ទីប្រឹក្សា​ខុមហ្វ្រែល ថា​បក្ស​កាន់អំណាច​អាច​គ្រប់គ្រង​ការបោះឆ្នោត ទើប​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​

​លោក Michael ទីប្រឹក្សា​នៃ​អង្គការ​ខុមហ្វ្រែល មិន​ទុកចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា នោះទេ​។ លោក​ថា ការអនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត គ្រាន់តែ​ជាការ​បន្លំ​ភ្នែក​អន្តរជាតិ​ថា កម្ពុជា​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាគី​បក្ស​កាន់អំណាច ច្រានចោល និង​សើចចំអក​ឲ្យ​ទីប្រឹក្សា​រូបនេះ ថា មិនដឹង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។

​ទីប្រឹក្សា​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា លោក Michael មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​ការបោះឆ្នោត ធ្វើជា​ផ្ទាំង​ស ដើម្បី​បិទបាំង​របប​ផ្តាច់ការ​របស់ខ្លួន​។ លោក​ថា គណបក្ស​ដឹកនាំ​រដ្ឋាភិបាល អាច​គ្រប់គ្រង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា និង​ដឹង​លទ្ធផល​ជា​រៀងរាល់​អាណត្តិ​ថា ខ្លួន​ច្បាស់​ជា​ឈ្នះ​ការបោះឆ្នោត ដូច្នេះ ទើប​អនុញ្ញាត ឲ្យ​មានការ​បោះឆ្នោត​។

​ទីប្រឹក្សា​នៃ​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ បាន​ហៅ​កម្ពុជា​ថា ជា​ប្រទេស​ផ្តាច់ការ តាមរយៈ​ការបោះឆ្នោត​។ លោក​ពន្យល់ថា  ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​ប្រកាន់ខ្ជាប់​នូវ​របប​ប្រជាធិបតេយ្យ​ឡើយ តែ​រដ្ឋាភិបាល បាន​យក​ការបោះឆ្នោត ធ្វើជា​លេស ដើម្បី​ប្រកាសប្រាប់​អន្តរជាតិ ថា កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ​។​

​ការ​ថ្លែង​របស់លោក Michael ខាងលើ ធ្វើឡើង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន ស្តីពី​របាយការណ៍​ប្រចាំឆ្នាំ​២០១៥ ចំនួន​២  កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ។ របាយការណ៍​ទាំង​២​នោះ​គឺ របាយការណ៍​ស្តីពី​ភាពមិន​ត្រឹមត្រូវ​ផ្នែក​នយោបាយ ដែល​សំដៅលើ​អំពើពុករលួយ​ផ្នែក​នយោបាយ​និង​ការប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ និង​របាយការណ៍​ស្តីពី​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​កំណែទម្រង់​។​

​គណបក្សកាន់អំណាច មិន​សោមនស្ស​សោះឡើយ ពេលឮ​ការវាយប្រហារ​កម្ពុជា ដោយ​ប្រាសចាក​សច្ចភាព​បែបនេះ​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា កម្ពុជា បាន​ខិតខំ​ពង្រឹង​ប្រជាធិបតេយ្យ តាំងពី​ក្មេងខ្ចី​រហូតដល់​ចាស់ទុំ ដែល​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខសន្តិភាព​និង​ការរីកចម្រើន​។

​លោក សុខ ឥសាន បន្តថា ការវាយតម្លៃ​របស់​ទីប្រឹក្សា​រូបនេះ គ្មាន​ប្រសិទ្ធភាព​អ្វី​បន្តិច​សោះឡើយ​។ លោក​ថា ការវាយតម្លៃ ថា​កម្ពុជា ផ្តាច់ការ​ឬ​សេរី គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល មិនមែន​ស្ថិត​លើ​ការរិះគន់​របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​ទេ​។ លោក ចាត់ទុក ការវាយប្រហារ​របស់​អង្គការ​ខុមហ្វ្រែល​ថា ជា​វប្បធម៌​ទៅហើយ ដែល​តែងតែ​មើលឃើញ​រដ្ឋាភិបាល ក្នុង​ផ្លូវខុស​ជានិច្ច ហើយ​មិនដែល​ទទួលយក​លទ្ធផល​វិជ្ជមាន​ម្តងណា​ឡើយ​។

​ជាងនេះទៀត អ្នកនាំពាក្យ​រូបនេះ បាន​សើចចំអក​ឲ្យ​លោក Michael ថា មិនដឹង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​នឹង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការបោះឆ្នោត​។ លោក បាន​បកស្រាយ​ថា បក្ស​កាន់អំណាច​មិនអាច​គ្រប់គ្រង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​បាន​ទេ ព្រោះ​រាល់​ការបោះឆ្នោត​តែងតែមាន​អ្នក​អង្កេត​ការណ៍​ទាំង​ជាតិ​និង​អន្តជាតិ ព្រមទាំង​ភាគី​ផ្សេងៗ​ច្រើន​ទៀត ចាំ​ឃ្លាំមើល​៕