បបួល​គ្នា​មួ​យ​គ្រួសារ​ទៅ​ញាំ​ការ​បងប្អូន​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក្រឡាប់រថយន្ត

បបួល​គ្នា​មួ​យ​គ្រួសារ​ទៅ​ញាំ​ការ​បងប្អូន​ដល់​ពាក់​កណ្ដាល​ផ្លូវ​ក្រឡាប់រថយន្ត



រតនគីរី ៖ បបួលគ្នា​ទៅ​ស៊ីការ បងប្អូន នៅ​ភូមិ ក្រឡាប់​រថយន្ត ស្លាប់​ម្នាក់ ធ្ងន់​ស្រាល​៧​នាក់។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដោយ​ខ្លួន​ឯង​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩និង៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ត្រង់​ចំណុច​ស្រែ​លោក ហាក់ សុភា។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ក្រឡាប់​ខ្លួនឯង​នោះ​ម៉ាក នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y.0094 ជិះ​គ្នា ៨​នាក់ ទាំង​អ្នកបើកបរ​។ ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ លន់ វាំង ប្រុស អាយុ​២៩​ឆ្នាំ និង​៧​នាក់​ទៀត រងរបួស​ធ្ងន់ និង ស្រាល។

បើ​តាម​ការ​ឲ្យ​ដឹង ពីរ​នាក់​រង​របួស​ស្រាល​ម្នាក់ បាន​ឲ្យ​ដឹង​ថា ពួកគាត់​ទាំងអស់​គ្នា មាន​លំនៅ ភូមិ​កែង​សាន់ ឃុំ​កែង​សាន់ ស្រុក​លំផាត់​។ ពួកគាត់​បាន​នាំគ្នា​ទៅ​ស៊ីឈ្នួល​រើស​គ្រាប់​ស្វាយចន្ទីរ ឲ្យ​គេ​នៅ​ស្រុក​អូយ៉ាដាវ​។ ហើយ​ពួកគាត់​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ភូមិ​កែង​សាន់​វិញ ដើម្បី​ការ​បងប្អូន នៅ​ល្ងាច​ថ្ងៃទី​៣១ នេះ​។ តែ​ដោយសារ​តៃកុង​បើកបរ​លឿន​ពេក មកដល់​ចំណុច​កើតហេតុ ផ្លូវ​កោង ហើយ​ផ្លូវដី​មាន​គ្រួស​ល្អិតៗ​ផង​នោះ ក៏​ជ្រុល​រអិល ក្រឡាប់​ជាច្រើន​ត្រឡប់។

បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវ​យក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​បរ​កែវ អ្នក​បាត់​បង់ជីវិត ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋាន​ភូមិ​កែង​សាន់។

គួរ​បញ្ជាក់​ថា រហូតដល់​ពេលនេះ សមត្ថកិច្ច​មិនទាន់​យក​អត្តសញ្ញាណ ជនរងគ្រោះ បាន​នៅឡើយ​ទេ ដោយសារ​ចំណុច​កើតហេតុ នៅ​ឆ្ងាយ ចំណែក​លំនៅ​ជនរងគ្រោះ នៅ​តំបន់​ដាច់ស្រយាល៕