ការ​ផ្លាស់​ប្តូរ​ចំនួន ៤ ក្នុង​ជីវិត​​អាច​ជួយ​ធ្វើ​ឲ្យ​​ទទួល​ជោគជ័យ​កាន់​តែ​ច្រើន ដែល​អ្នក​គួរ​សាកល្បង

១) ផ្លាស់​ប្តូរ​ពី​ឱកាស​ទៅ​ជា​ជម្រើស

 

អ្នក​ដែល​បរាជ័យ​ ក្នុង​ជីវិត​គឺ​ជា​មនុស្ស​ដែល​អង្គុយ​រង​ចាំ​មើល​នូវ​អ្វី​ដែល​នឹង​កើត​ឡើង ពួក​គេ​ជា​មនុស្ស​ដែល​មិន​ធ្វើ​អ្វី​មួយ​ដែល​ពិត​ប្រាកដ​ ដើម្បី​បង្កើត​អ្វី​មួយ​ឲ្យ​កើត​ឡើង​លើ​ខ្លួន​ឯង​នោះ​ឡើយ​ ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​អង្គុយ​រង​ចាំ​ឱកាស​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ​ សម្រាប់​មនុស្ស​ដែល​ជោគជ័យ​ ពួក​គេ​យល់​ច្បាស់​ពី​អ្វី​ដែល​ជា​របស់​ផ្ទាល់​ខ្លួន​ និង យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ភាព​ជោគជ័យ​មក​លើ​ខ្លួន​គេ​ បន្ទាប់​មក​ពួក​គេ​បាន​ជ្រើសរើស​យក​សកម្មភាព​មួយ​ ដែល​ជួយ​ធ្វើ​ឲ្យ​និយមន័យ​នៃ​ភាព​ជោគជ័យ​ក្នុង​ខ្លួន​ពួក​គេ​ក្លាយ​ជា​ការពិត។ ដូច្នេះ​អ្នក​គួរ​ចេះ​សួរ​ខ្លួន​ឯង​ តើ​អ្នក​បាន​កំណត់​នូវ​និយមន័យ​នៃ​ភាព​ជោគជ័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ហើយ​ឬ​នៅ? កំណត់​នូវ​និយមន័យ​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន​ឲ្យ​ច្បាស់​បន្ទាប់​មក​ជ្រើស​រើស​នូវ​សកម្មភាព​មួយ​ដែល​ឆ្ពោះ​ទៅ​រក​អ្វី​​ជា​និយមន័យ​នៃ​ភាព​ជោគជ័យ​ ដែល​អ្នក​បាន​កំណត់​ក្នុង​ចិត្ត​។

 

២) ប្តូរ​ពី​ការ​អប់រំ​ ទៅ​ជា​ការ​អនុវត្តន៍​ពិត

 

មិន​ថា​អ្នក​ចេះ​ជំនាញ​ច្រើន​ប៉ុណ្ណា​នោះ​ឡើយ មនុស្ស​នូវ​តែ​មាន​ចំណុច​ខ្សោយ​ តែង​ជៀស​មិន​រួច​។ សម្រាប់​មនុស្ស​បរាជ័យ​ក្នុង​ជីវិត តែង​ដោះសា ឬ ផ្តល់​មូលហេតុ​ជា​ច្រើន​ដើម្បី​បាំង​នូវ​ចំណុច​ខ្សោយ​របស់​ខ្លួន។ សម្រាប់​ បុគ្គល​ជោគជ័យ​វិញ​ គឺ​តែង​ទទួល​ខុស​ត្រូវ​ជា​និច្ច​សម្រាប់​ការ​រស់​នៅ និង ការងារ​របស់​ពួក​គេ។ ពួក​គេ​ជា​មនុស្ស​អនុវត្តន៍​នៅ​មុន​ពួក​គេ​ទទួល​បាន​ជំនាញ​ដែល​ខ្លួន​ត្រូវ​ការ ព្រោះ​ការ​អនុវត្តន៍​មុន មិន​ត្រឹម​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​អប់រំ​បន្ថែម​នោះ​ទេ ពួក​គេ​ថែម​ទាំង​ទទួល​បាន​ការ​អនុវត្តន៍​មួយ​ជាក់​ស្តែង​ ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត​ផង។

 

៣) ផ្លាស់​ប្តូរ​ពី​គំនិត ទៅ ជា​ប្រាជ្ញា

 

មនុស្ស​គ្រប់​រូប​សុទ្ធ​មាន​គំនិត​រៀងៗ​ខ្លួន ប៉ុន្តែ​ត្រង់​ថា​បុគ្គល​ជោគជ័យ ពួក​គេ​ជា​មនុស្ស​ដែល​ប្រយ័ត្នប្រយែង​បំផុត​ ក្នុង​ការ​ជ្រើសរើស​នរណា​ដែល​ពួក​គេ​គួរ​ស្តាប់​ ព្រោះ​ថា​មនុស្ស​ភាគ​ច្រើន​កម្រ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ ឬ ចំណេះ​ដឹង​ឲ្យ​អ្នក​ណាស់ ដោយ​ពេល​ខ្លះ​ពួក​គេ​និយាយ​ត្រឹម​គំនិត​យល់​ឃើញ​របស់​ពួក​គេ​ប៉ុណ្ណោះ ដែល​នេះ​ជា​មូលហេតុ​ដែល​បុគ្គល​ជោគជ័យ​ប្រុងប្រយ័ត្ន​តើ​នរណា​ដែល​ពួក​គេ​គួរ​ស្តាប់។ ដូច​ជា​អ្នក និពន្ធ ឬ អ្នក​ជំនាញ​លើក​ទឹក​ចិត្ត ពួក​គេ​គ្រាន់​តែ​ជា​អ្នក​និយាយ​ផ្តល់​នូវ​គំនិត​អប់​រំ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​វិជ្ជមាន មាន​កម្លាំង​ចិត្ត​ធ្វើ​ការ ប៉ុន្តែ​មិន​ប្រាកដ​ថា​ធ្វើ​តាម​ពួក​គេ​ទទួល​បាន​ជោគជ័យ ដូច​មនុស្ស​មាន​បទពិសោធន៍​ ដូច​យ៉ាង​មិត្ត​រួម​ការងារ​ដែល​គេ​ដឹង​ថា​អ្វី​ ដំណើរ​ការ និង អ្វី​មិន​ដំណើរ​ការ​នោះ​ទេ ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់។

 

៤) ផ្លាស់ប្ដូរ ពី​ការ​អត់ធ្មត់ ទៅ ជា​ការ​តស៊ូ

 

ស្ដាប់​មើល​ចំណុច​ទាំង​ពីរ​នេះ​ហាក់​បី​ដូចជា​ ដូចគ្នា​ អត់​ធ្មត់ និង តស៊ូ ប៉ុន្តែ​ជាក់​ស្ដែង​វា​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង។ មនុស្ស​ដែល​ដែល​មាន​ភាព​អត់​ធ្មត់​ច្រើន​ពេល​ខ្លះ​គឺ​កម្រ នឹង​ធ្វើ​ឲ្យ​កើត​មាន​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ណាស់​ ព្រោះ​វា​ជា​សកម្មភាព​មួយ​ដែល​អ្នក​អង្គុយ​រង​ចាំ​ប៉ុណ្ណោះ​។ ចំណែក​មនុស្ស​ដែល​ជោគជ័យ​វិញ​ គឺ​ជា​មនុស្ស​ដែល​អនុវត្តន៍​នូវ​សកម្មភាព​តស៊ូ ដោយ​ពួក​គេ​រក្សា​នូវ​ការ​ធ្វើ​អ្វី​មួយ​រហូត​ទាល់​តែ​បាន​ជោគជ័យ​។

 

លោក Soichiro Honda ស្ថាបនិក​ក្រុមហ៊ុន Honda Motor Corporation ថ្លែង​ថា ជោគជ័យ គឺ មាន​ចំនួន ៩៩% នៃ​ភាព​បរាជ័យ។ នៅ​ក្នុង​ន័យ​ផ្សេង​មាន​ន័យ​ថា ជោគជ័យ នឹង​កើត​ឡើង​ប្រសិន​បើ​អ្នក​បន្ត​ធ្វើ​អ្វី​មួយ ទោះ​វា​មាន​ឧបសគ្គ​ ឬ លំបាក​ប៉ុណ្ណា​ក៏​ដោយ។

 

ចំពោះ​លោក Albert Einstein វិញ​និយាយ​ថា លោក​មិន​មែន​ជា​មនុស្ស​ឆ្លាត​ឡើយ លោក​គ្រាន់​តែ​ជា​មនុស្ស​ដែល​នៅ​ជាមួយ​នឹង​បញ្ហា​រយៈ​ពេល​យូរ​ប៉ុណ្ណោះ​។ ដូច្នេះ​វា​អាច​មាន​ន័យ​ថា​ការ​តស៊ូ​ជា​ការ​បន្ត​ធ្វើ ចំណែក​អត់​ធ្មត់​គ្រាន់​តែ​ជា​ការ​រង​ចាំ​តែ​ប៉ុណ្ណោះ។ 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com