ចង់ឲ្យកូនឆ្លាត សាកវិធីសាស្ត្រទាំង ៩ នេះទៅ ធានាថា ឆ្លាតតែម្តង

ការលូតលាស់ និងបញ្ញាស្មារតីរបស់ក្មេងៗ កើតចេញពីបទពិសោធន៍ ដែលគេបានឆ្លងកាត់ ក្រៅពីនេះ គេនឹងរៀនចេះដឹង តាមរយៈលំហាត់ប្រាណខួរក្បាល ដូចជា ការមើលឃើញ ការស្តាប់លឺ ការប៉ះពាល់ ការភ្លក់ និងហឹតក្លិនជាដើម។ វិញាណទាំង ៥ នេះហើយ ដែលរំញោចទៅកាន់ កោសិកាខួរក្បាល ហើយបង្កើតជាទំនាក់ទំនង បន្តបន្ទាប់គ្នា រាប់ម៉ឺនលានទៀត។

ដូច្នេះ ទំនាក់ទំនងកាន់តែច្រើន កូនអ្នកកាន់តែឆ្លាត។

១. ប្រាស្រ័យទាក់ទងជាមួយកូន
កូនក្មេង ដែលមានឪពុកម្តាយ រវល់នឹងការងារ គ្មានពេលនៅជាមួយកូន ភាគច្រើន មិនសូវឆ្លាត ហើយស្ទក់ និងខ្លាចអ្នកដ៏ទៃ។ ដូច្នេះ បើចង់ឲ្យកូនឆ្លាត អ្នកត្រូវមានទំនាក់ទំនងល្អ ជាមួយកូន ដូចជា ការអោបកូន ការថើបកូន ការបង្រៀនកូន និងការលេងជាមួយកូន។ យ៉ាងណាមិញ អ្នកគួរនាំគេ ទៅលេងខាងក្រៅផ្ទះខ្លះ ដើម្បីឲ្យគេស្គាល់ និងដឹងអ្វីដែលថ្មីៗ។

២. និយាយជាមួយកូន
ចូរនិយាយជាមួយកូន ហើយស្តាប់ពីអ្វី ដែលគេបានលើកឡើង នោះអ្នកនឹងដឹងអំពី តម្រូវការ និងភាពឆ្លាតវៃ របស់កូនអ្នកហើយ។ អ្នកអាចអានសៀវភៅ ឬនិទានរឿងឲ្យគេស្តាប់ ហើយត្រឡប់ឲ្យគេ ធ្វើបែបនេះ ចំពោះអ្នកវិញម្តង។ ការអានសៀវភៅ ជាកត្តាចាំបាច់បំផុត ដើម្បីធ្វើឲ្យកូនអ្នកឆ្លាត។

៣. ឲ្យក្មេងស្គាល់អ្វីគ្រប់យ៉ាង ពិសេស ពិភពខាងក្រៅ
អ្នកមិនគួរឃុំខ្លួនឯង និងកូន នៅតែក្នុងផ្ទះទេ កូនក្មេង ត្រូវការភាពសប្បាយរីករាយ និងមើលពិភពខាងក្រៅ។

៤. ឲ្យកូនលេងឲ្យបានច្រើន
ពេលលេង ខួរក្បាលរបស់គេនឹងដើរ ហើយបង្កើតជាបទពិសោធន៍ផ្សេងៗ នៅក្នុងជីវិតរបស់គេ។ ល្បែងកំសាន្ត ជួយឲ្យគេអភិវឌ្ឍចំណេះដឹង ជំនាញ ការគិត អារម្មណ៍ និងទំនាក់ទំនងសង្គម ពីព្រោះ គេនឹងចេះចែករំលែក ហើយបង្កើតមិត្តភក្តិ ដោយខ្លួនគេផ្ទាល់។

ចង់ឲ្យកូនឆ្លាត សាកវិធីសាស្ត្រទាំង ៩ នេះទៅ ធានាថា ឆ្លាតតែម្តង

៥. ជំរុញឲ្យកូនហាត់ប្រាណ
លំហាត់ប្រាណ មិនត្រឹមតែធ្វើឲ្យ កូនរបស់អ្នក មានសុខភាពល្អ ហើយមាំមួននោះទេ ប៉ុន្តែ វាអាចជួយឲ្យកូនអ្នក ឆ្លាតផងដែរ។ ការហាត់ប្រាណ នឹងពង្រឹងចរន្តឈាមរត់ ទៅកាន់ខួរក្បាល ហើយបង្កើតកោសិកាថ្មី។ ដូច្នេះ វាជាការហាត់ពត់ លត់ដុំខួរក្បាល និងធ្វើឲ្យខួរក្បាល កូនរបស់អ្នករស់រវើក និងមានសុខភាពល្អ។

៦. តន្ត្រី ជារបស់ចាំបាច់ណាស់
ហេតុអ្វីសាលាឯកជនភាគច្រើន តែងតែដាក់កាលវិភាគ ឲ្យកុមារហាត់លេងតន្ត្រី? ជាការពិត តន្ត្រី អាចបង្កើនការចងចាំ ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងបន្ថយស្ត្រេស។

៧. ធ្វើជាគម្រូឲ្យកូន
កូនក្មេង ច្រើនតែរៀន តាមគម្រូ របស់ឪពុកម្តាយ ដូច្នេះ អ្នកត្រូវតែធ្វើជា តារាម៉ូដែល ឬនិមិត្តរូប (idol) របស់កូន។ បើគេឃើញអ្នកអានសៀវភៅ ច្បាស់ណាស់ គេនឹងមិនទៅមើលទូរទស្សន៍ ឬលេងហ្គែមឡើយ។

៨. ឲ្យកូនលេងហ្គែម ឬទូរស័ព្ទ
សម័យបច្ចេកវិទ្យា ពិតជាមានប្រយោជន៍ណាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ទូរស័ព្ទ ឬហ្គែម គឺសុទ្ធតែមានប្រយោជន៍ទាំងអស់ ឲ្យតែអ្នក ចេះគ្រប់គ្រងកូន ឲ្យបានល្អ។

៩. របបអាហារ ជាកត្តាចាំបាច់បំផុត
កូនរបស់អ្នក គ្មានថ្ងៃឆ្លាតនោះទេ បើគេចេះតែញ៉ាំបាយកក លាយទឹកត្រីនោះ ដូច្នេះ ចូរអ្នកផ្តល់អាហារ ដែលមានសារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ សម្រាប់កូនរបស់អ្នក៕

ចង់ឲ្យកូនឆ្លាត សាកវិធីសាស្ត្រទាំង ៩ នេះទៅ ធានាថា ឆ្លាតតែម្តង