ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​ បាន​នាំ​លទ្ធផល​ជាច្រើន​លើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​

ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​ បាន​នាំ​លទ្ធផល​ជាច្រើន​លើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​



ភ្នំពេញ​ ៖ ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​និង​លោកស្រី ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ នៃ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ពេញ​១​សប្ដាហ៍ នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ បាន​វិល​ត្រលប់​មកដល់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​ហើយ ដោយ​បាន​ទទួល​នូ​វ​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ច្រើន ពិសេស​ទៅលើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ការ​ច្នៃ​ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​ជាដើម។

ក្នុង​សន្និសីទកាសែត​មួយ​នៅ​ព្រលានយន្តហោះ​ភ្នំពេញ ​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ​ ជាមួយ​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ គឺ​អនុវត្ត​ទៅតាម​អនុ​សាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី សំដៅ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ពិសេស​ពាំនាំ​នូវ​បច្ចេកវិទ្យា​ និង​បទពិសោធន៍​លើ​ការងារ រៀបចំ​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ​នេះ មក​ជួយ​ក្នុង​ការ​រៀបចំ​រាជធានី​ភ្នំពេញ។​ ផ្ដើម​ចេញពី​សកម្មភាព​នេះ​ហើយ ទើប​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សន​នៅ​ប្រទេស​ជប៉ុន​មួយ​សប្ដាហ៍។

លោក​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ប្រតិភូ​បាន​ពិនិត្យ​ឃើញថា ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ ពិតជា​មានការ​រៀបចំ​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិស្ថាន​ល្អ ពិសេស​លើ​សំណល់​រឹង​ និង​រាវ ហើយ​ប្រតិភូ​យើង​ក៏បាន​ទៅ​ពិនិត្យ​មើល​អាង​សម្រោះ​ទឹក​សំអុយ ដោយ​អាង​សម្រោះ​ទឹក​សំអុយ​របស់​គេ​នោះ​បាន​កាត់​បន្ត​យ​ជាតិពុល​បានជា​អតិបរមា​មុន និង​បង្ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង ទន្លេ ឬ សមុទ្រ ពោល​គឺ​គេ​អាច​ធ្វើ​ឲ្យ​ទឹក​ដែល​កខ្វក់​បំផុត​ទៅជា​ទឹក​ដែល​ល្អ​បំផុត ដែល​អាច​ប្រើប្រាស់​បាន។​ ចំពោះ​បញ្ហា​សំរាម​វិញ​គេ​ក៏​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​ផង​ដែរ ដោយ​មិន​ត្រឹមតែ​ការគ្រប់គ្រង ការ​ប្រមូល​សំរាម​បាន​ល្អ​ប៉ុណ្ណោះ​ទេ តែ​គេ​បាន​កែច្នៃ​សំរាម​ទៅជា​វត្ថុ​ធាតុ​ដើម បង្កើត​បាន​ផលិតផល​ជាច្រើន​ទៀត​ដូចជា ជីកំប៉ុស ឧស្ម័ន ថាមពល​អគ្គិសនី និង​ផលិតផល​ប្រើ​ឡើង​វិញ​ដូចជា ដែក អាលុយមីញ៉ូម ជ័រ ក្រដាស​ផង​ដែរ។ លោក​បន្ត​ថា កិច្ច​ការងារ​នេះ​ អាច​ធ្វើ​ទៅ​បាន​ដាច់ខាត​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ។ ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ពិតជា​សក្ដានុពល​ដែល​អាច​ធ្វើ​ឲ្យ​ទីក្រុង​មួយ​មាន​បរិស្ថាន​ល្អ​។​

លោក​បន្ត​ទៀត​ថា ក្រៅពី​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​សាលាក្រុង​គី​តា​ក្យូស៊ូ​នៃ​ប្រទេស​ជប៉ុន បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​ចង​សម្ពន្ធភាព​ទីក្រុង​រវាង​លោក Kenji KITAHASHI អភិបាលក្រុង​គី​តា​ក្យូស៊ូ និង​រាជធានី​ភ្នំពេញ​របស់​យើង​ដោយ ក្នុង​ពិធី​នោះ​ក៏​មាន​ការ​ចូលរួម​ពី​លោក Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន និង​លោកស្រី ជា គឹម​ថា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ផង​ដែរ​។​

ការ​ចង​សម្ពន្ធភាព​ទីក្រុង​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ ជា​មោទនភាព​មួយ​របស់​រាជធានី​ភ្នំពេញ ដែល​ជា​ទីក្រុង​ជា​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ជប៉ុន ដែល​បាន​ភ្ជាប់​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ។
លោក​អភិបាល​រាជធានី​បន្ត​ថា ក្រោយពី​បញ្ចប់​ពិធី​ចុះហត្ថលេខា​ចង​សម្ពន្ធភាព​ខាងលើ​រួច​ហើយ​ប្រតិភូ​យើង​ក៏បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក​អភិបាល​ទីក្រុង​តូ​ក្យូ​បន្ត​ទៀត​។​

ក្នុង​ជំនួប​នោះ​ លោក​អភិបាល​ទីក្រុង​តូ​ក្យូ លោក​មាន​បំណង​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ទាំងពីរ គឺ​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​តូ​ក្យូ ក្នុង​គោលដៅ​រៀបចំ​ឲ្យ​មាន​បទពិសោធន៍​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ជា​មួយ​នឹង​ការ​ជញ្ជូន​សាធារណៈ។​

ទន្ទឹម​នឹង​នេះ​ ទីក្រុង​តូ​ក្យូ ​ក៏​កំពុង ​និង​ត្រៀមលក្ខណៈ ដើម្បី​រៀបចំ​កីឡា​អូឡាំពិក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០២០ វា​ជា​ឱកាស​របស់​យើង​ដក​បទពិសោធន៍​ផង​ដែរ ដោយ​រាជធានី​ភ្នំពេញ​របស់​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២៣។​

កិច្ច​ពិភាក្សា​នោះ​ទីក្រុង​ទាំង​២​ នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​គ្នា​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ពោល​គឺ​ក្រោយពី​មានការ​សម្រេច​ពី​ប្រមុខរដ្ឋាភិបាល។​

លោក​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ប្រតិភូ​យើង​ក៏បាន​បន្ត​ទៅ​ជួបពិភាក្សា​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត​ជាមួយ​អង្គការ​ចៃ​ការ ហើយ​ជា​លទ្ធផល​អង្គការ​ចៃ​ការ បានសម្រេច​ក្នុង​ការ​ជួយ​លើ​ការ​កសាង​ប្រព័ន្ធ​លូ ​ប្រឡាយ ជំហាន​ទី​៤​បន្ត​ទៀត ការ​ជួយ​លើ​វិស័យ​អប់រំ ក្នុង​ការ​កសាង សាលា​រៀន ជួយ​លើ​ប្រព័ន្ធ​ចរាចរណ៍ លើ​ការ​ដាក់​ភ្លើងស្តុប​១០០​កន្លែង​ និង​ជួយ​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​រថយន្ត​ក្រុង ចំនួន​១៨០​គ្រឿង ​នឹង​ត្រូវ​អនុម័ត​យល់ព្រម​ជា​ផ្លូវការ​ឆាប់ៗ​ខាងមុខនេះ ដោយ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ខ្សែ​រត់​បន្ថែម​ទៀត ទៅតាម​ប្លង់​គោល​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ។

លោក​អភិបាល​រាជធានី​បាន​បន្ត​ទៀត​ថា ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​នេះ យើង​ពិតជា​មានការ​នឿយហត់​ណាស់ ប៉ុន្តែ​វា​ពិតជា​បានទទួល​នូវ​លទ្ធផល​ និង​ផលប្រយោជន៍​ជាច្រើន​មក​រាជ​ធានី​ភ្នំពេញ​វិញ ក្នុង​ការ​ដោះស្រាយ​នៅ​បញ្ហា​ប្រឈមៗ​នានា​នៅ​ពេល​ខាងមុខ​៕​

ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​ បាន​នាំ​លទ្ធផល​ជាច្រើន​លើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​

ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​ បាន​នាំ​លទ្ធផល​ជាច្រើន​លើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​

ពេញ​១​សប្ដាហ៍ ​នៅ​ប្រទេស​ជប៉ុន​ បាន​នាំ​លទ្ធផល​ជាច្រើន​លើ​ការគ្រប់គ្រង​កែច្នៃ​សំរាម ទឹក​កខ្វក់ បញ្ហា​រំដោះ​ទឹកភ្លៀង​ និង​ការ​ដោះស្រាយ​ចរាចរណ៍​