លោក Laurence Graff ពី​កូនជាង​ធ្វើ​គ្រឿង​អលង្ការ​ក្លាយ​ជា​មហា​សេដ្ឋី​ជំនួញ​ គ្រឿងអលង្ការ ទៅ​ជុំវិញ​ពិភពលោក

លោក Laurence Graff គឺ​ជា​មហាសេដ្ឋី​អង់គ្លេស​ដ៏​ល្បីល្បាញ​មួយ​រូប រក​ស៊ី​ខាង​គ្រឿងអលង្ការ ដោយ​លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន លក់​នឹង​ចែកចាយ​គ្រឿងអលង្ការ​ដ៏​ធំ​មាន​ឈ្មោះ​ថា Graff Diamonds។ មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ នេះ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាង​គេ​មួយ​រូប​ដែរ​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣១៧ ជាមួយ​នឹង​ទ្រព្យសម្បត្តិ ៤,៦ ពាន់​លាន​ដុល្លារ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Forbes។ តើ​មហាសេដ្ឋី រូប​នេះ​ មាន​ប្រវត្តិ និង បទពិសោធន៍​ក្នុង​ជីវិត​អ្វី​ខ្លះ​ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​គ្រឿង​អលង្ការ​ដូច​នេះ?

 

លោក Laurence Graff កើត​នៅ​ថ្ងៃ​ទី ១៣ មិថុនា ឆ្នាំ ១៩៣៨ ក្នុង​ក្រុម​គ្រួសារ​ជនជាតិ ជ្វីស រស់​នៅ​ក្នុង​សង្កាត់ Stepney ក្នុង​ទីក្រុង ឡុងដុង ប្រទេស​អង់គ្លេស។ ម្តាយ​លោក​មាន​សញ្ជាតិ​កាត់​រ៉ូម៉ានី និង ពុក​កាត់​រុស្សី ។ ឪពុក​លោក​ជា​អ្នក​បោស​សម្អាត​ផ្លូវ​ពាណិជ្ជកម្ម​ទីក្រុង ចំណែក​ម្តាយ​ជា​អ្នក​លក់​បារី និង កាសែត។ លោក Laurence Graff មិន​បាន​រៀន​ចំ​ថ្នាក់​មហាវិទ្យាល័យ​នោះ​ឡើយ ដោយ​លោក​បាន​បោះបង់​ការ​សិក្សា​ចោល​តាំង​ពី​អាយុ ១៥ ឆ្នាំ​មក ដោយ​ពេល​នោះ​លោក​បាន​ក្លាយ​ជា​កូន​ជាង​ ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​ តូច​មួយ​ជា​អ្នក​ជួសជុល​ចិញ្ចៀន​ និង ប្រមូល​កម្ទេចកំទី​ដែល​សេសសល់​មក​ធ្វើ​ជា​គ្រឿង​អលង្ការ​ផ្ទាល់​ខ្លួន​លោក។

 

នៅ​ពេល​ដែល​ហាង​របស់​លោក​បាន​បិទ​ទ្វារ​ឈប់​ដំណើរ​ការ លោក Laurence Graff បាន​ចាប់​ផ្តើម​លក់​គ្រឿង​អលង្ការ​ដែល​លោក​ធ្វើ​បាន ពី​សំណល់​កម្ទេចកំទី​ពី​មុន​ ទៅ​ឲ្យ​អ្នក​និយម​គ្រឿង​អលង្ការ​ក្នុង​ទីក្រុង​ឡុងដុង។ នៅ​ឆ្នាំ ១៩៦២ លោក​បាន​បើក​ហាង​លក់​គ្រឿង​អលង្ការ​តូចៗ​ចំនួន​ពី​កន្លែង​ដោយ​លោក​មាន​ដើម​ទុន​ពី​ការ​លក់​គ្រឿង​អលង្ការ​ដែល​លោក​បាន​ធ្វើ​កាល​ពី​នៅ​ជា​កូន​ជាង។

 

ត្រលប់​មក​ឆ្នាំ ១៩៦០ លោក​បាន​បង្កើត​ហាង​មួយ​មាន​ឈ្មោះ​ថា Graff Diamond។ ប្រាំ​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​លោក​បាន​ជួល​ជាង​ច្នៃ​ម៉ូដ​ដ៏​ល្បី​របស់​អង់គ្លេស Robert Thomas ឲ្យ​មក​ច្នៃ​គ្រឿង​អលង្ការ​របស់​លោក ដើម្បី​យក​ទៅ​ដាក់​ក្នុង​ការ​ប្រកួត​គ្រឿង​អលង្ការ De Beer Diamond International Award ដោយ​ក្នុង​កម្មវិធី​នោះ គឺ​ខ្សែដៃ​របស់​ហាង​លោក​ទទួល​បាន​ជ័យ​ជម្នះ។ នៅ​ឆ្នាំ ១៩៧២ លោក Laurence Graff ចាប់​ផ្តើម​ផលិត​គ្រឿង​អលង្ការ​ ដើម្បី​លក់​ទៅ​ឲ្យ​ក្រុម​អតិថិជន​អ្នក​មាន​ ដែល​មក​ពី​តំបន់​មជ្ឈិមបូព៌ា ជា​ពិសេស​លោក​បាន​លក់​គ្រឿង​អលង្ការ​ជា​ច្រើន​ទៅ​ឲ្យ​ស្តេច​ប្រ៊ុយណេ ទី ២៩ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពី​ជា​អតិថិជន​ពិសេស​ផង និង ជា​មិត្តភ័ក្តិ​ផង​។

 

នៅ​ថ្ងៃ​មួយ​​ព្រះអង្គម្ចាស់ Turki bin Abdul Aziz នៃ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​របស់​លោក ហើយ​ទិញ​យក​គ្រឿង​អលង្ការ​ទាំង​អស់​រួម​ទាំង ពេជ្រ​ទំហំ ១៤ ការ៉ាត់​ផង ធ្វើ​ឲ្យ​លោក Laurence Graff មាន​ឱកាស​ពង្រីក​ហាង​លក់​គ្រឿង​អលង្ការ​របស់​លោក​ទៅ​កាន់​ប្រទេស​ជាង ៣៥ រួម​មាន អាមេរិក តំបន់​អឺរ៉ុប អាស៊ី អាហ្វ្រិក និង តំបន់​មជ្ឈិមបូព៌ា​។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com