សមាគម​អ្នក​សាងសង់​កម្ពុជា​ ជួបជុំ​សមាជិក​

សមាគម​អ្នក​សាងសង់​កម្ពុជា​ ជួបជុំ​សមាជិក​



​ភ្នំពេញ​ ៖ សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ធ្វើ​ការ​ជួបជុំ​ សំណេះសំណាល ​និង​ទំនាក់ទំនង​ធុរកិច្ច​ជាមួយ​សមាជិក​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៣០ ​ខែមីនា ​ឆ្នាំ​២០១៦​មកនេះ​ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ដោយមាន​ការចូលរួម​យ៉ាងច្រើន​ពី​សមាជិក​ចាស់​ថ្មី ក្នុង​គោលបំណង​ផ្តល់​ផ្លាស់ប្ដូរ​បទ​ពិ​សោធន៍​ពី​គ្នា​ទៅវិញទៅមក​។​ ​ ​ ​ ​ ​ ​ ​

លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ដែល​អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សមាគម​អ្នក​សាងសង់​កម្ពុជា បច្ចុប្បន្ន​មាន​សមាជិក​ប្រមាណ​១១​៦​ក្រុមហ៊ុន ក្រុមហ៊ុន​ទាំងនោះ​មាន ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​លក់​សំភារៈ​បរិក្ខារ​ឧបករណ៍​គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​អចលន​ទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​អគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន​ធានារ៉ាប់​រង ក្រុមហ៊ុន​ដឹកជញ្ជូន​សំភារៈ​សំណង់ ក្រុមហ៊ុន​ធ្វើ​ពិសោធន៍​ដី ក្រុមហ៊ុន​ធ្វើ​សសរ​គ្រឹះ និង​គ្រឹះ​ក្រុម​ហ៊ុន​សេវាកម្ម និង​លក់​អចលន​ទ្រព្យ ផ្ទះសម្បែង ដីធ្លី និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​សាងសង់​ជាច្រើន​ផ្សេ​ង​ៗ​ទៀត​។​ ហើយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនេះ ​មាន​ខ្លះ​ជា​ក្រុមហ៊ុន ឬ​សាខា​ក្រុមហ៊ុន​របស់​បរទេ​ស​ជាច្រើន​ដូចជា មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ ថៃឡង់​ដ៏ សិង្ហបុរី ស៊ុយអែត ស្វីស​ហ្សេ​លែ​ន ម៉ាឡេ​ស៊ី អាល្លឺម៉ង់ បារាំង វៀតណាម ឥណ្ឌូណេស៊ី​….​។​ ​

​លោក​ឧកញ៉ា​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ជួយ​រក​ផលប្រយោជន៍ និង​ផ្តល់​ឱកាស​ជូន​សមាជិក​នីមួយៗ​ធ្វើការ​ជួបជុំ​សំណេះសំណាល​ពិភាក្សា និង​ទំនាក់ទំនង​ធុរកិច្ច​ជាមួ​យ​គ្នា​ដោយ​ផ្ទាល់ ហើយ​ពិធី​ធុរកិច្ច​នេះ​រៀបចំ​៣​ដង​យ៉ាងតិច​ក្នុង​១​ឆ្នាំ​។ ក្រៅ​អំពី​កម្មវិធី​ធុរកិច្ច​នេះ​ស​មាគម​ក៏បាន​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​នៅ​រៀងរាល់​ចុងឆ្នាំ​នីមួយៗ ដែល​មាន​ប្រមាណ​ជា ២៥០​ស្តង់ ដើម្បី​បង្ហាញ និង​លក់​ផលិតផល​សំភារៈ​ឧបករណ៍ គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ គម្រោង​សាងសង់ ផ្ទះសម្បែង និង​បច្ចេកវិទ្យា​សាងសង់​ទំនើបៗ​ដូចជា ការដំឡើង​ប្រព័​ន្ធ​ទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ កាមេរ៉ា​សុវត្ថិភាព និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ជាច្រើ​ន​ប្រភេទ​ផ្សេងទៀត​សរុប​ប្រមាណ​ជាង ១០០ ប្រភេទ ដែល​ជា​ផលិតផល​ក្នុងស្រុក និង​នាំចូល​មកពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​ និង​ក៏​មាន​បង្ហាញ​ពី​សេវាកម្ម​ធានារ៉ាប់រង និង​ធនាគារ​ផង​ដែរ​។​

​ចំពោះ​ពិធី​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ក្នុងឆ្នាំនេះ សមាគម​នឹង​រៀបចំ​នៅ​ថ្ងៃទី​១ ដល់ ទី​ថ្ងៃទី​៣​ ខែធ្នូ ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​មាន​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចូលរួម​ស្វាគ​មន៍ និង​គាំទ្រ​យ៉ាងច្រើន​កុះករ​៕​