មេ​គយ​ស្រុក​ខ្មែរ​ចុះ​សួរសុខទុក្ខ​កងទ័ព​នៅ​សៀមរាប

នា​ថ្ងៃ​ទី​៣១ មីនា ២០១៦ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​គយ និង​រដ្ឋាករ ចុះ​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងទ័ព​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២ ដែល​កំពុង​ឈរជើង​នៅ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​លោក​ឧត្តមសេនីយ៍ឯក កែវ ធី នាយ​រង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ លោក​បណ្ឌិត គុណ ញឹ​ម បាន​សម្ដែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២ ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ឧត្តុ​ង​ឧត្តម​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​រដ្ឋធម្មនុញ្ញ និង​ការពា​រាជរដ្ឋាភិបាល និង​ប្រជាជន ។ លោក​បាន​លើក​ឡើង​ពី​សុខ​សន្តិភាព ដែល​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ហើយ​សុខ​សន្តិភាព​ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃនេះ គឺ​បាន​មក​ដោយសារ​ការ​តស៊ូ​ស្វិតស្វាញ និង​ការ​លះបង់​យ៉ាង​ធំធេង​របស់​កងទ័ព​យើង ។ លោក​ក៏​បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទោះបីជា​សម្តេច​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ការងារ​ដឹកនាំ​ប្រទេស​ជាតិ​យ៉ាងណា​ក៏​ដោយ ក៏​មនោសញ្ចេតនា​ស្រឡាញ់ និង​ការ​គិតគូរ​របស់​សម្តេច​តែងតែ​នៅ​ផ្សារ​ភ្ជាប់​ជាមួយ​បងប្អូន​កងទ័ព​យើង​គ្រប់ពេលវេលា ពីព្រោះ​សម្ដេច​តេ​ជោ គឺជា​ឥស្សរៈជន​នយោបាយ​ធ្លាប់​ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​ជា​ច្រើន ដូច្នេះ​សម្ដេច​ដឹង​ច្បាស់​ណាស់​ពី​សេចក្ដីសុខ និង​ទុក្ខ​របស់​កងទ័ព និង​ជា​ពិសេស​គឺ​តម្លៃ​នៃ​សន្តិភាព ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃនេះ ។

លោក​អគ្គនាយក​ក៏​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​ដល់​នាយទាហាន នាយ​ទាហានរង និង​ពល​ទាហាន​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២ ជា​គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និង​ប្រេងម៉ាស៊ូត ព្រមទាំង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។ នៅ​ចុងបញ្ចប់​នៃ​អង្គ​ពី​ធី​លោក​បណ្ឌិត គុណ ញឹ​ម អម​ដោយ​សហការី ក៏​បាន​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​បណ្ណាល័យ​មួយ​ខ្នង​មាន​ទំហំ 12​ម៉ែត្រ​x 8​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជូន​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២ សម្រាប់​ប្រើប្រាស់ ៕