LDP រៀបចំ​សមាជ​លើក​ទី​២​នៅ​ថ្ងៃអាទិត្យ ហើយ​សមាជិក​ត្រូវ​បង់​វិភាគទាន​ពី​៧​ទៅ​១០​ដុល្លារ​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) នឹង​រៀបចំ​សមាជ​លើក​ទី​២ នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា​៥០០០​នាក់​។ សមាជ​លើក​ទី​២​នេះ  ពុំមាន​ឥស្សរជន​នយោបាយ​រូប​ណា ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស ក្រៅពី​លោក ខឹម វាសនា ឡើយ​។

​លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​លើកឡើងថា អ្នកចូលរួម​ក្នុង​សមាជ​លើក​ទី​២​នេះ មាន​ប្រមាណ​ជា​៥០០០​នាក់​។ លោក​ថា អ្នកចូលរួម​ទាំងនោះ មាន​ពីរ​ប្រភេទ គឺ​សមាជិក​សមាជ ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស មាន​ប្រមាណ​ជា​១០០០​នាក់ ហើយ​ភ្ញៀវ​សមាជ មាន​ប្រមាណ​ជា​៤០០០​នាក់​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា គណបក្ស​កំណត់​ឲ្យ​សមាជិក​សមាជ បង់​វិភាគទាន ១០​ដុល្លារ ក្នុង​មួយ​នាក់ ហើយ​ភ្ញៀវ​សមាជ​បង់ ៧​ដុល្លារ ក្នុង​មួយ​នាក់ ដើម្បី​ទ្រទ្រង់​ដំណើរការ​នៃ​ការ​រៀ​បំ​សមាជ​នេះ​។ លោក​បន្តទៀតថា បើទោះបីជា​គណបក្ស​កំណត់​បែបនេះ​មែន តែ​គណបក្ស​មិនបាន​កំណត់ដោយ​ដាច់អហង្ការ ថា​អ្នកចូលរួម​ទាំងអស់ ត្រូវតែ​បង់​ថវិកា​នោះទេ​។ លោក​ថា គណបក្ស​នឹង​ពិនិត្យមើល​ជីវភាព ឬ​ស្ថានភាព​ជាក់ស្តែង ហើយនឹង​មានការ​យោគយល់ ប្រសិនបើ​អ្នកចូលរួម​រូប​ណា មានការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​។

​លោក កូវ គា លើកឡើងថា សមាជ​លើក​ទី​២​នេះ មាន​ឥស្សរជន​នយោបាយ​តែមួយ​រូប​គត់ ដែល​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស គឺ​លោក ខឹម វាសនា ដែលជា​ប្រមុខ​បក្ស​បច្ចុប្បន្ន​។ លោក​ថា គណបក្ស​បានប្រកាស ដល់​សាធារណជន​និង​សមាជិក​គ្រប់រូប ឲ្យ​ដាក់ពាក្យ​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ដែរ តែ​ជា​លទ្ធផល ពុំមាន​បុគ្គល​ណា​ម្នាក់ ស្ម​គ្រ​ចិត្ត​នោះទេ​។ 

​យោងតាម​លក្ខន្តិក​រប​ស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សមាជ ជា​ស្ថាប័ន​កំពូល​របស់​គណបក្ស ដែល​ត្រូវ​បានរៀបចំ​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង​។ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១១ គណបក្ស បានរៀបចំ​សមាជ​លើក​ទី​១ ។

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០០៥ ។ គណបក្ស​នេះ បាន​ផុស​ចេញពី​គំនិត​ផ្តួចផ្តើម របស់ លោក ខឹម វាសនា ដែលជា​អតីត​តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី ។

​គោលដៅ​តែមួយគត់ របស់​គណបក្ស​ចំណាស់​មួយ​នេះ​គឺ «​មាតុភូមិ​មួយ ដែល​ពលរដ្ឋ​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​ភាពជា​ម្ចាស់​»​។ គន្លឹះ​ដ៏​សំខាន់ ដើម្បី​សម្រេច​គោលដៅ​ចុង​ក្រោយនេះ គឺ​ត្រូវ​កាត់បន្ថយ​អំណាច​រដ្ឋ ។ ការ​បំ​លែង​យន្តការ​៨​ចំណុច ឲ្យ​ទៅជា​ច្បាប់ គឺជា​លក្ខខណ្ឌ​ចំ​បាច់​បំផុត ដើម្បី​ឈានដល់​ដំណាក់​នៃ​ការ​កាន់​បន្ថយអំណាចរ​ដ្ឋ ។

​យន្តការ​៨​ចំណុច គឺ ១. កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​២​អាណត្តិ​, ២. មិន​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អង្គរក្ស​ដោយ​ខ្លួនឯង​, ៣. តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី​រស់នៅក្នុង​និ​វេស​ដ្ឋា​ន​របស់​រដ្ឋ​, ៤. ប​ង្កើ​តុលាការ​រដ្ឋបាល​, ៥. ឋានន្តរ​ស​ក្កិ​ចាប់ពី​ឧ​ត្ត​ម​សេនីយ៍ ត្រូវអនុម័ត​ដោយ​រដ្ឋសភា​, ៦ អព្យាក្រឹត​មន្ត្រីរាជការ​, ៧. ពលរដ្ឋ ត្រូវ​បោះឆ្នោត​ជ្រើសរើស​និង​បោះឆ្នោត​ដក​តំណាង​នៅ​គ្រប់លំដាប់​ថ្នាក់ ដោយ​ខ្លួនឯង​ផ្ទាល់​, ៨. បោះឆ្នោត​ជ្រើសរើស​តំណាង​រា​ស្ត្រ​តាម​ប្រព័ន្ធ​ចម្រុះ​។​

​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​សកម្មភាព​នយោបាយ គឺជា​កក្តា​មិនអាច​ខ្វះ​បាន ដើម្បី​ផ្លាស់ប្តូរ​យន្តការ​៨​ចំណុច ឲ្យ​ទៅជា​ច្បាប់​។ ការផ្តល់​ចំណេះដឹង​ពី​ប្រជាធិបតេយ្យ ព្រះធម៌ និង​សីលធម៌​សង្គម គឺជា​គោលការណ៍​អាទិភាព ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ជីវិត​នយោបាយ​។ គណបក្ស បាន​ប្រកាន់យក​ការពន្យល់​ប្រជាពលរដ្ឋ ជា​ចំណុច​ចាប់ផ្តើម​និង​ជា​បេសកកម្ម​នយោបាយ​ដ៏​សំខាន់បំផុត ដើម្បី​សម្រេចបាន​អ្វីៗ​គ្រប់យ៉ាង ដូច​បាន​ពោល​ពី​ខាងលើ​មកនេះ​។​

​យ៉ាងណា​ក៏​ចុះ ការចំណាយ​ពេល​ជាង​១០​ឆ្នាំ ក្នុង​ជីវិត​នយោបាយ​របស់​គ​ណ​បក្ស​ចាស់ទុំ​មួយ​នេះ មិនទាន់​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នៅឡើយ​ទេ​៕