស៊ី​នាំ​ទំនិញ​ចេញចូល​កម្ពុជា​វៀតណាម ហើយ​បញ្ហា​គ្រប់យ៉ាង​ត្រូវ​ធ្លាក់​មកលើ​មន្ត្រីនគរបាល​មូលដ្ឋាន​ទៅវិញ​។

ពាក់ព័ន្ធ​ករណីនេះ គួរ​លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ត្រួតពិនិត្យ និងលុបបំបាត់ជាបន្ទាន់ ព្រោះវាបានធ្វើឲ្យការអនុវត្តភារកិច្ច​របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនមានប្រសិទ្ធភាព និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនគរបាលដែលស្អាតស្អំ។ ពាក់ព័ន្ធនឹងករណីនេះយើងកំពុងស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ ស៊ូ ម៉ារ៉ាឌី និងលោកវរសេនីយ៍ត្រី ជួប វណ្ណឌី មិនទាន់បាននៅឡើយទេ៕

KA-14-03-2016-01

លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​

KA-14-03-2016-02 KA-14-03-2016-03