គណៈកម្មាធិការ​ទី​១​ព្រឹទ្ធសភា​សន្យា​យក​បណ្ដឹង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ទៅ​ជួប​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ

ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាច្រើន​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ សង្ឃឹម​ជា​ថ្មី​ថា បញ្ហា​ដីធ្លី​របស់​ពួក​គាត់​នឹង​អាច​ត្រូវ​បាន​ដោះស្រាយ។ ក្តី​សង្ឃឹម​នេះ ក្រោយ​ពេល​ប្រជា​សហគមន៍​ទាំង​នោះ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ប្រាប់​ទៅ​មន្ត្រី​គណៈកម្មាធិការ​ទី​១ ព្រឹទ្ធសភា ដែល​ចុះ​អង្កេត និង​ប្រមូល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា។ ប្រធាន​គណៈកម្មការ​នេះ​សន្យា​ថា នឹង​យក​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ទៅ​ជួប​អាជ្ញាធរ​ខេត្ត ហើយ​នឹង​អាច​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ ប្រសិន​បើ​ករណី​ចាំបាច់។

ក្រោយ​ពេល​ទទួល​ពាក្យ​បណ្ដឹង និង​ស្តាប់​ពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ហើយ គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត ឬ​ហៅ​ថា​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា សន្យា​ថា​នឹង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

បន្ថែម​ពី​នេះ ប្រសិន​បើ​បញ្ហា​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស គណៈកម្មការ​ទី​១ ព្រឹទ្ធសភា នឹង​អន្តរាគមន៍​ទៅ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ ជាដើម។ ការ​សន្យា​របស់​មន្ត្រី​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ក្រោយ​ពេល​ពួក​គេ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ រួម​មាន​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត លោក គង់ គាំ មាន​ប្រសាសន៍​ថា គណៈកម្មការ​ទី​១ ព្រឹទ្ធសភា មាន​តួនាទី​ប្រមូល​ពាក្យ​បណ្ដឹង អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា សិទ្ធិ​ទទួល​បាន​ដីធ្លី​ជា​រឿង​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ ពីព្រោះ​ដីធ្លី គឺ​ជា​អាយុ​ជីវិត​របស់​ពួក​គាត់៖ «ក្នុង​ការ​រស់នៅ ដីធ្លី គឺ​ជា​ជីវិត ហើយ​បើ​អត់​ដីធ្លី ក៏​អត់​មាន​ជីវិត ក៏​អត់​មាន​ការ​អាស្រ័យ​ផល​ដែរ»

ក្រោយ​ពេល​ប្រមូល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ គណៈកម្មការ​ទី​១ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី​ទំនាស់​មួយ​កន្លែង​នៅ​ភូមិ​ស្ទឹងតូច ឃុំ​កក់ ស្រុក​ពញាក្រែក ហើយ​ក៏​បន្ត​ដំណើរ​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ត​ទៀត។ បញ្ហា​របស់​ប្រជា​សហគមន៍ រួម​មាន បញ្ហា​ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​តំបែរ ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៥០០​គ្រួសារ​នៅ​ឃុំ​ត្រមូង ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់។ វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ទៀត។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ត្រមូង ដែល​មាន​វិវាទ​ដី​លំនៅឋាន​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ លោកស្រី ឃុត ស្រីអូន មាន​សង្ឃឹម​ថា គណៈកម្មការ​ទី​១ ព្រឹទ្ធសភា នឹង​អាច​ជំរុញ​ទៅ​រាជ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់៖ «សុំ​ឲ្យ​ឯកឧត្តម​ជួយ​សើរើ​ទំនាស់​ដីធ្លី​ខ្ញុំ ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ ហើយ​មក​ដល់​ពេល​ហ្នឹង​អត់​ទាន់​មាន​នរណា​ដោះស្រាយ​ទេ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​មួយ​ចំនួន​លើ​ទំហំ​ដី​ជាង ១​ពាន់​ហិកតារ មក​ពី​ឃុំ​ទន្លូង លោក យ៉ែម គង់ រៀបរាប់​ថា កន្លង​មក ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ឡើយ ទើប​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ត្រូវ​ជួប​ការ​លំបាក ពីព្រោះ​គ្មាន​ដីធ្លី​សម្រាប់​បង្កបង្កើនផល៖ «គោល​បំណង​របស់​ខ្ញុំ គឺ​ចង់​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី និង​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគ​តិច»

ទោះ​បី​ជា​យ៉ាង​ណា បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ កន្លង​មក​អាជ្ញាធរ​ខេត្ត​ធ្លាប់​លើក​ឡើង​ថា ពួក​គេ​កំពុង​ដោះស្រាយ​ជា​ជំហានៗ ប៉ុន្តែ​ជម្លោះ​ដីធ្លី​ខ្លះ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី។

ដោយឡែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ជា​រឿង​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​មាន​បញ្ហា​ទាំង​នោះ ពីព្រោះ​មាន​ឱកាស​ជួប​ជាមួយ​មន្ត្រី​គណៈកម្មការ​ទី​១ ព្រឹទ្ធសភា ផ្ទាល់ ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ។ លោក​បន្ថែម​ថា កន្លង​មក ភាគ​ច្រើន​អាជ្ញាធរ​ខេត្ត​មិន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ការ​ដោះសា​ច្រើន​ជាង។ លោក​ថា មូលហេតុ​ដែល​អាជ្ញាធរ​ខេត្ត​មិន​អាច​ដោះស្រាយ​បាន គឺ​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ពួក​គេ៖ «អ៊ីចឹង​ការ​ដោះស្រាយ​ហ្នឹង​វា​អត់​បាន ដោយសារ​អី? ដោយសារ​អ្នក​យក​នេះ ផ្តល់​ឲ្យ​អ្នក​មាន​អំណាច​ក្នុង​ការ​ដោះស្រាយ។ អ៊ីចឹង​មាន​តែ​ការ​ដោះសា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មើល​ឃើញ​ថា ប្រសិន​បើ​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ផល​ប៉ះពាល់​នឹង​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ ដូចជា​ចំណាក​ស្រុក អ្នក​ភូមិ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​កម្មករ​ឲ្យ​ក្រុមហ៊ុន​បរទេស ពីព្រោះ​ពួក​គាត់​មិន​អាច​រស់​បាន​ដោយសារ​ធនធាន​ធម្មជាតិ ព្រម​ទាំង​ដីធ្លី​របស់​ខ្លួន​ត្រូវ​បាត់បង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។