សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ម៉ូតូ​ពី​ភ្នំពេញ យកមក​លក់​នៅ​ខេត្តសៀមរាប​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​ម៉ូតូ​ពី​ភ្នំពេញ យកមក​លក់​នៅ​ខេត្តសៀមរាប​



សៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម សហការ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​សម្ងាត់ ចុះ​ស្រាវជ្រាវ​តាមដាន​រហូត មានការ​សង្ស័យ ពី​សកម្មភាព​របស់​ជ​ន​ល្មើស ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ​ពណ៌​ខ្មៅ​ មួយ​គ្រឿង មក​ធ្វើការ​ដោះដូរ នៅ​កន្លែង​ជួសជុល​ម៉ូតូ​ខុសប្លែក​ពី​ធម្មតា ក៏​ធ្វើការ​ឃាត់ខ្លួន រួច​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

ហេតុ​ការណ៍​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ ថ្ងៃ​ទី៣១ ​ខែ​មីនា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​កន្លែង​ជួសជុល​ម៉ូតូ ពី​ខាងលិច​ផ្សារលើ​ធំ​ថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មិនា ឆ្នាំ២០១៦​នេះ​ថា ដោយមាន​ការ​សហការ​បានល្អ​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​សម្ងាត់ ទើប​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​តាមដាន​រហូត មានការ​សង្ស័យ ពី​សកម្មភាព​របស់​ជ​ន​ល្មើស ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​២១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១DD៥៦៨៥ មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន ៩៥០៣៥៦៧ មួយ​គ្រឿង យក​មក​ដោះ​កង់​កាំ​បន្ទះ​ពណ៌​ខ្មៅ​បាញ់ថ្នាំ​ពណ៌​ស និង​បិត​ស្លាក​លេខ​ស្គុ​ត​ពណ៌​ស ចាប់វីស​ស្លាក​លេខ​ម្ខាង​នឹង​ម្ខាង​ទៀត ចាប់​ខ្មៅ ចំណែក​សោ​កមាន​ស្នាម ទ្រ​ក នៅ​កន្លែង​ជួសជុល​ម៉ូតូ​ខុសប្លែក​ពី​ធម្មតា ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន រួច​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

ប្រភព​បាន​បន្ត​ថា ក្រោយពី​នាំ​ជនសង្ស័យ​មក​ធ្វើការ​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ ដើម្បី​យក​មក​ទិញ​បារី​ជក់ នៅ​ចំណុច​មុខ​ផ្សារ​ច្បារអំពៅ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក​មិន​ចាំ​ថ្ងៃ​ទី ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ ខណៈ​ពេល​នោះ រូបគេ​ក៏បាន​ជិះ​ម៉ូតូ​បង្ហួស មក​ខេត្តសៀមរាប​តែ​ម្តង​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ កែវ ចាន់ណា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​រត់​ឌុប​ម៉ូតូ​មាន​ទីលំនៅ​ភ្នំពេញ​(​ធ្លាប់​ជាប់គុក​ម្តង រយៈពេល​៥​ឆ្នាំ​កន្លះ​នៅ​ខេត្ត​សៀមរាប ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​) ហើយ​ទើប​ចេញពី​គុក​មកវិញ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។

ចំណែក ជនរងគ្រោះ​មានឈ្មោះ សេង ប៉ោ​សៀ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប ដូចគ្នា​មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ ដែល​ត្រូវ​បាន​ជនសង្ស័យ​ខ្ចី​ម៉ូតូ​ទៅ​បាត់​កាលពី​ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ ដែល​មាន​ម៉ូតូ​ម៉ាក​២១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-5685 មាន​លេខ​តួ​ និង ​លេខ​ម៉ាស៊ីន ៩៥០៣៥៦៧ មួយ​គ្រឿង។

ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ពី​ជនសង្ស័យ​រួមមាន ម៉ូតូ​១​គ្រឿង និង ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​នគរបាល​ក្រុង​សៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​បន្ត រួច​បន្ត​បញ្ជូន​ទៅ​តុលាការ​សៀមរាប ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕