ស្ត្រី​ចិនបង្កគ្រោះថ្នាក់ចរាចរណ៍ បុរសខ្មែរ​សម្ញែងប្ញកការពារ​

រាជ​ធានី​​ភ្នំពេញ ៖ ស្ត្រី​​​ចិន​​ម្នាក់បាន​​​បើករថយន្ត​បញ្ច្រាសទិស​ដៅ​​ចរាចរណ៍​​ បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ជ្រុលទៅ​បុក​ម៉ូតូ​មួយ​​គ្រឿង​គាប​​ជាប់​ក្រោម​​រថយន្ត បណ្តាល​ឱ្យនារីម្នាក់​ជា​​​​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ​កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់ថ្ងៃទី​២៩ មីនា ២០១៦ ស្ថិត​នៅ​តាម​​​បណ្តោយ​ផ្លូវ​សហព័ន្ធរុ​ស្ស៊ី ​​ក្នុ​ង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​បាន​ធ្វើការ​វាស់វែង​​បាន​មួយសន្ទុះ ​ស្រាប់តែ​​​មាន​បុរស​​ខ្មែរ​ម្នាក់​​ជា​អ្នកបកប្រែ​ភាសា​ឱ្យស្ត្រីចិននោះ ​បាន​មក​រារាំង​សមត្ថកិច្ច​មិនឱ្យ​ធ្វើការ​វាស់វែង​ និងយក​ម៉ូតូ​និង​រថយន្ត​បង្ក​ទៅ​ដោះស្រាយ​ទេ ព្រម​ទាំ​ង​បង្កជម្លោះ​ជាមួយ​ប្រជា​ពលរ​ដ្ឋ​​ដែល​ចោមរោម​​មើល​​​ទៀត​ផង ។ ទាល់តែ​មាន​អ្នក​សារ​ព័ត៌​មាន​ចុះ​​ទៅ​ថត​ព្រោងព្រាត ​ទើប​ព្រមឱ្យ​សមត្ថ​កិច្ច​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​ដោះស្រាយ​ ។ 

តាម​ប្រភព​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាកស្គូ​​ពី​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​កណ្តាល 1P-4964 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ិ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​​កើតហេតុ ក៏​មាន​រថយន្ត Lexus RX330 ព​ណ៌.​ស ពាក់​​ស្លាក​លេខ​ភ្នំពេញ 2AI-2628 ដែល​បើក​ដោយស្ត្រីចិន​ម្នាក់​ចេញពី​ផ្លូវលំ ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឡើង​មក​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​(បើក​​ប​ញ្ច្រាសទិស​) ហើយ​បំរុង​បើក​ឆ្លងផ្លូវ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូស្គូពី​អូស​​គាប​ជាប់​ម៉ូតូ​នៅ​ក្រោម​កាង​រថយន្ត​តែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត