អាហារ​ដែល​គួ​រញ៉ាំ ពេល​ឈានដល់​ត្រីមាស​ទី ៣ នៃ​ការ​មាន​ផ្ទៃពោះ

អាហារ​ដែល​គួ​រញ៉ាំ ពេល​ឈានដល់​ត្រីមាស​ទី ៣ នៃ​ការ​មាន​ផ្ទៃពោះ

​ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រុងប្រយ័ត្ន​ជាទីបំផុត មិន​ថា​ការរស់នៅ ការ​ហាត់ប្រាណ ឬ​ចំណីអាហារ​ឡើយ​។ អាហារ​ដែល​ម្តាយ​ទទួលទាន អាច​ជះឥទ្ធិពល​ទៅលើ សុខភាព​របស់​ទារក​បាន​។

​យ៉ាងណាមិញ អំឡុង​ពេល​ត្រីមាស​ចុងក្រោយ ប្រាកដជា​មាន​ការផ្លាស់​ប្តូរ​ច្រើនណាស់ ទាំង​ស្ត្រី​ជា​ម្តាយ និង​ទារក​។ ទារក​ចាប់ផ្តើម​បង្ហាញ ការលូតលាស់​យ៉ាង​លឿន ក្នុងដំណាក់កាល​នេះ​។ ទារក​ចាប់ផ្តើម ការលូតលាស់​បេះដូង តម្រង​នោម ភ្នែក និង​ប្រដាប់​ភេទ ... ក្នុង​ត្រីមាស​ទី​បី​។ ដូច្នេះ ចំណីអាហារ ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ទារក ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។

​យ៉ាងណាមិញ អ្នក​គួរ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ពីព្រោះ មាន​អាហារ​មួយចំនួន ដែល​អ្នកគួ​រញ៉ាំ​ឲ្យបាន​ច្រើន ហើយក៏​មាន​អាហារ​មួយចំនួន ដែល​អ្នក​គួរ​ចៀសវាង​ដែរ​។

​ខាងក្រោម​នេះ គឺជា​របប​អាហារ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ទទួល​ទាន អំឡុង​ពេល​ត្រីមាស​ទី​បី ៖

​អាហារ​សម្បូរ​វីតាមីន B6
​ការ​ក្អួតចង្អោរ ឬ​ការ​ចាញ់​កូន ប្រហែល​ជា​បាត់​អស់​ហើយ ដូច្នេះ អ្នក​ក៏​ប្រហែលជា​អាច ញ៉ាំ​អាហារ​បាន​ច្រើន​ដែរ​។ ចូរ​បន្ថែម​អាហារ ដែល​សម្បូរ​វីតាមីន B6 ដូចជា ផ្លែឈើ ស៊ុត បន្លែ​ពណ៌​បៃតង និង​ដំឡូងបារាំង​។​

​ផ្លែឈើ​ស្រស់​
​ផ្លែឈើ​ស្រស់ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​សារធាតុចិញ្ចឹម ដែល​ចាំបាច់​បំផុត សម្រាប់​ការលូតលាស់​របស់​កូន ពីព្រោះ វា​ជា​ប្រភព​នៃ​ជាតិ​ទឹក ជាតិ​ស្ករ​ធម្មជាតិ ជាតិ​សរសៃ និង​អង់​ទី​អុក​ស៊ីដង់​។ អ្នក​គួរតែ​ញ៉ាំ​ផ្លែឈើ ឲ្យបាន​ពីរ​មុខ ជា​រៀងរាល់ថ្ងៃ​។​

​កាបូ​អ៊ី​ដ្រាត​
​កាបូ​អ៊ី​ដ្រាត មាន​នៅក្នុង​នំប៉័ង បាយ និង​ដំឡូងបារាំង ដែល​វា​អាច​បង្កើន​ថាមពល សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​សម្រន់ ដែល​មាន​កាបូ​អ៊ី​ដ្រាត​ខ្ពស់ អាច​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ការ​ធាត់​លើស​ទម្ងន់​។​

​ជាតិ​ដែក និង​ហ្វូ​ឡា​ត​
​សារធាតុ​ទាំងពីរ​នេះ ពិតជា​មិន​អាច​ខ្វះ​បាន​ឡើយ ជាពិសេស សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ សារធាតុ​ទាំងនេះ ជា​ភ្នាក់ងារ​ចាំបាច់ សម្រាប់​ការលូតលាស់ និង​អភិវឌ្ឍ​របស់​ទារក​។ គ្រាប់​ធញ្ញជាតិ ប្រូ​ខូលី ស៊ុត និង​បន្លែ​ពណ៌​បៃតង ជា​ប្រភព​ដ៏​អស្ចារ្យ នៃ​ជាតិ​ដែក និង​ហ្វូ​ឡា​ត​។​

ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
​របស់​ទាំងពីរ​នេះ ក៏​មាន​សារៈសំខាន់ សម្រាប់​ម្តាយ និង​ទារក​ដែរ​។ ទារក​ត្រូវការ​កាល់ស្យូម និង​សារធាតុ​រ៉ែ ដែល​មាន​នៅក្នុង​ទឹកដោះគោ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។