រថយន្ត​យី​ឌុ​ប​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត

ខេត្តតាកែវ ៖ ដោយ​មើលឃើញ​ពី​សកម្មភាព​ដឹក​ជញ្ជូន​តាម​រថយន្ត​​យី​ឌុ​ប​តែងតែ​ដឹក​ទំនិញ​លើស​តោន​មិន​ឈប់​មិន​ឈរ​រហូត​បំផ្លាញ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​ជា​បន្តបន្ទាប់​នោះ លោក​ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​បញ្ជា​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត យក​ជញ្ជីង​មក​ថ្លឹង​ឡាន​យី​ឌុ​ប​ចំនួន​២​គ្រឿង​ដែល​ដឹក​ស៊ីម៉ង់ត៍​លើស​តោន​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ខេត្ត​យក​មក​ពិន័យ​ទៅ​តាម​ច្បាប់​រដ្ឋ​បាន​កំណត់ ។

លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​ក្រុម​ជញ្ជីង​ចាប់​ឡាន​ដឹក​ស៊ីម៉ង់ត៍​លើស​តោនទាំង​២​គ្រឿង​​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១២៩A ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨ លេខ​១៩ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​អង្គ​ត្រពាំង ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ។

លោក សួន សុទ្ធា ប្រធាន​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​លោក​បាន​ទទួលស្គាល់​ហើយ​ថា​មាន​រថយន្ត​ដឹង​ទំនិញ​លើស​តោន​កំពុង​តែ​បំផ្លាញ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ពិសេស​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ និង​រថយន្ត​ដឹកស្រូវ ហើយ​រយៈពេល​ជាង​១​ខែ​មកនេះ​ក្រុមចម្រុះ​មាន​ក្រសួង មន្ទីរ ប៉ូលិស ប៉េ​អឹ​ម ត្រូវ​ក្រសួង​សាធារណៈការ​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់ តែ​រថយន្ត​ទាំងនោះ​បាន​បើក​វៀង​មិន​ឆ្លងកាត់​កន្លែង​របស់​លោក​ឡើយ មាន​តែ​ឡាន​ដឹក​ដែក​តែ​ប៉ុណ្ណោះ​បើក​ឆ្លងកាត់​ទីនោះ ។

លោក សួន សុទ្ធា បាន​បន្ត​ទៀត​ថា ចំពោះ​ឡាន​ដឹក​ស៊ីម៉ង់ត៍​២​គ្រឿង​ដែល​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​ចាប់​នោះ​គឺ​ដឹក​ស៊ីម៉ង់ត៍​ចេញពី​ក្នុង​ខេត្ត​មក​ដាក់​ឲ្យ​ម៉ូយ​នៅ​ស្រុក​ព្រៃកប្បាស មាន​រថយន្ត​យី​ឌុ​ប​ពាក់​ស្លាក​លេខ តាកែវ 3A-1616 ជា​របស់​ឈ្មោះ ងឹល សុ​វ​ណ្ណា​រ៉ា ហៅ​តុល ដឹក​លើស​១១​តោន និង​រថយន្ត​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ កោះកុង 3A-0028 ជា​របស់​ឈ្មោះ​សុខ ដឹក​លើស​៦​តោន ។ រថយន្ត​ទាំង​២​គ្រឿង​នេះ​តែងតែ​ដឹក​ស៊ីម៉ង់ត៍​លើស​តោន​បែប​នេះ​ស្ទើរ​រាល់ថ្ងៃ ដោយ​មិន​ខ្វល់​ខ្លាច​ផ្លូវ​ខូចខាត​នោះ​ឡើយ ។

លោក​ប្រធាន​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​ខេត្តតាកែវ​បញ្ជាក់​ថា ក្រោយ​ពី​ថ្លឹង​រួច​យើង​បាន​ធ្វើការ​ផាកពិន័យ​ទៅ​លើ​រថយន្ត​យី​ឌុ​ប​ទាំង​២​គ្រឿង​បាន​ថវិការ​ចំនួន​៥​លាន​៥០​ម៉ឺន​រៀល និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត​ផង​ដែរ ៕