Ramos ​ប្ដេជ្ញា​សង​សឹក​ Barca ក្រោយ​ត្រឡប់​ហ្វឹកហាត់​បាន​​វិញ

Sergio Ramos ​ប្រធាន​ក្រុម​ Real Madrid ​ដែល​រង​របួស​ខ្នង​​កាល​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ស្មើ ១-១ ទល់​នឹង​អ៊ីតាលី​សប្ដាហ៍​មុន​ បាន​ត្រឡប់​មក​ហ្វឹកហាត់​ពេញ​​ ​និង​សង្ឃឹម​ចូល​លេង​បាន​ដូច​ធម្មតា​វិញ​ហើយ ​ហើយ​​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ ​ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​សងសឹក​ក្រុម​ FC Barcelona នៅ​កីឡដ្ឋាន​ Nou Camp នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ទៀត​ផង។

 

Ramos ​ប្ដេជ្ញា​សង​សឹក​ Barca ក្រោយ​ត្រឡប់​ហ្វឹកហាត់​បាន​​វិញ

 

Ramos លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​មិត្តភាព​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ និង​បាន​ត្រឡប់​មក​​ទីក្រុង​ Madrid វិញ​យ៉ាង​ប្រញាប់ ​បន្ទាប់​ពី​របួស​ខ្នង។ យ៉ាង​ណា កីឡាករ​ដែល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​ម្សិល​មិញ​រូប​នេះ ​ហ្វឹកហាត់​បាន​​ខ្លះៗ កាល​​ពី​ថ្ងៃ​ទី​២៩ ខែ​មិនា មុន​ពេល​​អាច​ហ្វឹកហាត់​បាន​ពេញ​លេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិនា​​ម្សិល​មិញ ដើម្បី​ត្រៀម​​​ជួប​ក្រុម​គីឡូ​ធ្ងន់​ Barca នៅ​ថ្ងៃ​សៅរ៍​នេះ។

 

Real មិន​ដែល​ឈ្នះ​ Barca នៅ​ Nou Camp រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​​​កំពុង​នៅ​ក្រោម​​ក្រុម​អ្នក​មាន​បុណ្យ​​១០​ពិន្ទុ ក្នុង​តារាង​ La Liga ​បច្ចុប្បន្ន។ យ៉ាងណា ​ប្រធាន​ក្រុម​ស្ដេច​ស បាន​ប្រាប់​ដល់​​វិបសាយ​ក្លឹប​ម្សិល​មិញ​ថា ខ្លួន​នឹង​មិត្ត​រួម​ក្រុម បាន​ត្រៀម​កាណុង​រួច​អស់​ហើយ ដើម្បី​បាញ់​សងសឹក​ក្រុម​ Barca បន្ទាប់​ពី​ Real​ ចាញ់​ ៤-០ ​ក្នុង​ទឹកដី​ខ្លួន​ឯង​យ៉ាង​​អាម៉ាស់ កាល​ខែ​វិច្ឆិកា។

 

Ramos ​ប្ដេជ្ញា​សង​សឹក​ Barca ក្រោយ​ត្រឡប់​ហ្វឹកហាត់​បាន​​វិញ

 

“បន្ទាប់​ពី​ជួប​លទ្ធផល​ដ៏​អាក្រក់ កាល​ប្រកួត​ El Clasico លើក​ទី​១​រដូវ​កាល​នេះ…បាល់ទាត់​តែង​តែ​ផ្ដល់​ឲ្យ​អ្នក​ នូវ​ឱកាស​ដើម្បី​សង​សឹក​​វិញ។ ហើយ​ថ្ងៃ​សៅរ៍​នេះ យើង​មាន​ឱកាស​ ដើម្បី​លេង​ក្រៅ​ដី ទល់​នឹង​ក្រុម​​អស្ចារ្យ​ដូច​ជា Barcelona វិញ​ហើយ។ យើង​នឹង​លេង​ឲ្យ​​បាន​ល្អ ដើម្បី​យក​៣​ពិន្ទុ​ឲ្យ​​បាន”។ Ramos បញ្ជាក់៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Real អាច​សង​សឹក​ Barca ​បាន​វិញ ឬ​អត់?

 

-ចុចអាន៖ Bale ថា Real Madrid នៅ​តែ​មាន​ឱកាស​លើក​ពាន La Liga

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ ibtimes