សម្តេច ហ៊ុន សែន ប្រឹង​ប្រែង​ឲ្យ​ចៅ​ម្នាក់​ក្លាយ​ជា​ជម្រើស​ជាតិបាល់ទាត់​ទាល់​តែបាន

ថ្លែង​ក្នុង​ពិធីបិទ​សន្និបាត​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​នឹង​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​ចៅ​យ៉ាចហោចណាស់​ម្នាក់​ក្នុងចំណោម​១០នាក់​ក្លាយ​ជា​សមាជិក​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ ជាពិសេស​សម្រាប់ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​នាឆ្នាំ​២០២៣ ខាងមុខ។

សម្តេច​បានអះអាងថា កូន​ប្រុសនានា​របស់​សម្តេច ក៏​នឹង​ចូល​រួមក្នុងពិធី​ជប់​លៀង​ជាមួយ​ក្រុម​កីឡាករ-កីឡាការិនី និង​ថ្នាក់​ដឹកនាំកីឡា នាល្ងាច​ថ្ងៃទី​៤ ខែ​មេសា នៅកោះពេជ្រ​ផងដែរ។

ទាក់ទង​នឹងព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាងមុខ សម្តេច ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឲ្យមាន​ផែនការច្បាស់លាស់។ ជាមួយគ្នានេះ សម្តេចបាន​លើក​ឡើង​ថា បើ​ទោះបី​ជាគ្មានស៊ីហ្គេម​ក៏​ដោយ ក៏​កម្ពុជានៅ​តែ​ពង្រឹងអភិវឌ្ឍន៍​វិស័យ​កីឡា​ដើម្បី​ឲ្យ​ក្លាយ​ជាចលនា​ជាតិមួយ​សម្រាប់កុមារ និងយុវជន៕