អ្នក​ភូមិ​នៅ​តាម​ដង​ទន្លេ​មេគង្គ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ព័ត៌មាន​មុន​ពេល​បើក​បង្ហូរ​ទឹក​ពី​ចិន

ការ​បើក​បង្ហូរទឹក​ពី​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​ចិន ធ្វើ​ឲ្យ​ចរន្តទឹក​ឡើង​ខុស​ប្រក្រតី​ចាប់ពី​សប្ដាហ៍​មុន​រហូត​បច្ចុប្បន្ន ធ្វើ​ឲ្យ​កសិករ​ដាំ​ដំណាំ​តាម​ដង​ទន្លេ​ជួប​ផលវិបាក។ អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​ព័ត៌មាន​គ្រប់គ្រាន់​មុន​ពេល​បើក​បង្ហូរ​ទឹក​ពី​តំបន់​ខ្សែ​ទឹក​​ខាង​លើ ដើម្បី​កសិករ​ត្រៀម​ខ្លួន​ការពារ​ផលវិបាក ខណៈ​ទឹក​ឡើង​ខុស​ធម្មតា។

​ទឹក​ទន្លេ​មេគង្គ​ចាប់​ពី​ព្រំដែន​ប្រទេស​ឡាវ​ រហូត​មក​ដល់​ខេត្ត​ស្ទឹងត្រែង ​ឡើង​កម្ពស់​ជិត​បី​តឹក នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​នេះ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា។

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ លោក ហយ វណ្ណា ត្អូញត្អែរ​ថា ទឹក​ឡើង​ខុស​រដូវ​នេះ​ធ្វើ​ឲ្យ​កសិករ​មិន​អាច​ត្រៀម​ខ្លួន​មុន​ក្នុង​ការ​ដាំដុះ ហេតុ​នេះ​ដំណាំ​មួយ​ចំនួន​របស់​អ្នក​ភូមិ​ត្រូវ​ទឹក​លិច​រលួយ​ខូច។

លោក​ថា ប្រសិន​អ្នក​ភូមិ​បាន​ទទួល​ព័ត៌មាន​មុន​ទាក់ទិន​ទឹក​ឡើង​ខុស​រដូវ​នេះ កសិករ​នឹង​សម្រេច​ចិត្ត​ផ្អាក​ការ​ដាំដុះ ឬ​ប្រមូល​ផល​ដំណាំ​ដែល​នៅ​ជាប់​មាត់​ទន្លេ​ចៀសវាង​ការ​ខាតបង់៖ «យើង​ជូន​ដំណឹង​ដល់​ពលរដ្ឋ​មុន​យើង​នឹង​អាច​ដឹង​ថា ទឹក​លិច​កម្រិត​នេះ យើង​មាន​ការ​ប្រុងប្រយ័ត្ន។ អ្វី​ដែល​យើង​ដឹង​ដំណឹង​មុន​វា​នឹង​កាត់​បន្ថយ​ការ​ប៉ះពាល់»

​ប្រទេស​ចិន បាន​ជូន​ដំណឹង​ថា នឹង​បង្ហូរទឹក​នៃ​ទំនប់​វារីអគ្គិសនី ជីង ហុង (Jing Hong) ក្នុង​បរិមាណ ២​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា។ ចំណែក​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​អះអាង​ថា មិន​បាន​ទទួល​ព័ត៌មាន​ទាក់ទិន​ការ​​បើក​ទឹក​នោះ​ទេ។

ទាក់ទិន​ករណី​ខាង​លើ​នេះ ប្រធាន​មន្ទីរ​ឧតុនិយម​និង​ជលសាស្ត្រ​ខេត្ត​ស្ទឹងត្រែង លោក ប៉ាង ប៉េង កត់សំគាល់​ថា បរិមាណ​ទឹក​ដែល​ចិន បង្ហូរ​ពី​តំបន់​មេគង្គ​លើ​មក​នេះ​មាន​បរិមាណ​តិចតួច។ រី​ឯ​កម្ពស់​ទឹក​ក៏​មិន​ឡើង​ច្រើន​បង្ក​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ។ លើស​ពី​នេះ កម្រិត​ទឹក​នៅ​ប្រទេស​ឡាវ ខ្សែទឹក​ខាង​លើ​ក៏​ឡើង​តិចតួច ហេតុនេះ​ការ​ព្យាករ​​ទឹក​​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង នឹង​ស្រក​វិញ​នា​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ។

លោក​បន្ត​ថា អាជ្ញាធរ​នឹង​​ធ្វើការ​ជូន​ដំណឹង​ជា​មុន ប្រសិន​ការ​បង្ហូរ​ទឹក​ណា​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ផលវិបាក​ធ្ងន់ធ្ងរ​​ដល់​ពលរដ្ឋ៖ «៦​ថ្ងៃ​វា​ឡើង​បាន ២,៤​តឹក។ ចង់​និយាយ​ថា មួយ​ថ្ងៃ​វា​ឡើង​បាន​មួយ​ថ្នាំងដៃ វា​តិច​ពេក ហើយ​នៅ​ប៉ាក់សេ ចាប់​ពី​ថ្ងៃ​ទី​២​ទៅ​វា​ស្រក​វិញ។ នៅ​សុវណ្ណ (ខេត្ត) ទឹក​ឡើង ៥​ហ៊ុន ៦​ថ្ងៃ»

​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​ស្វាគមន៍​ចំពោះ​ប្រទេស​ចិន ដែល​សម្រេច​បើក​បង្ហូរ​ទឹក​ជា​បន្ទាន់​មក​ទន្លេ​មេគង្គ​ក្រោម និង​ចាត់​ទុក​ថា ជា​លើក​ដំបូង​ដែល​ប្រទេស​នេះ​សហការ​ល្អ​ដើម្បី​សម្រួល​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម សម្រាប់​ប្រទេស​នៃ​តំបន់​មេគង្គ​ក្រោម។

អ្នក​ឃ្លាំមើល​បរិស្ថាន និង​ជា​អតីតមន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេបី លោក មៀច មាន កត់សំគាល់​​​ដែរ​ថា ប្រទេស​កម្ពុជា មិន​មាន​ផលប្រយោជន៍​ច្រើន​ទាក់ទិន​ការ​បង្ហូរ​ទឹក​នេះ​ទេ ពីព្រោះ​ប្រទេស​​​កម្ពុជា មិន​ទាន់​មាន​តម្រូវការ​ទឹក​ទន្លេ​មេគង្គ​សម្រាប់​ផ្គត់ផ្គង់​វិស័យ​វារីអគ្គិសនី​នៅ​ឡើយ។

លោក​បន្ត​ថា ការ​បង្ហូរ​ទឹក​ពី​ប្រទេស​ចិន បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​តិចតួច និង​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ឡើង​ខុស​ប្រក្រតី បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​បន្លាស់​ទី​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​ផ្ដល់​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ដើម្បី​ត្រៀមខ្លួន​បញ្ចៀស​ផល​ប៉ះពាល់៖ «ជា​រឿង​ថ្មី​អត់​ដែល​មាន​នៅ​ប្រទេស​កម្ពុជា យើង​ទេ គួរ​តែ​មាន​ការ​ជូន​ដំណឹង​ឲ្យ​ច្បាស់លាស់។ សហគមន៍​យើង​ចាំបាច់​ត្រូវការ​ត្រៀម​ខ្លួន យ៉ាង​ហោច​ណាស់​ប្រមូល​ដំណាំ​ឲ្យ​អស់ ឬ​ក៏​ត្រៀម​កុំ​ឲ្យ​គាត់​ចេញ​ទៅ​ដេក​តាម​កោះ​នេសាទ​នេះ​ជា​លក្ខណៈ​បង្ការ»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ អះអាង​រួច​ហើយ​ថា ការ​បង្ហូរ​ទឹក​ជា​បន្ទាន់​ពី​ទំនប់​វារីអគ្គិសនី ជីង ហុង ប្រទេស​ចិន មិន​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​កម្ពុជា នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។