ក្រុម U16 កម្ពុជា បន្ដចាញ់ក្រុម U-16 PVF ៤-១ ក្នុងការប្រកួតទី៣ របស់ខ្លួន

ភ្នំពេញ៖ ក្រោយប្រកួតចាញ់ក្រុម Kamatamare Sanuki FC របស់ម្ចាស់ផ្ទះជប៉ុន ដោយលទ្ធផល ៤-១ កាលពីព្រឹកមិញរួចមក នៅមុននេះបន្ដិច ក្រុមជម្រើសជាតិ យុវជន អាយុក្រោម ១៦ឆ្នាំកម្ពុជា(U-16) បានបន្ដប្រកួតចាញ់ ក្រុមយុវជន U-16 PVF របស់វៀតណាម ដោយលទ្ធផល ៤-១ បន្ដទៀត ។ នេះបើយោងតាមការ ឲ្យដឹងពីមន្ដ្រីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ។

ការរបូតអស់ ៦ពិន្ទុក្នុងថ្ងៃតែមួយរបស់ក្រុម U-16កម្ពុជានេះ គឺស្ថិតក្នុងការប្រកួតសន្សំ ពិន្ទុក្នុងពូលC នៃពានរង្វាន់ J.League U16 Challenge 2016 ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ។ ការបរាជ័យ ២ប្រកួតជាប់គ្នានេះដែរ បានធ្វើឲ្យក្រុម U-16កម្ពុជា ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងផុត ៣ប្រកួតឈ្នះ១ និងចាញ់២ ខណៈកាលពីម្សិលមិញ ក្រុម U-16កម្ពុជា យកឈ្នះក្រុម Kagoshima United របស់ជប៉ុន ដោយលទ្ធផល ២-០នោះ ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ J.League U16 Challenge 2016 ក្រុម U-16កម្ពុជា គឺស្ថិតក្នុងពូលC ជាមួយក្រុមម្ចាស់ផ្ទះជប៉ុន ៤ក្រុម រួមមានក្រុម Kagoshima United, Kamatamare Sanuki, Roasso Kumamoto និងក្រុម Avispa Fukuoka រួមទាំងក្រុមយុវជន នៃក្លឹប PVF របស់វៀតណាម ១ក្រុមផងដែរ ។ ដូច្នេះក្រុម U-16កម្ពុជា គឺនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុម Roasso Kumamoto និងក្រុម Avispa Fukuoka នៅថ្ងៃស្អែក ៕

ក្រុម U16 កម្ពុជា បន្ដចាញ់ក្រុម U-16 PVF ៤-១ ក្នុងការប្រកួតទី៣ របស់ខ្លួន