មូលហេតុ ៣ បញ្ជាក់​ថា​ការ​ធ្វើ​សមាធិ​ ជួយ​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​ការងារ

តើ​ហេតុ​អ្វី​បាន​ជា​មធ្យោបាយ​តាំង​ពី​បុរាណ​កាល​មក តាម​រយៈ​ការ​អង្គុយ​សមាធិ មាន​ជាប់​ទាក់​ទង​នឹង​ភាព​ជា​សហគ្រិន ភាព​ជា​អ្នក​ដឹក​នាំ​ឆ្នើម ដោយ​គ្រាន់​តែ​អង្គុយ​ប្រមូល​អារម្មណ៍​ អាច​ជួយ​ពួក​គេ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​។ ខាង​ក្រោម​ជា​មូលហេតុ​ទាំង​ ៣ ដែល​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​សមាធិ​អាច​ជួយ​មនុស្ស​ ឲ្យ​មាន​ការ​អភិវឌ្ឍ​ចិត្ត​គំនិត​បាន​កាន់​តែ​ប្រសើរ។

 

១) ជួយ​ធ្វើ​ឲ្យ​អ្នក​ប្រមូល​អារម្មណ៍​ផ្តោត​លើ​ការងារ​កាន់​តែ​ប្រសើរ ៖ ការ​សមាធិ​ គឺ​ជា​ការ​ផ្តោត​នូវ​អារម្មណ៍ និង ចិត្ត។ បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of California បង្ហាញ​ថា ការ​ហាត់​ធ្វើ​សមាធិ ជួយ​កាត់​បន្ថយ​នូវ​គំនិត​វិលវល់ និង​ធ្វើ​ឲ្យ​អ្នក​បែង​ចែក​ឃើញ​កាន់​តែ​ច្បាស់​នូវ​ការងារ​ដែល​មាន​សារសំខាន់ និង អ្វី​ដែល​ជា​រឿង​រំខាន។

 

២) កាត់​បន្ថយ​ភាព​តប់​ប្រមល់​ក្នុង​អារម្មណ៍ ៖ ការ​ហាត់​ធ្វើ​សមាធិ​ជា​ប្រចាំ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់ ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​មាន​ការ​ឆ្លើយ​តប​ជាមួយ​នឹង​ភាព​តប់ប្រមល់​បាន​យ៉ាង​ល្អ​ប្រសើរ ។ សូម្បី​តែ​ក្រុមហ៊ុន Apple និង Google ក៏​បាន​ណែនាំ និង បង្កើត​វប្បធម៌​ការងារ​មួយ​ឲ្យ​បុគ្គលិក​រៀន​ធ្វើ​សមាធិ​ដែរ។

 

៣) ការ​ធ្វើ​សមាធិ​ទម្លាយ​ចេញ​នូវ​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក និង ស្វែង​រក​ភាព​មាន​ន័យ​ក្នុង​ការងារ​របស់​អ្នក ៖ ការ​ធ្វើ​សមាធិ មិន​ត្រឹម​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍ អារម្មណ៍​មូល ប៉ុណ្ណោះ​ទេ វា​អាច​នាំ​អ្នក​ទៅ​កាន់​តែ​ជិត​ខ្លួន​ឯង ថា​អ្នក​ជា​នរណា ហើយ​គួរ​ធ្វើ​អ្វី​ដើម្បី​ ឲ្យ​ជីវិត និង ការងារ​របស់​ខ្លួន​ពោរពេញ​ដោយ​ភាព​មាន​ន័យ។ សរុប​មក​ការ​ហាត់​ធ្វើ​សមាធិ គឺ​ជា​ការ​ទូន្មាន​ខ្លួន​ឯង​ នាំ​ទៅ​រក​ចំណុច​ចាប់​ផ្តើម​ដំបូង​របស់​នៃ​ចិត្ត​​របស់​អ្នក​ ទៅ​រក​ការ​អនុវត្តន៍​ នៃ​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ ការ​ចេះ​ដាក់​ខ្លួន និង​ទទួល​បាន​នូវ​ទម្លាប់​នៃ​របៀប​គិត​ពិចារណា​ទៀត​ផង។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com