សមាជិក​ក្រុម Pop Model ស្រស់​ស្អាត​ម្នាក់ ចេញ​មុខ​បក​ស្រាយ​រឿង​​គេ​យល់ច្រឡំ​ថា​ស្លាប់​

មនុស្ស​ម្នា​មួយ​ចំនួន​យល់​ច្រឡំ​ថា សមាជិក​ក្រុម​បង្ហាញ​ម៉ូដ Pop Model សយ រចនា បាត់បង់​ជីវិត​បន្ទាប់​ពី​​អ្នក​រួម​ក្រុម​ផ្សេង​ទៀត នាំ​គ្នា​ចែកចាយ​រូប​ថត​ប៉ុន្មាន​សន្លឹក​បន្ត​គ្នា អម​ដោយ​សំណេរ​រំលេច​ដោយ​ទុក្ខសោក។

 

សមាជិក​ក្រុម  Pop Model ស្រស់​ស្អាត​ម្នាក់ ចេញ​មុខ​បក​ស្រាយ​រឿង​​គេ​យល់ច្រឡំ​ថា​ស្លាប់​

 

ពេល​នេះ​សាមី​ខ្លួន​ចេញ​មុខ​អះអាង​ថា នោះ​គ្រាន់​តែ​ជា​ការ​សម្ដែង​ឈុត​មួយ​ក្នុង​រឿង”ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ហើយ​ការ​ស្លាប់​​របស់​នាង​គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ និង​បាន​ធ្លាយ​ចេញ​ដោយ​អចេតនា ដោយ​សារ​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​របស់​នាង។

 

“ខ្ញុំ​ភ័យ​ណាស់ ទប់​អារម្មណ៍​មិន​ចង់​បាន ពេល​ឃើញ​អ៊ីចឹង ហើយ​ព្រោះ​ដូច​អ្នក​ស្លាប់​មែនទែន​ពេក”។ រចនា ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។ និស្សិត​ឆ្នាំ​ទី​១​ខាង​លើ​បន្ត​ថា សូម្បី​អ្នក​ស្គាល់​គ្នា​ទាំង​អស់​ភាគ​ច្រើន​ទូរសព្ទ និង​សរសេរ​សួរ​នាំ​ពី​បញ្ហា​នេះ​ដែរ ដោយ​សារ​ពួក​គេ​មិន​ច្បាស់​លាស់​ពី​បញ្ហា និង​យល់​ថា ប្រហែល​ជា​នាង​អាច​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ។

 

ទោះ​បី​ជា​យ៉ាង​ណា រចនា ស្នើ​បញ្ឈប់​ការ​យល់​ច្រឡំ​លើ​រូប​នាង ដោយ​សារ​រូប​ថត​ប៉ុន្មាន​នោះ​សន្លឹក​នោះ ហើយ​ការ​បក​ស្រាយ​នេះ​ល្មម​អាច​មហាជន​យល់​បាន។

 

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ សារ៉ា ជា​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ខាង​លើ​បក​ស្រាយ​ថា នាង​គ្មាន​បំណង​អាក្រក់​នោះ​ទេ ដែល​បង្ហោះ​រូប​សមាជិក​របស់​ខ្លួន​នោះ ប៉ុន្តែ​អាច​ភ្លេច​គិត​ពី​ការ​ប៉ះពាល់។ នាង​ថា៖” ដោយ​ឃើញ​ទំនង ខ្ញុំ​ក៏​យក​រូប​នោះ Post ទៅ​ដឹង​អី​គេ​នាំ​គ្នា Share ខ្ញុំ​ក៏​មិន​ចង់​អ៊ីចឹង​ដែរ”។ សារ៉ា អះអាង​ថា នាង​បាន​សម្រេច​ចិត្ត​រូប​នោះ​ហើយ ព្រោះ​មិន​ចង់​មាន​ការ​យល់​ច្រឡំ​វែងឆ្ងាយ៕

 

សមាជិក​ក្រុម  Pop Model ស្រស់​ស្អាត​ម្នាក់ ចេញ​មុខ​បក​ស្រាយ​រឿង​​គេ​យល់ច្រឡំ​ថា​ស្លាប់​

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ