អ្នក​ដឹក​ផ្លែ​ឈើ​ពី​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង​ចោទ​មន្ត្រី​គយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ប្រជាពលរដ្ឋ​រក​ស៊ី​ដឹក​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​គយ​ប៉ុស្តិ៍​អូរដា ស្រុក​នេះ ថា​យក​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ទំនិញ​ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ​បង់​ពន្ធ​ត្រឹមត្រូវ។ ប្រធាន​ការិយាល័យ​ច្រក​ដូង បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​កំរៀង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​មន្ត្រី​គយ​ប៉ុស្តិ៍​អូរដា ដែល​គាប​សង្កត់​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ។

អ្នក​រក​ស៊ី​ដឹក​ផ្លែ​ឈើ​នៅ​ឃុំ​អូរដា ស្រុក​កំរៀង គឺ​លោកស្រី ឡុច វុទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មីនា ថា មន្ត្រី​គយ​ប្រចាំ​ការ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ភូមិ​អូរដា ចំណុះ​ឲ្យ​ច្រក​អន្តរជាតិ​ដូង កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ មីនា កន្លង​ទៅ បាន​បង្ខំ​ឲ្យ​លោកស្រី​បង់​ពន្ធ​ថ្លៃ​ដឹក​ផ្លែ​ឈើ​ប្រមាណ ២​តោន​យក​ប្រាក់ ១៨​ម៉ឺន​រៀល ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ​នោះ​ទេ។ លោកស្រី​អះអាង​ថា កន្លង​មក​អ្នក​រក​ស៊ី​ដឹក​ទំនិញ​ជាច្រើន តែង​ត្អូញត្អែរ​ជួប​ការ​លំបាក ដោយ​មន្ត្រី​គយ​យក​ប្រាក់​ច្រើន ហើយ​គ្មាន​វិក្កយបត្រ​នេះ​ដូច​គ្នា តែ​ពុំ​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន៖ «មន្ត្រី​គយ​ទារ​ប្រាក់​តាម​អំពើ​ចិត្ត​អ៊ីចឹង ដូចជា​គាប​សង្កត់​ប្រជាពលរដ្ឋ​ពេក​ហើយ។ ម្យ៉ាង​ទៀត យើង​រក​មិន​បាន​ប្រាក់​ចំណេញ​ចិញ្ចឹម​គ្រួសារ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ដូង លោក ឆាយ បូ មាន​ប្រសាសន៍​ថា កន្លង​មក មន្ត្រី​គយ​តែង​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​បំពេញ​ការងារ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​សង្គម​ជាតិ​ជានិច្ច។ លោក​អះអាង​ថា មន្ត្រី​គយ​ក៏​ពុំ​បាន​យក​ប្រាក់​ពី​អ្នក​ដឹក​ទំនិញ​ណា​ម្នាក់ ដែល​ពុំ​មាន​វិក្កយបត្រ​ឲ្យ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «អូ! កុំ​ទៅ​ជឿ​គាត់​នោះ វា​មិន​ដែល​ពី​ណា​គេ​យក​លុយ​តាម​អំពើ​ចិត្ត​នោះ​ទេ។ បើ​យើង​ធ្វើ​ដូច​ប្រជាពលរដ្ឋ​និយាយ​មែន​នោះ យើង​រក​ប្រាក់​ចំណូល​ជូន​រដ្ឋ​មិន​បាន​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​ទាំងឡាយ​ណា​ដែល​យក​ប្រាក់​បង់​ពន្ធ​ពី​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នោះ​ជា​បន្ទាន់។ លោក​ថា បញ្ហា​នេះ​បើ​មិន​ចាត់​វិធានការ​ទេ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «យើង​កុំ​យក​លេស​ថា​អ្នក​ឯង​ខំ​ធ្វើ​ការ​ដើម្បី​ប្រទេស​ជាតិ មិន​ត្រូវ​ទេ ពីព្រោះ​មន្ត្រី​គយ​មាន​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​ក៏​ពុំ​មែន​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​មក​ប្រើប្រាស់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ»

ប្រធាន​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ដូង ឲ្យ​ដឹង​ថា ពន្ធ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រក​នេះ កើន​ឡើង​ជាង ១០០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ចំណូល​ពន្ធ​គិត​ជា​ប្រាក់​ជាង ៤​ពាន់​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ខែ​មីនា ជាង ៦​ពាន់​លាន​រៀល ឬ​ប្រមាណ ១​លាន ៥​សែន​ដុល្លារ។ រីឯ​ទំនិញ​នាំ​ចូល​សំខាន់​តាម​ច្រក​នេះ គឺ​គ្រឿង​សំណង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។