គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣០ ខែមីនា​កើតឡើង​៦​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៣០ ខែមីនា​កើតឡើង​៦​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៦​លើក ក្នុង​នោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ៥​នាក់ ( ស្រី ១​នាក់ ) និង​របួសស្រាល ១​នាក់ ( ស្រី )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ចំនួន ៤​លើក ,​ស្រវឹង ចំនួន ១​លើក , និង​មិន​គោរព​សិទ្ធិ ចំនួន ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ៥​នាក់ ( យប់ ៤​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ២​លើក។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ១​លើក និង​រថយន្ត​ធុន​ធំ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្តកំពង់​ស្ពឺ ១​លើក ស្លាប់ ២​នាក់ របួស ១​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក របួស ២​នាក់ (​ស្រី ១​នាក់ )។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៥៧៦០​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២៤២២​គ្រឿង និង​ពិន័យ​សរុប ៣៣៣៨​គ្រឿង៕