ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រោង​នាំ​ចេញ​ផ្លែ​ស្វាយ​កែវ​រមៀត​ជាង​២០០​តោន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប

ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ចាត់​ទុក​ដំណាំ​ស្វាយ​ជា​ប្រភេទ​ដំណាំ​ដែល​ប្រជា​កសិករ​កម្ពុជា និយម​ដាំ​ដុះ​ច្រើន បើ​ធៀប​នឹង​ដំណាំ​ដទៃ ប៉ុន្តែ​កន្លង​មក ទីផ្សារ​ផ្លែ​ស្វាយ​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ផ្លែ​ស្វាយ​កែវ​រមៀត ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ជាង ២០០​តោន​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។

អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និង​ជា​ប្រធាន​ក្រុម​ការងារ​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម​ផ្នែក​ឯកជន លោក ម៉ុង ឬទ្ធី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ថា កន្លង​មក ក្រុមហ៊ុន​លោក​នាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​ទីផ្សារ​ប្រទេស​ចិន ច្រើន​ជាង​គេ។ លោក​អះអាង​ថា បរិមាណ​ស្វាយ​ជាង ២០០​តោន​នេះ ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​កំពង់ស្ពឺ កំពត និង​កណ្ដាល ដែល​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទីផ្សារ៖ «តាម​យន្តហោះ​ចឹង​យើង​នាំ​ចេញ​មិន​ទាន់​បាន​ច្រើន​នៅ​ឡើយ​ទេ ប្រហែល​ជាង ២០០​តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ ដែល​ជំហាន​ដំបូង ខ្ញុំ​នាំ​ចេញ​តែ​ស្វាយ​កែវ​រមៀត នៅ​ឡើយ ហើយ​ជំហាន​ក្រោយ យើង​នាំ​ចេញ​ស្វាយ​ពីរ​ប្រភេទ គឺ​ស្វាយ​អាយវ៉ែន និង​ស្វាយ​ប៉ោម អូស្ត្រាលី ទៅ ហើយ​បើ​ប្រភព​ស្វាយ​យើង​ប្រមូល​តិច​ពី​ស្រុក​ភ្នំស្រួច ក្នុង​ខេត្ត​កំពង់ស្ពឺ កំពត អ្នក​ដាំ​តាម​ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ជាដើម យក​ពី​ប្រភព​ដែល​ខ្វះ​ទីផ្សារ»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា មាន​ផ្ទៃដី​ផលិត​ស្វាយ​ប្រមាណ​ជាង ៦​ម៉ឺន ៥​ពាន់​ហិកតារ (៦៥.២៥១​ហិកតារ) នៅ​ទូទាំង​ប្រទេស។ ជាង​នេះ​ទៀត កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ ក្រសួង​កសិកម្ម បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​រដ្ឋាភិបាល​កូរ៉េ លើ​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ ដើម្បី​ពង្រីក​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់​តែ​ទូលាយ។

លោក ម៉ុង ឬទ្ធី ក៏​អះអាង​ថា ចំនួន​នាំ​ចេញ​នេះ​នៅ​តែ​តិចតួច​នៅ​ឡើយ ដោយសារ​ក្រុមហ៊ុន​លោក ខ្វះ​យន្តហោះ​ផ្ទាល់​ខ្លួន​ដើម្បី​ដឹក​ជញ្ជូន ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ក្រៅ​ពី​ពង្រីក​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​ទីផ្សារ​អឺរ៉ុប ក្រុមហ៊ុន​លោក ក៏​ប្ដេជ្ញា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។