មេព្រៃ ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​ពី​បទ​ជួញដូរ​សាច់​សត្វ​ព្រៃ​ជាង​១០០​គីឡូក្រាម​

មេព្រៃ ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​ពី​បទ​ជួញដូរ​សាច់​សត្វ​ព្រៃ​ជាង​១០០​គីឡូក្រាម​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ​ម្លូ​ព្រៃ​កំពង់​ស្រ​ទ្បៅ ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​សត្វព្រៃ​ ដែល​ជនល្មើស​កំពុង​ដឹកជញ្ជូន​តាម​ដង​ផ្លូវ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ត្រពាំង​ព្រីង ​ភូមិ​ដង​ផ្លិត ​ឃុំ​ឆែប​ ស្រុក​ឆែប។

តាម​ដឹង ​សត្វព្រៃ​ដែល​ព្រានព្រៃ​បាញ់សម្លាប់​ និង​ដាក់​អន្ទាក់ ​ដើម្បី​យក​សាច់​លក់​ឲ្យ​ឈ្មួញ​ គឺ​វា​មាន​ប្រភព​ចេញពី​តំបន់​ព្រៃឈើ​ការពារ​ព្រះវិហារ​ ឬ​ព្រៃ​ព្រះរ​ការ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០​មីនា​ថា ​ពេលនោះ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ សហការ​ជា​មួយ​នគរបាល​ស្រុក​ឆែប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​។ និង​វត្ថុតាង ​បទល្មើស​ដែល​ដកហូត​បាន​រួម​មាន​រណាយន្ត​ចំនួន​០២​គ្រឿង ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០៣​គ្រឿង ​គោយន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង​ ស្នាតេះ​០២​ដើម​ ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។

សមត្ថកិច្ច​បញ្ជាក់​ថា ​ក្នុង​នោះ​សមត្ថកិច្ច​រឹបអូស​បាន​សាច់​ជ្រូក​ព្រៃ​ស្រស់ៗ​ចំនួន​៥៥​គីឡូក្រាម​និង​សាច់​ឈ្លូស​ស្រស់ៗ​ចំនួន​៥៦​គីឡូក្រាម​ ដែល​ជនសង្ស័យ​បាន​លួចលាក់​ច្រក​ការុង​ដឹក​តាម​ម៉ូតូ ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្ទាក់​ចាប់​បង្ក្រាប​បាន​តែម្ដង​។

ជនសង្ស័យ​៣​នាក់ ​ក្នុងចំណោម​៦​នាក់​ ត្រូវ​គេ​ស្គាល់​ ទី​១​-ឈ្មោះ​ ផូ​ ផាន់​ណា ​ភេទ​ប្រុស ​ម្ចាស់​គោយន្ត​កន្ត្រៃ​រណា​យន្ត​មួយ​គ្រឿង​ និង​ឈើ​តាប់​ប្រណីត​០៣​សន្លឹក​។​ ទី​២​-ឈ្មោះ​ ឌឿ​ន​ សួន​ភេទ​ប្រុស​ ម្ចាស់​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌​ខ្មៅ​ ដឹក​សាច់​សត្វព្រៃ​ខុសច្បាប់​ និង​រណា​យន្ត​០១​គ្រឿង ​ពណ៌​ស្លា​ទុំ​ និង​ទី​៣​-ឈ្មោះ ​ជា​ ឆេន ​ភេទ​ប្រុស ​ម្ចាស់​ម៉ូតូ​ដឹក​រណា​យន្ត​០១​គ្រឿង​។​ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ ជំនាញ​មេព្រៃ​មិនទាន់​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​៣១​មីនា​នេះ​។​

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៦ ​លោក ​អ៊ិត​ ភូម្រា​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ និង​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​នូវ​សាច់​សត្វព្រៃ​ខុសច្បាប់​ទម្ងន់​សរុប​ចំនួន​១១១​គីឡូក្រាម​ផង​ដែរ​៕