ឪពុក​ជិះ​ម៉ូតូឌុប​កូនប្រុស​ស្រី​២​នាក់​បើក​លឿន វ៉ា​រថយន្ត​កុងតឺន័រ​មិន​ផុត​ត្រូវ​រថយន្ត​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពេញទំហឹង​ប៉ើង​ដូច​សី​ស្លាប់​ទាំង​៣​នាក់​

​ខេត្តកណ្តាល ៖ មនុស្ស​បីនាក់ ត្រូវជា​ឪពុក និង​កូនប្រុស កូនស្រី បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់ ដោយសារ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​បើក​លឿន​ឡើង​វ៉ា​រថយន្ត​កុងតឺន័រ​មិន​ផុត​ត្រូវ​រថយន្ត​ទំនើប របស់​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ បើក​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពេញទំហឹង​ប៉ើង​ដូច​សី​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅលើ​ស្ពាន​អ្នក​លឿង កាលពី​វេលា​ម៉ោង ៤​និង​៤៥ នាទី រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ស្ពាន​អ្នក​លឿង ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​នគរបាល​ស្រុក​លើកដែក​បាន​បញ្ជាក់ថា ជនរងគ្រោះ​ឪពុក​កូន​ទាំងបី​នាក់​នៅ​មិនទាន់​ស្គាល់ អត្ត​សញ្ញា ណ នៅឡើយ​ទេ តែ​ក្រោយពី​វាស់វែង​សមត្ថកិច្ច​បាន​ប្រមូល​សាកសព​បាន​បញ្ជូន​សព ទៅ​តម្កល់​នៅ វត្ត​កំពង់​ភ្នំ រងចាំ​ក្រុមគ្រួសារ មក​ទទួលយក ។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​ពួកគេ​ទាំង ៣​នាក់​(​កូនប្រុស​ម្នាក់ និង​ស្រី​ម្នាក់​) កំពុងធ្វើដំណើរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN 0787 ស៊េរី​ឆ្នាំ​២០១៦ ទិសដៅ​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង ខណៈ​ឡើង​វ៉ា​រថយន្ត​កុងតឺន័រ​មិន​ផុត​ត្រូវ​រថយន្ត​ទំនើប រថយន្ត ម៉ាក VEN ZA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R 1119 បើក​បញ្ច្រាសទិស​គ្នា បុក​ចំ​ពេញទំហឹង​ប៉ើង​ដូច​សី​បណ្តាល​ឲ្យ​ឪពុក​កូន​ទាំង​៣​នាក់​ស្លាប់​គ្មាន​សល់​ម្នាក់​។

​ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក VEN ZA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R 1119 បើកបរ​ទិសដៅ ពី​ខេត្តព្រៃវែង ទៅ​ភ្នំពេញ អ្នកបើកបរ បន្ទាប់ពី​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។ សមត្ថកិច្ច​បាន​ប្រមូលយក​តាន​ជំនិះ​ទាំង​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​លើកដែក ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ច្បាប់​៕

KA-31-03-2016-17 KA-31-03-2016-18 KA-31-03-2016-15 KA-31-03-2016-19 KA-31-03-2016-20 KA-31-03-2016-21 KA-31-03-2016-22