ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

អតីតបេក្ខភាព The Voice Cambodia ហើយបច្ចុប្បន្នបានក្លាយជាតារាចម្រៀងរបស់ WE Production កញ្ញា ប៉ាច គីមមួយ បានប្រាប់ថា រាល់ថ្ងៃខ្លួនមានទីផ្សារបណ្ដើរហើយ។

ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

គិតមកដល់ពេលនេះកញ្ញា ប៉ាច គីមមួយ បានចូលច្រៀងឲ្យWE Production ១ឆ្នាំមកហើយ ដោយរយៈពេលនេះ តារាស្រីមានកំណើតមកពី ស្រុក ថ្មគោល ខេត្ត ដំបងប្រាប់ថា មានបទច្រៀងចំនួន៥បទមកហើយ នឹង ២បទផ្សេងទៀតត្រៀមចេញនៅរដូវចូលឆ្នាំខាងមុខនេះ។

បទចម្រៀងដែលបានលក់នៅលើទីផ្សារមកនេះ គីមមួយ សម្លឹងឃើញថា មាន១បទត្រូវបានទស្សនិកជនគាំទ្រខ្លាំង គឺបទ “ដឺដាក់ខែ” ព្រោះបទចម្រៀងមួយនេះពេលចុះទៅច្រៀងនៅតាមខេត្ត ម្ដងៗមានអ្នកគាំទ្រច្រើន។

តារាចម្រៀងវ័យ២២ឆ្នាំម្នាក់នេះថ្លែងថា រាល់ថ្ងៃទីផ្សារសិល្បៈរបស់ខ្លួនចាប់ផ្ដើមមានបណ្ដើរហើយ ប៉ុន្តែមិនទាន់មានច្រើនខ្លាំងទេ។ ក្រៅពីច្រៀងនៅក្នុងផលិតកម្ម បច្ចុប្បន្ន នាងច្រៀងប្រចាំនៅភោជនីយដ្ឋាន Mango Mango និងចុះទៅច្រៀងនៅតាមខេត្តម្ដងម្កាល ហើយចំពោះការច្រៀងនៅតាមស្ថានីយទូរទស្សន៍ញឹកញាប់ផងដែរ។

ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

 

គីមមួយ បានលើកឡើងថា ចំណូលដែលបានមកពីសិល្បៈរាល់ថ្ងៃប្រសើរជាងមុនឆ្ងាយ បើប្រៀបធៀបកាលខ្លួនចូលសិល្បៈដំបូង ដោយអាចនិយាយបានថា មួយគុណនិង១០ ក៏អាចថាបាន។ នាងបន្តថា កម្រៃពីសិល្បៈនេះ អាចជួយមកគ្រួសារបានខ្លះៗ ប៉ុន្តែមិនទាន់បានច្រើនឡើយ ព្រោះប្រជាប្រិយភាពរបស់នាងមិនទាន់ល្បីដូចតារារៀមច្បងនៅឡើយ។

តារាចម្រៀងស្រីខាងលើនិយាយថា ខ្លួនសប្បាយចិត្តខ្លាំងណាស់ដែលមានឱកាសបានក្លាយជាតារាចម្រៀងមានផលិតកម្មត្រឹមត្រូវបែបនេះ ត្បិតអីវាជាក្ដីស្រមៃតាំងពីខ្លួនសម្រេចចិត្តដើរលើវិថីសិល្បៈមកម្ល៉េះ។ នាងថ្លែងជាចុងក្រោយថា នឹងខំប្រឹងបន្ថែមទៀត ដើម្បីអនាគតខ្លួន ក៏ដូចក្រុមគ្រួសារ៕

ប្រភព៖ សប្បាយ