លោក Raoul-Marc Jennar ថា ​កម្ពុជាតូច មិនត្រូវមាននយោបាយការបរទេស លំអៀងឡើយ​

​ភ្នំពេញ​៖ លោក Raoul-Marc Jennar បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ចិត្ត​ប្រើប្រាស់​នយោបាយ​ការបរទេស​ដោយ​ស្ថិតនៅ​ជា​ប្រទេស​អព្យាក្រឹត និង​មិន​ចូលបក្ស​សម្ព័ន្ធ​។ ការលើកឡើង​របស់​ទីប្រឹក្សា​បរទេស​រូបនេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​មានមតិ​រិះគន់​ជាច្រើន​ថា ប្រទេស​កម្ពុជា​កំពុង​ងាក​ទៅរក​ប្រទេស​ចិន ជាជាង​ប្រទេស​លោកខាងលិច ដូចជា ប្រទេស​អាមេរិក​ជាដើម​។ តើ​កម្ពុជា​កំពុងមាន​ជំហរ​ដូចម្តេច​? ងាក​ទៅរក​អាមេរិក​? ងាក​ទៅរក​ចិន​? ឬ​ស្ថិតនៅ​ជំហរ​កណ្តាល​?

​សូម​លោកអ្នក​ស្តាប់​ប្រសាសន៍​លោក Raoul-Marc Jennar ជា​ភាសា​បារាំង​

​អ្នក​រិះគន់​ជាច្រើន​បាន​អត្ថាធិប្បាយ​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ងាក​ទៅរក​ចិន​ដែលជា​ប្រទេស​កុំ​ម្មុយ​នី​ស ហើយ​នេះ គឺជា​កំហុស​។ កម្ពុជា​ទទួល​ជំនួយ​ច្រើន​ពី​ចិន​។ ជំនួយ​ចិន​ជា​ជំនួយ​គ្មាន​លក្ខ​ខ័​ណ្ឌ តែ​អាចជា​ជំនួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់ជំពាក់​ជាមួយ​ចិន​ដោះ​មិន​រួច និង​ជាប់​ជា​ចំណង​ទៅ​ថ្ងៃក្រោយ​។

​ឆ្លើយតប​ទៅនឹង​គំនិត​រិះគន់​ខាងលើនេះ លោក Raoul-Marc Jennar បាន​ពន្យល់​ជាទូទៅ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មាន​ប្រជាជន​តែ​១៤ ឬ​១៥​លាន​នាក់ ហើយ​ស្ថិតនៅក្នុង​ចន្លោះ​ប្រ​ទស​ធំ​ពីរ គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​។ វៀតណាម ងាក​ទៅរក​ដៃគូ​ជាមួយ​សហរដ្ឋអាមេរិក​(​សត្រូវ​ចាស់​) ប្រទេស​ថៃ​ដែលជា​មិត្ត​ចាស់​របស់​អាមេរិក ឥឡូវ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ចរចា​ទិញ​អាវុធ​ពី​រុស្ស៊ី​។ តើ​កម្ពុជា​ត្រូវធ្វើ​យ៉ាងដូចម្តេច​?

​ចម្លើយ​របស់លោក Raoul-Marc Jennar, កម្ពុជា​តូច ដូច្នេះ កម្ពុជា​ត្រូវតែ​ស្ថិតនៅ​អព្យាក្រឹត ហើយ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់គ្នា​។ លោក​បញ្ជាក់ថា​៖«​កម្ពុជា​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ប្រទេស​, ជាមួយ​ចិន និង​ជាមួយ​ប្រទេសជិតខាង​។ សូម​កុំភ្លេចថា កម្ពុជា​​មិនមែន​ស្ថិតនៅ​ទ្វីបអាមេរិក​ទេ​ កម្ពុជា​​ស្ថិតនៅ​ទ្វីបអាស៊ី​។ កម្ពុជា​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ខាងលិច សហរដ្ឋអាមេរិក អឺ​រុ​ប បារាំង​…​ជាដើម​»​។ ដោយនិយាយ​ពី​ជំនួយ​វិញ Raoul-Marc Jennar បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់​អាច​រស់​ដោយ​ខ្លួនឯងបាន​នៅឡើយ​ទេ ដូច្នេះ កម្ពុជា​ត្រូវ​ទទួលយក​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​គេ​ចង់​ជួយ​កម្ពុជា ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី​។ លោក Raoul-Marc Jennar បានលើកឡើង​ទៀតថា កាលពី​២ ឬ​៣​ឆ្នាំមុន ប្រទេស​ចិន​តែម្នាក់ឯង​គត់​បានផ្តល់​ជំនួយ​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក ពោលគឺ​ស្មើនឹង​ជំនួយ​នៃ​ប្រទេស​ដទៃទៀត​ទាំងអស់​ដែល​ជួយ​កម្ពុជា​។ ត្រង់ចំណុច​ផលប្រយោជន៍​នេះហើយ​ដែល​លោក Raoul-Marc Jennar បានបញ្ជាក់​ក្នុង​សម្តី​ផ្ទាល់​របស់លោក​ថា​៖«​គ្មាន​នរណា​ល្អ ឬ​អាក្រក់​ទេ​។ លោកអ្នក​ដឹង​ទេ​ថា នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ មិនមាន​ទេ​មិត្តភក្តិ មានតែ​ផលប្រយោជន៍​»​។

​ជំហរ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​នេះ​, បើតាម​លោក Raoul-Marc Jennar, កម្ពុជា​ត្រូវប្រកាន់យក​។ កម្ពុជា​ត្រូវ​ចេះ​ទាញយក​ប្រយោជន៍​ដែរ​។ លោក​រម្លឹក​ហើយ រម្លឹក​ទៀត​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​។ ដោយសារតែ​នយោបាយ​ការបរទេស​ល្អ កាលពី​ក្នុងអំឡុង​ឆ្នាំ​៩០ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះកិច្ចសន្យា​លក់​ផលិតផល​សម្លៀកបំពាក់​ឲ្យ​សហរដ្ឋអាមេរិក​។ នៅពេលដែល​រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា​ជាមួយ​អាមេរិក គ្មាន​អ្នក​រិះគន់ថា គ្រោះថ្នាក់​ឡើយ​។ ក្រោម​ក្រសែភ្នែក​លោក Raoul-Marc Jennar អាមេរិក​មិនមែនជា​ប្រទេស​ល្អ​ជាងគេ​ឡើយ ពេលខ្លះ អាមេរិក​ក៏ត្រូវ​ការ​ប្រយោជន៍​ដែរ​។

​លោក Raoul-Marc Jennar បាន​បន្ត​បញ្ជាក់ទៀតថា រហូតមកដល់​ពេលនេះ កម្ពុជា​ជា​ប្រទេស​តូច ដូច្នេះ គ្មាន​មូលហេតុ​ណា​ដែល​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​មួយ​ចំហៀង​នោះទេ​។ ប្រសិនបើ​កម្ពុជា​ប្រកាន់យក​ជំហរ​មួយ​ចំហៀង វា​អាច​រុញច្រាន​កម្ពុជា​ឲ្យ​មាន​សង្គ្រាម​(​លោក​មិន​បញ្ជាក់​លម្អិត​ទេ​)​ដោយ​លោក​គ្រាន់តែ​រម្លឹកថា នៅ​ឆ្នាំ​១៩៧០ សម្តេច សីហនុ ត្រូវបាន​គេ​(​លោក លន់ នល់​)​ទម្លាក់​ចេញពី​តំណែង ហើយ​ក្រោយមក កម្ពុជា​ប្រកាន់​ជំហរ​មួយ​ចំហៀង (​កាលនោះ ជំហរ​របស់លោក​លន់ នល់ បាន​លម្អៀង​ទៅរក​អាមេរិក​)​។ លោក Raoul-Marc Jennar ចោទ​ជា​សំណួរ​ថា តើ​អ្វី​ជា​លទ្ធផល​នៃ​ការប្រកាន់​ជំហរ​មួយ​ចំហៀង​? លោក​ចង់​សំដៅទៅ​កាន់​របប​ប៉ុលពត​ដែលជា​របប​កើតឡើង​ដោយសារ​នយោបាយ​ការបរទេស​លំអៀង​របស់លោក លន់ នល់ ប្រកាន់​ជំហរ​មួយ​ចំហៀង​លម្អៀង​ទៅរក​អាមេរិក​។

​លោក Raoul-Marc Jennar បន្ត​រម្លឹក​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឡើងវិញ​ថា នៅក្នុង​ទសវត្សរ៍​៥០ ឬ​៦០ កម្ពុជា​ស្ថិតនៅ​អព្យាក្រឹត ដូច្នេះ ពេលនោះ កម្ពុជា​ទទួល​ជំនួយ​ទាំង​អស់ពី​សហរដ្ឋអាមេរិក ចិន បារាំង និង​សូ​វៀត​។ សហរដ្ឋអាមេរិក​កាលណោះ ជួយ​កសាង​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​, ចិន ជួយ​សាង់​រោងចក្រ​ស៊ីម៉ង់​តិ៍​នៅក្នុង​ខេត្តកំពង់ចាម​, បារាំង​ជួយ​កសាង​កំពង់ផែ​នៅ​ក្រុងព្រះសីហនុ​, សូ​វៀត ជួយ​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

​មានតែ​ជំហរ​អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ​ទេ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ក្រីក្រ​តូច​មួយ​នេះ ឈរជើង​បាន និង​មិន​ប្រឈម​នឹង​សង្គ្រាម​ជាយថាហេតុ​ណាមួយ​៕