PNN សម្រុក​ផលិត​រឿង​ភាគ​ក្នុង​​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​១០០​ម៉ោង នៅ​ឆ្នាំ​នេះ

ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត PNN បាន​ប្រកាស​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង ១០០​ម៉ោង ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៦​។​

 

ក្រោយ​ពី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត ព្រម​ទាំង​កម្មវិធី​ផលិត​ថ្មី​ជាច្រើន ផ្នែក​ផលិត​កម្មវិធី​របស់​ PNN បាន​ប្ដេជ្ញា​សម្រុក​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ក្នុង​ស្រុក​ថ្មីៗ​ឲ្យ​បាន​ច្រើន​ជាង​១០០​ម៉ោង​ក្នុង​ឆ្នាំ​នេះ ដោយ​គិត​ជា​មធ្យម PNN ត្រូវ​ចំណាយ​ប្រមាណ ៨០០០​ដុល្លារ ក្នុង​រយៈពេល​មួយ​ម៉ោង​នៃ​ខ្សែ​ភាពយន្ត​ភាគ​។​

 

PNN សម្រុក​ផលិត​រឿង​ភាគ​ក្នុង​​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​១០០​ម៉ោង នៅ​ឆ្នាំ​នេះ

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ PNN លើក​ឡើង​ថា “PNN កំពុង​រៀបចំ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ថ្មីៗ​ចំនួន​ជាង ១០០​ម៉ោង ជា​ប្រភេទ​រឿង​ខ្មែរ​សុទ្ធសាធ ដែល​សាច់រឿង​បែប​មនោសញ្ចេតនា នា​សម័យ​ទំនើប​នេះ ជាមួយ​នឹង​ភាពយន្ត​បុរាណ បែប​ប្រពៃណី និង​រឿង​កំប្លែង​ជាដើម​។ មួយ​វិញ​ទៀត PNN ក៏​នឹង​ផលិត​ភាពយន្ត​ភាគ​ក្នុង​ស្រុក បង្ហាញ​ពី​សង្គម​ពិត​ក្នុង​យុគសម័យ​ទំនើប​នេះ​ផង​ដែរ​”​។

 

ភាពយន្ត​ភាគ​របស់ PNN រំពឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​នេះ​តទៅ ជាមួយ​នឹង​វត្ត​មាន​តារា​សម្តែង​ថ្មីៗ ដើម្បី​បង្ហាញ​ពី​ការ​រីកចម្រើន និង​កំណើន​តារា​សម្តែង​ក្នុង​​កម្ពុជា ហើយ​ក៏​ជា​ផ្លូវ​ដ៏​ត្រចះត្រចង់​សម្រាប់​ពួកគេ​ដែរ​។​

 

ភាពយន្ត​ភាគ​ទាំង​នោះ នឹង​បង្ហាញ​ជូន​លើ​កញ្ចក់​ទូរទស្សន៍ PNN ជា​ផ្នែក​មួយ​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី និង​ជីវិត​ក្នុង​សម័យ​បច្ចុប្បន្ន​។

 

ជាមួយ​ភាពយន្ត​ភាគ​មនោសញ្ចេតនា​ថ្មី រឿង សង្គ្រាម​បេះដូង PNN បាន​ជ្រើស​យក​តារា​សម្តែង​មុខ​មាត់​បែប​ខ្មែរ កញ្ញា ឡាយ សម្ជស្ស សម្ដែង​ជា​តួឯក​ស្រី​ឈ្មោះ រ័ត្ន មាន​រូប​សម្ផស្ស​ស្រស់​សោភា និង​ចិត្ត​ស្មោះ​ត្រង់ តែ​បែរ​ជា​វាសនា​បង្ខំ​ឲ្យ​នាង​ជ្រើសរើស​បុរស​ខុស​ពី​បេះ​ដូង​ដែល​នាង​ស្រលាញ់។

 

PNN សម្រុក​ផលិត​រឿង​ភាគ​ក្នុង​​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​១០០​ម៉ោង នៅ​ឆ្នាំ​នេះ

 

ដោយ​ឡែក​សម្រាប់​ភាពយន្ត​ពិសេស​មួយ​ទៀត​រឿង ភក្ដី​ស្នេហ៍​ទ្វេ​ភព របស់ PNN ទើប​តែ​ចាប់ផ្តើម​ដំណើរ​ផលិត​កាល​ពី​ពេល​ថ្មីៗ ដែល​មាន​វត្តមាន​តារា​ល្បី​ជាច្រើន​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ដូចជា​លោក ទេព រិន្ទដារ៉ូ អ្នកស្រី ប៉ែន សុផានី លោក អ៊ុន សុទ្ធា និង​កញ្ញា មឿន សុផានិត ជា​ដើម​។ ភាព​យន្ត​ភាគ​ថ្មី​នេះ ក៏​នឹង​បង្ហាញ​ជូន​សាច់​រឿង​បែប​បុរាណ​លាយឡំ​នឹង​សម័យ ដែល​សាច់​រឿង​ចង់​បង្ហាញ​ពី​ការ​តស៊ូ​របស់​គូ​ស្នេហ៍​មួយ​គូ​ដ៏​ស្មោះស្ម័គ្រ​នឹង​គ្នា និង​ការ​កែប្រែ​ទស្សនៈ​ចាស់​បុរាណ​ដែល​មិន​ព្រម​ទទួល​ស្តាប់​យោបល់​របស់​កូនៗ ហើយ​ក៏​បង្កប់​ការអប់រំ ដែល​តួ​ចិត្តអាក្រក់ លោភ​លន់ ប្រព្រឹត្ត​ខុសច្បាប់ នឹង​ទទួល​ខុស​ទៅ​តាម​ច្បាប់។

 

PNN រំពឹង​ថា ភាពយន្ត​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​របស់ខ្លួន​។

 

PNN បាន​ចំណាយ​ទុន​សរុប​ប្រមាណ ២០​លាន​ដុល្លារ​ ដើម្បី​បង្កើត​ស្ទូឌីយ៉ូ និង​បំពាក់​បរិក្ខារ​ទំនើបៗ​។ ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​មួយ​នេះ បាន​ចាប់​ផ្តើម​ផ្សាយ​ជា​ផ្លូវការ​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មកម្ល៉េះ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​