ពលរដ្ឋ​នៅ​សៀមរាប​ម្នាក់​​​ក្នុង​ចំណោម​អ្នក​ពុល​ត្រី​កំពត​៨​នាក់ស្លាប់

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​​ស្រុក​​វ៉ារិន ឱ្យ​ដឹង​ថា គេ​បាន​បញ្ជូន​សំណល់​ត្រី​កំពត​ខ្លះ ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​ជាតិ​ពុល ថា​តើ​វា​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី?

ការ​បញ្ជូន​កាកសំណល់​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ មាន​​ពលរដ្ឋ​ប្រុស ស្រី និង​ក្មេង ចំនួន ៨​នាក់ នៅ​ភូមិ​គោកវត្ត ឃុំ​ស្រែណូយ បាន​ពុល​ត្រី​កំពត ហើយ​ក្នុង​ចំណោម​នោះ បុរស​ម្នាក់​ឈ្មោះ មឿន ម៉ែត្រ ​អាយុ​ជាង ​៤០​ឆ្នាំ​បាន​ស្លាប់។

អធិការ​នគរបាល​ស្រុក​វ៉ារិន លោក ណុប សារ៉ាក់ មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ ប្រជាពលរដ្ឋ​នៅ​ភូមិ​គោកវត្ត បាន​នាំគ្នា​ទៅ​រក​ត្រី។ ពេល​នោះ​គឺ​រក​បាន​ត្រី​កំពត​មួយ​ចំនួន ហើយ​ក៏​នាំ​គ្នា​បំពង​ធ្វើ​ជា​ម្ហូប និង​ខ្លះ​យក​ទៅ​ក្លែម​​ស្រា​ស។ បន្តិច​ក្រោយ​មក អ្នក​ភូមិ​ស្រី​ប្រុស និង​កុមារ​ចំនួន ៨​នាក់ មាន​អាការៈ​ពុល ​ហើយ​បាន​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព។

លោក​អធិការ​បញ្ជាក់​ថា ​តាម​ការ​ស្រាវជ្រាវ គឺ​លោក​ហ៊ាន​អះអាង​ថា ជាតិ​ពុល​នោះ គឺ​ចេញ​ពី​ត្រី​កំពត មិន​មែន​ចេញ​ពី​ស្រា​​ស​ទេ៖ «យើង​ចុះ​ទៅ​ស្រាវ​ជ្រាវ ​ហើយ​និង​ពិនិត្យ​មើល​ស្ថានភាព​ជាក់​ស្ដែង​ពិត​ជា​​ពុល​ត្រី​កំពត​មែន អត់​មែន​បណ្ដាល​មក​ពី​ពុល​​ស្រា​ស​ទេ»

ប៉ូលិស​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ពលរដ្ឋ និង​ក្មេង​ដែល​ពុល​ត្រី​កំពត​នោះ មាន​អាការៈ​ធូរ​ស្បើយ​ឡើង​វិញ​ហើយ លើកលែងតែ​បុរស​ម្នាក់​ដែល​ពុល​ក្នុង​​​សភាព​​ធ្ងន់ធ្ងរ​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។