​ប្រទះ​ឃើញ​សព ​សន្តិសុខ​កំពង់​ផែ​ប្រេងឥន្ធនៈ​តេ​លា ​​អណ្តែត​ទឹក

ខេត្ត​ព្រះ​សីហ​នុ ៖ ជន​រង​គ្រោះជា​សន្តិសុខ​យាម​ប្រចាំការ នៅ​លើ​កំពង់​ផែ​ប្រេងឥន្ធនៈ ក្រុមហ៊ុន​តេ​លា ដែល​រង​គ្រោះ បង្ក​ឡើង​ដោយ​នាវា​ដឹក​ប្រេង STSCOGIS TISCSSVICEGSE កាលពី​វេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ កន្លង​មក​នោះ រហូត​ដល់​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​តាម​ខ្សែទឹក​មក​ដល់​ចំណុច​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​ក្នុងភូមិ ៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

លោក ម៉ឹក ស៊ី​ថា ប្រធាន​គ្រប់គ្រង​ឃ្លាំង​ស្តុក​ប្រេង​ឥន្ទ​នៈ​ក្រុមហ៊ុន តេ​លា បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ ដែល​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ សែ​ម វណ្ណៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ​ជា​សន្តិសុខ​យាម​នៅ​កំពង់​ផែ​ផ្ទេរ​ប្រេងឥន្ធនៈ នៃ​ក្រុមហ៊ុន​ខាងលើ ដែល​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​ឃ្លាំង​ប្រេង​នៃ​ក្រុមហ៊ុន​តេ​លា ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ​រួច​មក បុគ្គលិក​របស់​ក្រុមហ៊ុន​ខាងលើ រួម​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ និង​សមត្ថកិច្ច កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ស្ទឹង​ហាវ បាន​ទៅ​ដល់​សាកសព ហើយ​បាន​ធ្វើការ​ស្រង់​សព​ប្រគល់​ជូន​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​ដឹក​ទៅ​ស្រុក​កំណើត​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា ពី​ក្រុមហ៊ុន​ខាងលើ ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រោយ​ពេល​កើតហេតុ​ខាងលើ តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ មូលដ្ឋាន​ស្រុក​ស្ទឹង​ហាវ បានអោយ​ដឹង​ថា លោក ម៉ឹក ស៊ី​ថា ប្រធាន​គ្រប់គ្រង​ឃ្លាំង​ស្តុក​ប្រេង​ឥន្ទ​នៈ​តេ​លា បាន​ដាក់​ពាក្យបណ្តឹង ក្រុមហ៊ុន​នាវា​ដឹក​ប្រេង​ឈ្មោះ STSCOGIS TISCSSVICEGSE ទៅ​សាលាដំបូង ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្វែងរក​ឃាតករ​ជូន​ដល់​ជន​រង​គ្រោះ ដែល​ជា​សន្តិសុខ​ក្រុមហ៊ុន​ខាងលើ និង ដើម្បី​បានការ​ពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ។ មាន​ពាក្យ​ចចាមអារ៉ាម​ពី​មជ្ឈដ្ឋាន​ខាងក្រៅ បែប​មាត់ចាបមាត់ព្រាប​ថា កំពង់​ផែ​ដែល​ជា​ចំណត​នាវា​ផ្ទេរ​ប្រេងឥន្ធនៈ របស់​ក្រុមហ៊ុន​ខាងលើ មិន​មានគុណ​ភាព​ទេ ដោយហេតុ​ថា ការ​សាងសង់​មិន​បាន​ត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដោយហេតុ​ថា ការ​សាងសង់​បុក​គ្រឹះ​មាន​ស្ថានភាព​រាក់​ៗ ពេល​រលក​នាំ​ខ្សាច់​មាន​ចំនួន​កើនឡើង ធ្វើ​អោយ​នាវា​ដឹក​ជញ្ជូន​ប្រេង​ចូល​ចត​មិន​បាន ក៏​ចាប់ផ្តើម​យក​ម៉ាស៊ីន​បូម​ខ្សាច់​ចេញ ឲ្យ​មាន​លក្ខណៈ​ដែល​អាច​នាវា​ចូល​ចត​បាន ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ដល់​សសរ​គ្រឹះ​សំណង់​ផែ ហេតុ​ដូចនេះ​ហើយ ទើប​មានការ​ប៉ះទង្គិច​ពី​នាវា តិចតួច​បណ្តាល​ឲ្យ​ទៅ​ជា​ដួល​រលំ​បែប​នេះ ។

ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក្តី គ្រាន់តែ​ជា​ប្រភព​ក្រៅផ្លូវការ​ប៉ុណ្ណោះ ។ លោកស្រី ចាប សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ថា ជុំវិញ​ឧប្បត្តិហេតុ​ខាងលើ​នេះ លោកស្រី​ពុំ​ទាន់​បាន​ទទួល​ពាក្យបណ្តឹង ណាមួយ​ពី​អគ្គនាយក​ក្រុមហ៊ុន​ប្រេង តេ​លា នៅឡើយ​ទេ បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន ដែល​ជា​អ្នក​រង​គ្រោះ លោកស្រី និង​រៀបចំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​អគ្គនាយក​ក្រុមហ៊ុន ប្រេងឥន្ធនៈ តេ​លា ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន​យើង មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ឡើយ ៕