ភីអិនអិន សម្រុកផលិតភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាង ១០០ម៉ោង ក្នុងឆ្នាំ២០១៦នេះ

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត PNN បានប្រកាសផលិតខ្សែភាពយន្តភាគក្នុងស្រុក ឲ្យបានច្រើនជាង ១០០ម៉ោង ចាប់ពីពេលនេះរហូតដល់ ដំណាច់ឆ្នាំ២០១៦។ 

ក្រោយពីយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់បញ្ចាំងខ្សែភាពយន្ត ក៏ដូចជាកម្មវិធីផលិតថ្មីជាច្រើនរបស់ ផ្នែកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ PNN បានបេ្តជ្ញាសម្រុកផលិតខ្សែភាពយន្តភាគក្នុងស្រុកថ្មីៗ ឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំនេះ ដោយគិតជាមធ្យម PNN ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ PNN លើកឡើងថា “ស្ថានីយទូរទស្សន៍ PNN កំពុងរៀបចំផលិតនូវខ្សែភាពយន្តភាគខ្មែរថ្មីៗ ចំនួនជាង ១០០ម៉ោង ជាប្រភេទរឿងខ្មែរសុទ្ធសាធ ដែលសាច់រឿងបែបមនោសញ្ចេតនា នាសម័យទំនើបនេះ ជាមួយនឹងភាពយន្តបុរាណ បែបប្រពៃណី និងរឿងកំប្លែងជាដើម។ មួយវិញទៀត PNN ក៏នឹងផលិតភាពយន្តភាគក្នុងស្រុក បង្ហាញពីសង្គមពិតក្នុងយុគសម័យទំនើបនេះផងដែរ”។
ភាពយន្តភាគរបស់ ស្ថានីយទូរទស្សន៍ PNN រំពឹងចាប់ផ្តើមចាក់ផ្សាយ អំឡុងពាក់កណ្តាលឆ្នាំ ២០១៦នេះតទៅ ជាមួយនឹងវត្តមានតារាសម្តែងថ្មីៗ ដើម្បីបង្ហាញពីការរីកចំរើន និងកំណើនតារាសម្តែងក្នុងប្រទេសកម្ពុជា ហើយក៏ជាផ្លូវដ៏ត្រចះត្រចង់សម្រាប់ពួកគេផងដែរ។

ភាពយន្តភាគទាំងនោះ នឹងបង្ហាញជូនលើកញ្ចក់ទូរទស្សន៍ PNN គឺជាផ្នែកមួយ ក្នុងការបង្ហាញពីវប្បធម៌ប្រពៃណី ក៏ដូចជាជីវិតក្នុងសម័យបច្ចុប្បន្ន។
ជាមួយភាពយន្តភាគមនោសញ្ចេតនាថ្មី រឿង សង្គ្រាមបេះដូង ស្ថានីយទូរទស្សន៍ PNN បានជ្រើសយកតារា សម្តែងមុខមាត់បែបខ្មែរ កញ្ញា ឡាយ សម្ជស្ស សម្ដែងជាតួឯកស្រីឈ្មោះ រ័ត្ន មានរូបសម្ផស្សស្រស់សោភា និងចិត្តស្មោះត្រង់ តែបែរជាវាសនាបង្ខំអោយនាងជ្រើសរើសបុរសខុសពីបេះដូងដែល នាងស្រលាញ់ ។
ដោយឡែកសម្រាប់ភាពយន្តពិសេសមួយ រឿង ភក្តីស្នេហ៍ទ្វេភព របស់ស្ថានីយទូរទស្សន៍ PNN ទើបតែចាប់ផ្តើមដំណើរផលិតរួចមក ហើយកាលពីពេលថ្មីៗ ដែលមានវត្តមានតារាដ៏ល្បីជាច្រើនក្នុងវិស័យភាពយន្តខ្មែរ ដូចជាលោក ទេព រិន្ទដារ៉ូ អ្នកស្រី ប៉ែន សុផានី លោក អ៊ុន សុទ្ធា និងកញ្ញា មឿន សុផានិត ជាដើម។ 

ភាពយន្តភាគថ្មីនេះ ក៏នឹងបង្ហាញជូននូវសាច់រឿងបែបបុរាណ លាយឡំ និងសម័យ ដែលសាច់រឿងចង់បង្ហាញពី ការតស៊ូរបស់គូស្នេហ៍មួយគូដ៏ ស្មោះស្ម័គ្រនឹងគ្នា និងការកែប្រែទស្សនៈ ចាស់បុរាណដែលមិនព្រមទទួលស្តាប់យោបល់របស់កូនៗ ជាមួយគ្នានេះដែរក៏បង្កប់នូវការអប់រំ ដែលតួចិត្តអាក្រក់ ល្មោភលន់ ប្រព្រឹត្តខុសច្បាប់ នឹងទទួលខុសទៅតាមច្បាប់ ។
PNN រំពឹងថា ភាពយន្តថ្មីនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ទស្សនិកជនរបស់ខ្លួន។
ស្ថានីយទូរទស្សន៍ PNN បានចំណាយទុនសរុបប្រមាណ ២០លានដុល្លារអាមេរិក ដើម្បីបង្កើតស្ទូឌីយ៉ូ និងបំពាក់បរិក្ខាទំនើបៗ។
ស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតមួយនេះ បានចាប់ផ្តើមផ្សាយជាផ្លូវការ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មកម៉្លេះ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload