ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ការ​ថវិកា​៣០​លាន​ដុល្លារ​អនុវត្ត​គម្រោង​ពាណិជ្ជកម្ម​រយៈពេល​៥​ឆ្នាំ

ក្រសួង​ពាណិជ្ជកម្ម បាន​ជួប​ជាមួយ​ដៃគូ​ម្ចាស់​ជំនួយ​នៅ​ថ្ងៃ​ទី​៣១ មីនា ដើម្បី​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​អនុវត្ត​ផែនការ​រយៈពេល​មធ្យម​សម្រាប់​ពាណិជ្ជកម្ម (MTP) រយៈពេល ៥​ឆ្នាំ (២០១៦-២០២០)។ ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ប្រាប់​ដៃគូ​ម្ចាស់​ជំនួយ​ថា គម្រោង​នេះ​ត្រូវ​ការ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ពី​គម្រោង​រយៈពេល​ប្រាំ​ឆ្នាំ ប្រាប់​ដល់​ម្ចាស់​ជំនួយ​ទាំង​ផ្នែក​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ និង​ផ្នែក​ឯកជន ដើម្បី​កៀរគរ​ថវិកា។ គម្រោង​តម្លៃ ៣០​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការ​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិតផល​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក។

គម្រោង​នេះ នឹង​សិក្សា​ពី​ការ​បង្កើត​គោល​នយោបាយ​ពាណិជ្ជកម្ម (Trade Policy) ការ​កែ​ទម្រង់​ប្រព័ន្ធ​គតិយុត្តិ (Regulatory Reform) ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម (Trade Facilitation and Transport Logistics) ការ​រៀបចំ​រចនាសម្ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​ឯកជន (Private Sector Structuring) និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ស្ដីពី​យុទ្ធសាស្ត្រ​នៃ​ការ​នាំ​ចេញ (Skills for Exports)

ប៉ាន សូរស័ក្ដិ ២០១៦ ៨៥៥
រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែល​ដើរ​តួនាទី​សម្រប​សម្រួល​កិច្ច​ពិភាក្សា​ស្វែងរក​ប្រាក់​ជំនួយ​អនុវត្ត​គម្រោង ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​ថា ប្រភព​ថវិកា​ដែល​គម្រោង​កំពុង​ស្វះ​ស្វែងរក គឺ​ពី​ភាគី​រដ្ឋាភិបាល ម្ចាស់​ជំនួយ និង​វិស័យ​ឯកជន។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​ភាគី​នីមួយៗ​អាច​នឹង​ចូលរួម​នោះ​ទេ៖ «MTP ពីព្រោះ​យើង​នឹង​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទាំង​មូល​ពី​ឆ្នាំ​២០១៦ ដល់ ២០២០ ដែល​ជា​ប្លង់​មេ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ទាំង​មូល ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម»

នៅ​ក្នុង​កិច្ច​ពិភាក្សា តំណាង​មក​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​ធំៗ ដូចជា អង្គការ ជី.អាយ.ហ្សិត (GIZ) យូ.អេស.អេ.អាយ.ឌី (USAID) ចៃកា (JICA) យូ.អិន.ឌី.ភី (UNDP) ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឆ្លើយ​តប​ទៅ​តាម​ការ​អំពាវនាវ​របស់​ក្រសួង​ពាណិជ្ជកម្ម ថា ពួក​គេ​នឹង​យក​សំណើ​ជំនួយ​ថវិកា​នេះ​ទៅ​ពិភាក្សា​ពី​លទ្ធភាព​ដែល​អាច​ជួយ​បាន ហើយ​នឹង​ពិចារណា​ជួយ​ទៅ​តាម​វិស័យ​ដែល​ជា​គោលដៅ​នៃ​បេសកកម្ម​របស់​គេ​រៀងៗ​ខ្លួន។

ឯកអគ្គរដ្ឋទូត​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា និង​ជា​អ្នក​សម្រប​សម្រួល​ដៃគូ​ម្ចាស់​ជំនួយ​នៃ​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​នៅ​កម្ពុជា លោក ចច អែដហ្គឺរ (George Edgar) បញ្ចេញ​យោបល់​បន្ទាប់​ពី​ស្ដាប់​បទ​បង្ហាញ ស្ដីពី​គម្រោង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​រយៈពេល​ប្រាំ​ឆ្នាំ​នេះ​ថា សហភាព​អឺរ៉ុប នឹង​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ពាណិជ្ជកម្ម។ លោក​មើល​ឃើញ​ថា គម្រោង​នេះ​នឹង​ជួយ​ពង្រឹង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា លើ​ទីផ្សារ​អន្តរជាតិ ពិសេស​តំបន់​អាស៊ាន ដែល​លោក​ថា វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។