អាជ្ញាធរ​គ្រោង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដំណោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឋិត​នៅ​ជា​បញ្ហា​ចោទ​នៅ​ឡើយ ខណៈ​ការ​សាងសង់​ទំនប់ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧។ តើ​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រៀបចំ​អ្វី​បន្ថែម​ទៀត ដើម្បី​បញ្ចប់​ការ​បដិសេធ​មិន​ទទួល​សំណង​របស់​ពលរដ្ឋ?

រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៧ គឺ​ជា​ពេលវេលា​កំណត់​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់ ទាក់ទិន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​ទៀត មិន​ព្រម​ទទួល​យក​សំណង និង​ប្ដេជ្ញា​មិន​ព្រម​ចាក​ចេញ​ទៅ​តាំង​ទីលំនៅ​ថ្មី។

នាយក​រង​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​ផែនការ​ជាក់លាក់​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ឃុំ ដែល​ជំទាស់​មិន​ទទួល​សំណង។ លើស​ពី​នេះ កត្តា​សំខាន់ គឺ​អាជ្ញាធរ​បារម្ភ​ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ចុះ​ស្រង់​ស្ថិតិ​ទ្រព្យ​សម្បត្តិ និង​អចលនទ្រព្យ​របស់​អ្នក​ភូមិ ដែល​ត្រូវ​ទូទាត់​សំណង។

ម៉ែន គុង ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក ម៉ែន គុង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Men Sothyr

លោក​ថា អាជ្ញាធរ​ខេត្ត​មាន​យុទ្ធសាស្ត្រ​គ្រោង​ទុក​បន្ថែម​ទៀត រួម​បញ្ចូល​ទាំង​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ ចំណាយ​ពេលវេលា​ច្រើន​ទៀត​ជួប​ពិភាក្សា​ជាមួយ​សហគមន៍ និង​ជ្រើសរើស​តំណាង​សម្រាប់​ប្រើប្រាស់​ភាសា​ជនជាតិ​ដើម​ភាគ​តិច ជួប​ប្រាស្រ័យ​ជាមួយ​សហគមន៍​ជា​ប្រចាំ និង​ជាប់​លាប់៖ «អនុសាសន៍​របស់ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) គឺ​ជា​អនុសាសន៍​ល្អៗ​មួយ​ចំនួន​ដែល​យើង​ត្រូវ​ទទួល​យក ហើយ​និង​មួយ​ចំនួន​ទៀត ជា​ផែនការ​របស់​ខេត្ត​ដែល​បាន​គ្រោង​ទុក​ជា​យូរ​ហើយ។ ឧទាហរណ៍​ដូចជា ជួប​ជាមួយ​តំណាង​សហគមន៍ ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ដំណោះស្រាយ​ល្អ​ដើម្បី​ធ្វើ​ការ​ជាមួយ​ពលរដ្ឋ»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី រ៉ូណា ស្មីត បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ហើយ​មិន​ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់ និង​មិន​ព្រម​ចាក​ចេញ​ទៅ​តាំង​ទី​លំនៅ​ថ្មី។

កាល​ពី​ថ្ងៃ​ទី​២៧ មីនា សហគមន៍​ក្បាលរមាស និង​សហគមន៍​ស្រែគរ រាប់​រយ​នាក់ បាន​សំណូមពរ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ជួយ​អន្តរាគមន៍​ទៅ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់ បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​តាម​ដង​ទន្លេ និង​ដី​សម្បទាន​សេដ្ឋកិច្ច បង្ក​ផល​ប៉ះពាល់​ជីវភាព​ពួក​គាត់​ធ្ងន់ធ្ងរ និង​ការ​ប្រែប្រួល​អាកាសធាតុ។

តំណាង​សហគមន៍​ភូមិ​ក្បាលរមាស លោក ដាំ សំណាង«គាត់​មិន​ព្រម​ចាក​ចេញ​មែន ទោះ​ទំនប់​ហ្នឹង​ធ្វើ​ហើយ​ប៉ុន្មាន​ភាគរយ ឬ​ធ្វើ​ហើយ​ក្តី គាត់​សុខ​ចិត្ត​យក​ឫស្សី ឬ​ធុង​ចង​បណ្ដែត​ទឹក»

តំណាង​សហគមន៍​ភូមិ​ក្បាលរមាស លោក ដាំ សំណាង បដិសេធ​ដាច់​ខាត​ថា អ្នក​ភូមិ​សុខ​ចិត្ត​បន្ត​រស់នៅ​ភូមិ​ដែល​ពួក​គាត់​កំពុង​រស់នៅ បើ​ទោះ​បី​ស្ថានភាព​ទីនោះ​ត្រូវ​ក្លាយ​ជា​អាង​ស្តុក​ទឹក​ក៏ដោយ។ លោក​ថា វប្បធម៌​ប្រពៃណី និង​ផ្នូរ​សព​ដូនតា​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​កត្តា​ដែល​អ្នក​ភូមិ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន៖ «គាត់​មិន​ព្រម​ចាក​ចេញ​មែន ទោះ​ទំនប់​ហ្នឹង​ធ្វើ​ហើយ​ប៉ុន្មាន​ភាគរយ ឬ​ធ្វើ​ហើយ​ក្តី គាត់​សុខ​ចិត្ត​យក​ឫស្សី ឬ​ធុង​ចង​បណ្ដែត​ទឹក»

របាយការណ៍​របស់​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ៧០% ទៅ ៨០% នៃ​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ ដែល​រង​ផល​ប៉ះពាល់​ផ្ទៃដី​ពី​ការ​សាងសង់​ទំនប់ បាន​យល់​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់។ ដោយឡែក​ប្រជាពលរដ្ឋ​ជាង ២៥០​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ​នៅ​ឃុំ​ស្រែគរ បាន​កែប្រែ​ជំហរ​បដិសេធ​មិន​ចាក​ចេញ​ជា​ថ្នូរ​នឹង​លក្ខខណ្ឌ​បី​ចំណុច ទាមទារ​សំណង​ផល​ប៉ះពាល់​បន្ថែម រួម​ទាំង​សំណង​ផ្នូរ​សព​ដូនតា​ជា​លក្ខណៈ​គ្រួសារ។ ចំណែក​ប្រជាពលរដ្ឋ ៥៣​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១៤០​គ្រួសារ បដិសេធ​មិន​ចាក​ចេញ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន ២០១៦ ៨៥៥
ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ឃុំ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង ប្រជុំ​គ្នា​នៅ​វត្ត​ក្បាលរមាស ស្នើ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ទទួល​យក​ការ​ទាមទារ​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Men Sothyr

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់​សម្គាល់​ថា ឥរិយាបថ​អ្នក​ភូមិ​បាន​ផ្លាស់ប្ដូរ​ទាក់ទិន​លក្ខខណ្ឌ​បី​ចំណុច​ដែល​អ្នក​ភូមិ​ស្នើសុំ ខណៈ​ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត ចុះ​មក​ជួប​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្នុង​នោះ​អ្នក​ភូមិ​ជាង ១៥០​នាក់​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត។ យ៉ាង​នេះ​ក្តី លោក​ថា អាជ្ញាធរ​ឃុំ​នៅ​តែ​បន្ត​ស្វែងរក​ដៃគូ​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ជួយ​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​ងាក​មក​ពិភាក្សា​ពី​គោល​នយោបាយ​សំណង​នេះ​ឡើង​វិញ៖ «ខ្ញុំ​សំណូមពរ​ថ្នាក់​ខេត្ត ហើយ​ឲ្យ​អញ្ជើញ​អង្គការ​ពាក់ព័ន្ធ​ជួយ​សម្រប​សម្រួល​ដូចជា​អង្គការ​វេទិកា​ទូទៅ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្តី។ អាជ្ញាធរ​មូលដ្ឋាន​យើង​ខ្ញុំ តាម​គាត់​មិន​ទាន់​អស់​លទ្ធភាព​ហើយ»

ចំណែក​តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី លោក អ៊ុំ ប៊ុនរេត ថ្លែង​កត់​សម្គាល់​ថា ក្រុមហ៊ុន​អនុវត្ត​គោលការណ៍​ផ្តល់​សំណង​ជាក់លាក់ ចំពោះ​ប្រជាពលរដ្ឋ​បាន​ចុះ​បញ្ជី​អ្នក​រង​ផល​ប៉ះពាល់​ជាក់ស្តែង ដែល​មន្ត្រី​មូលដ្ឋាន និង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ បាន​ចុះ​ស្រង់​ស្ថិតិ​រួច​ហើយ។ លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​យល់​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​រួច​ហើយ។ រីឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ព្រម​ទទួល​យក​សំណង ហេតុ​នេះ​ក្រុមហ៊ុន រួម​ទាំង​គណៈកម្មការ​ដោះស្រាយ​សំណង នឹង​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ស្ម័គ្រ​ចិត្ត​ចូលរួម​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នេះ៖ «យើង​ចុះ​ផ្សព្វផ្សាយ​បន្ថែម។ យើង​ព្យាយាម​ជួប​គាត់​ផ្ទាល់។ យើង​ស្តាប់​សំណូមពរ​គាត់ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង គឺ​គាត់​អត់​មក​ចូលរួម​ការ​ផ្សព្វផ្សាយ»

ទាក់ទិន​ករណី​នេះ​ដែរ អតីត​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ហៅ​វិធានការ​ជួប​ពិភាក្សា​របស់​ក្រុម​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ ថា​ធ្វើ​ឡើង​មិន​ស្រប​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​សំណូមពរ​ឲ្យ​ក្រុម​ការងារ ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ កុំ​ដាក់​គំនាប​លើ​ពលរដ្ឋ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ទទួល​យក​សំណង​ផល​ប៉ះពាល់។ លើស​ពី​នេះ ប្រសិន​អ្នក​ភូមិ​នៅ​តែ​បដិសេធ​វិធានការ​កាត់​បន្ថយ​កម្ពស់​ទំនប់ គឺ​ជា​វិធី​កាត់​បន្ថយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​ការ​សាងសង់​ទំនប់​អាច​សម្រេច​បាន​តាម​ការ​គ្រោង​ទុក៖ «គាត់​មក​ម្តងៗ​គាត់​តែង​តែ​ជំរុញ​ឲ្យ​សហគមន៍​ទទួល​យក​សំណង​ដែល​សហគមន៍​មិន​ព្រម។ ហេតុ​នេះ គេ​តែង​តែ​ដើរ​ចេញ ព្រោះ​ខាង​គណៈកម្មការ​គាត់​ប្រកាន់​យក​ជំហរ ខាង​គណៈកម្មការ​មិន​ព្រម​បើក​កិច្ច​ពិភាក្សា​រក​ចំណុច​កណ្ដាល»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​ខេត្ត​ប្ដេជ្ញា​ថា​នឹង​យក​ចិត្ត​ទុក​ដាក់​ធានា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រស់នៅ​ក្នុង​ខេត្ត​នេះ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ចំណែក​រក​ដំណោះស្រាយ​ដោយ​ផ្តល់​ជម្រើស​នានា​នៃ​ការ​ផ្តល់​សំណង​ផល​ប៉ះពាល់​ដល់​សហគមន៍៕ SR

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។