សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ដែល​អសកម្ម​លើ​បទល្មើស​ព្រហ្មទណ្ឌ

អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រៃវែង រិះគន់​អាជ្ញាធរ ថា​ហាក់​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ពោល​គឺ​ពួក​គេ​ហាក់​អសកម្ម​ច្រើន​ក្នុង​រឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ជន​បង្ក​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ឬ​សម្រប​សម្រួល​បញ្ចប់​រឿង​មុន​ដល់​ដៃ​តុលាការ។ ជាក់ស្តែង​ដូចជា​ករណី​ម៉ាស៊ីន​ច្រូត​ស្រូវ កិន​ស្ត្រី​ក្រីក្រ​ម្នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៤ មីនា កន្លង​ទៅ អាជ្ញាធរ​ហាក់​យឺតយ៉ាវ​ចាត់​ការ​លើ​ជន​បង្ក រហូត​ដល់​ជន​នោះ​រត់​គេច​ខ្លួន​បាត់។ ចំណែក​ស្នងការ​ខេត្ត​ព្រៃវែង ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​នៅ​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ដ៏​សំខាន់ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន នៅ​តែ​រិះគន់ និង​ស្នើ​ឲ្យ​មាន​ការ​កែលំអ​ឡើង​វិញ។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី មាន​ប្រសាសន៍​ថា មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជាច្រើន​ករណី​ក្នុង​មួយៗ​ឆ្នាំ ដែល​អាជ្ញាធរ​មិន​បាន​ចាត់​ការ ហើយ​មាន​ករណី​ផ្សេងៗ​ទៀត​ត្រូវ​បាន​អាជ្ញាធរ ព្យាយាម​សម្រប​សម្រួល​បញ្ចប់​រឿង​មិន​បញ្ជូន​ទៅ​តុលាការ​ឡើយ៖ «អាដហុក យើង​ធ្វើ​ការ​លើ​រឿង​ដែល​អាជ្ញាធរ​មិន​ចាត់​ការ ហើយ​មិន​ថា​ករណី​ចរាចរណ៍ ករណី​រំលោភ ឬ​ករណី​ហិង្សា​ផ្សេង​ទៀត​ដែល​កើត​ឡើង គឺ​អាជ្ញាធរ​មួយ​ចំនួន​ព្យាយាម​សម្រប​សម្រួល ព្រោះ​នៅ​ពេល​គាត់​សម្រប​សម្រួល គឺ​គាត់​បាន​ផល​ប្រយោជន៍»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មាន​ហេតុការណ៍​ម៉ាស៊ីន​ច្រូត​ស្រូវ ថយ​ក្រោយ​មិន​ប្រយ័ត្ន​កិន​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ភូមិ​សំបួរ ឃុំ​ព្រៃសំបួរ ស្រុក​ពាមជ័រ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា កន្លង​ទៅ។ គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា មេ​ប៉ុស្តិ៍​ព្រៃសំបួរ មិន​បាន​ចាត់​ការ​ឡើយ ហើយ​បណ្តោយ​ឲ្យ​ជន​បង្ក​រត់​គេច​ខ្លួន។

រីឯ​ស្នងការ​ខេត្ត​ព្រៃវែង លោក ស្រេង ជា មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ។ លោក​អះអាង​ថា បទល្មើស​ជាក់ស្តែង ឬ​បទល្មើស​ព្រហ្មទណ្ឌ​នោះ គឺ​ប៉ូលិស​តែង​តែ​ចាត់​ការ​មិន​ដែល​ឲ្យ​រំលង​មួយ​ករណី​នោះ​ទេ៖ «រាល់​ថ្ងៃ គឺ​អនុវត្ត​តាម​កំណែ​ទម្រង់​ហើយ អត់​មាន​អ្នក​ណា​មិន​សកម្ម​ទេ ពិសេស​ការងារ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ គិត​តាំង​ពី​ការងារ​សុវត្ថិភាព​ចរាចរណ៍ គិត​តាំង​ពី​ការ​អត្តសញ្ញាណប័ណ្ណ រួម​ទាំង​ការងារ​សន្តិសុខ​ផង។ អ៊ីចឹង​ថា​តើ​ចំណុច​ត្រង់​ណា​ដែល​ថា​មិន​សកម្ម​នោះ។ គាត់​លើក​ឡើង​ហេតុផល​នោះ​មិន​ច្បាស់លាស់»

របាយការណ៍​របស់​សមាគម​អាដហុក បង្ហាញ​ថា បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខេត្ត​ព្រៃវែង ដែល​អាជ្ញាធរ​មិន​បាន​ចាត់​ការ ហើយ​ត្រូវ​បាន​ជន​រងគ្រោះ​បញ្ជូន​ឲ្យ​សមាគម​អាដហុក ជួយ​អន្តរាគមន៍​នោះ​មាន ៦០​ករណី កាល​ពី​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៦ នេះ​មាន ៨​ករណី​ផ្សេង។ សំណុំ​រឿង​ទាំង​នោះ ភាគ​ច្រើន​ករណី​រំលោភ ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ដីធ្លី និង​បញ្ហា​ចំណាក​ស្រុក ជាដើម។ ការ​មិន​ចាត់​ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នោះ ទំនង​ជា​អាជ្ញាធរ​ទទួល​បាន​ផល​ប្រយោជន៍ ឬ​បញ្ហា​ពុក​រលួយ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បន្ត​ថា អាកប្បកិរិយា​បែប​អសកម្ម​ដែល​កើត​ចេញ​ពី​មន្ត្រី​ដឹក​នាំ នឹង​ធ្វើ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​កាន់​តែ​ច្រើន និង​ការ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​កសាង​ច្បាប់​សម្រាប់​ប្រទេស៖ «នៅ​ពេល​មាន​បទល្មើស​កើត​ឡើង​អ៊ីចឹង ហើយ​អាជ្ញាធរ​មិន​ចាត់​ការ មិន​ចាប់​ជន​ល្មើស អ៊ីចឹង​វា​នឹង​អាច​ធ្វើ​ឲ្យ​កើត​មាន​បទល្មើស​ដូច​គ្នា​ទៀត​នៅ​លើក​ក្រោយ»

សង្គម​ស៊ីវិល​ថា អំណាច​គឺ​ជា​ដាវ​មុខ​ពីរ ដែល​អំណាច​មាន​ឥទ្ធិពល​នាំ​មក​អត្ថប្រយោជន៍​ដល់​ប្រជាជន នៅ​ពេល​ណា​មាន​ការ​អនុវត្ត​តាម​នីតិរដ្ឋ ប៉ុន្តែ​អំណាច​ក៏​មាន​ឥទ្ធិពល​បង្ក​ជា​គ្រោះ​មហន្តរាយ​ចំពោះ​ប្រជាជន និង​ប្រទេស​ជាតិ​ដែរ នៅ​ពេល​អំណាច​នោះ​ត្រូវ​បាន​ប្រព្រឹត្ត​ក្រៅ​ពី​រង្វង់​ច្បាប់។

នីតិរដ្ឋ​ដែល​ល្អ គឺ​ត្រូវ​ធ្វើ​ឲ្យ​មាន​សកម្មភាព និង​ការ​ប្រព្រឹត្ត​ពង្រឹង​ច្បាប់​ជា​ប្រចាំ ព្រោះ​វា​មិន​មែន​ទទួល​បាន​ជោគជ័យ​ដោយ​គ្រាន់​តែ​មាន​បទបញ្ជា ឬ​ពាក្យ​សម្ដី ឬ​ឯកសារ​ច្បាប់​នៅ​លើ​ក្រដាស​ទេ។

មន្ត្រី​ទាំងអស់​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ជំរុញ​អភិបាល​កិច្ច​ល្អ ដោយ​អនុលោម​តាម​ច្បាប់ ដើម្បី​ផ្តល់​ឲ្យ​មាន​ភាព​រុងរឿង ថ្កុំថ្កើង និង​សង្គម​ទទួល​បាន​សុខដុមនីយកម្ម និង​មាន​ស្ថិរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។