ខឹង​​​ឪពុកម្ដាយ​​ទៅ​ធ្វើ​ការ​បាត់​អស់​​ ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​ម៉ត់

ខឹង​​​ឪពុកម្ដាយ​​ទៅ​ធ្វើ​ការ​បាត់​អស់​​ ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​ម៉ត់



ពោធិ៍សាត់ ​៖​ យុវជន​​ អាយុ​១៨​ឆ្នាំ​ម្នាក់​ ដែល​ក្រុម​គ្រួសារ​អះអាង​ថា​ មាន​ជំងឺ​ឈឺ​ចាប់​រាងកាយ (​ឆ្កួត​ជ្រូក​) ​​បាន​ខឹង​នឹង​ឪពុកម្ដាយ​មិន​នៅ​ផ្ទះ​ រវល់​​តែ​ទៅ​ធ្វើ​ការ​ជា​ កម្មករ​សំណង់​ ក៏​ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​អស់​គ្មាន​សល់។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​​យប់​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា ​ទើប​កម្លាំង​នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​បាន។

លោក​អ៊ុន ហូរ ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​សង្កាត់​រលាប​ បាន​និយាយ​ពី​ករណី​នេះ ​ក្រោយ​ពេល​ចាប់​​​ជន​សង្ស័យ​​យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ ​ថា ​៖ ជនសង្ស័យ​នេះ​ឈ្មោះ​រ៉ាក់ ​សារឿន អាយុ​១៨​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុកម្ដាយ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

លោក​នាយ​ប៉ុស្តិ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​​ម៉ោង​កើតហេតុ​ខាង​លើ​នោះ ​ជន​សង្ស័យ​រូប​នេះ​បាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ ហើយ​ទំនងជា​ជំងឺ​ឈឺ​ចាប់​រាងកាយ​នោះ​រើ​ឡើង​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ខ្លាំង​ ចំ​ពេល​ឪពុកម្ដាយ​មិន​នៅផ្ទះ​ ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង​​ទំហំ​៥​គុណ​៤​ម៉ែត្រ ​ដំបូល​ប្រក់​ស័ង្កសី ក្រាល​ក្ដារ ​និង​ត​យ៉ាប​ខាងក្រោយ​៣​​ម៉ែត្រ​ទៀត​ ឆេះ​ម៉ត់​ រួម​ជាមួយ​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ​នោះ។

ក្រោយ​ពេល​ដុត​ផ្ទះ​ខ្លួន​ឯង​ហើយ​ ទើប​ឪពុកម្ដាយ​ដឹង ​ហើយ​​​​ប្រាប់​ថា​គឺ​កូនប្រុស​គាត់​ម្នាក់​នេះ​មាន​ជំងឺ​ឈឺចាប់​រាងកាយ ( ឆ្កួត​ជ្រូក ) យូរ​ឆ្នាំ​ហើយ​ ពោល​គឺ​តាំងពី​គេ​នៅ​តូច​ម្ល៉េះ។ លោក​បាន​បន្ត​ថា​ទោះ​យ៉ាង​ណា ​លោក​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​គ្រាន់តែ​បំពេញ​តួនាទី​តាមច្បាប់​ប៉ុណ្ណោះ​ ដោយ​នាំ​យក​អ្នក​ដុត​ផ្ទះ​ខ្លួន​ឯង​នេះ ​​​​​បញ្ជូន​ទៅ​អធិការ ​ហើយ​មាន​ចាត់ការ​យ៉ាង​ណា​នោះ តាម​ការ​ជាក់ស្ដែង ពោល​បើ​សមត្ថកិច្ច​រក​ឃើញ​ថា​ពិតជា​មាន​ជំងឺ​នេះ​មែន​ ជនសង្ស័យ​នឹង​ផុត​ពី​សំណាញ់​ច្បាប់​ ​​តែ​បើ​មិន​មាន​ជំងឺ​ដូច​ការ​លើក​ឡើង​របស់​ឪពុក​ម្ដាយ​ គេ​នឹង​មាន​ទោស​តាមច្បាប់៕

ខឹង​​​ឪពុកម្ដាយ​​ទៅ​ធ្វើ​ការ​បាត់​អស់​​ ដុត​ផ្ទះ​ខ្លួន​ឯង​ឆេះ​ម៉ត់