សកម្មជន​ដីធ្លី​រិះគន់​​អាជ្ញាធរថា​មាន​ចំណាត់​ការ​មិន​ស្មើភាព​រវាង​​ពួក​គេ​និង​លោក ស្រី ចំរើន

បណ្ដាញព្រះសង្ឃ យុវជន និង​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញរិះគន់​អាជ្ញាធរ​​ថាមាន​​វិធានការ​មិន​ស្មើភាពចំពោះប្រជាពលរដ្ឋ​​ ដោយ​ពួក​គេ​លើកឡើង​ថា អាជ្ញាធរ​តែងធ្វើការ​រារាំង​ពួក​គេ​ពេល​ចេញ​តវ៉ា តែ​អាជ្ញាធរ​មិន​រារាំង ហើយ​ថែម​ទាំងជួយ​សម្រួល​ចរាចរណ៍​ពេល​ក្រុមយុវជន​ធ្វើការ​តវ៉ា​ប្រឆាំង​លោក​ កឹម សុខា​។

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្ដាញ​ព្រះសង្ឃ យុវជន សកម្មជន​ដីធ្លី​នានា​ក្នុង​រាជធានី​ភ្នំពេញ សរុប​ប្រមាណ​ជាង​៣០០​អង្គ/នាក់ បាន​នាំគ្នាធ្វើ​ការ​ជួប​ជុំ​នៅ​តំបន់​បឹង​កក់​ដើម្បី​រៀបចំ​ហែក្បួន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​លុប​បឹងក្នុង​រាជធានីភ្នំពេញ​។ បន្ទាប់​ពី​បាន​អានញត្តិ និង​ឡើង​ថ្លែង​បញ្ចេញ​មតិផ្សេង​ៗ ក្រុម​សកម្មជន​បាន​រៀបចំ​ក្បួន​ដើរហែទៅ​កាន់​រដ្ឋសភាដើម្បី​ដាក់ញត្តិ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា​១០០​នាក់​រារាំង​មិន​ឲ្យ​ពួក​គេ​ហែក្បួន​។

សកម្មជន​ដីធ្លី​រិះគន់​​អាជ្ញាធរថា​មាន​ចំណាត់​ការ​មិន​ស្មើភាព​រវាង​​ពួក​គេ​និង​លោក ស្រី ចំរើន

ក្រុម​សកម្មជន​បាន​ចាត់​ទុក​ការរារាំង​របស់​អាជ្ញាធរ​ថា​ជា​ចំណាត់​ការ​មិន​ស្មើ​ភាព​ទៅ​លើ​ពួក​គេ ដោយ​លើកឡើង​ថា អាជ្ញាធរ​ពុំ​បាន​រារាំងលោក ស្រី ចំរើន ពេល​ធ្វើ​ការ​ហែក្បួន​ដាក់​ញត្តិ​ប្រឆាំង​លោក កឹម សុខា នោះ​ទេ​។

សមាជិក​សហគមបឹងកក់ អ្នកស្រី អ៊ីម ស្រីទូច មាន​ប្រសាសន៍​ថា ក្រុម​និស្សិត​ដែល​បាន​ហែក្បួន​ទាមទារ​ឲ្យ​លោក​ កឹម​ សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេងរឿង​បុគ្គលទទួលបានការអនុញ្ញាតពី​អាជ្ញាធរឲ្យ​ហែក្បួន​ និងជួយ​សម្រួល​ចរាចរណ៍។ អ្នកស្រី​ដាក់​ជាសំណួរថា ​ចុះ​ហេតុអ្វី​ក្រុម​ប្រ​ជាសហគមន៍ក្នុង​រាជថានី​ហែក្បួន​ដាក់ញត្តិ​​ដើម្បី​ទប់ស្កាត់​ការ​លុប​បឹង​ធម្មជាតិហេតុ​អ្វី​ត្រូវអាជ្ញាធរហាមរារាំង។

អ្ន​កស្រី​បន្ថែមថា៖ “យើង​សហការគ្នា​រីករាយ​ដើម្បី​សម្បត្តិ​យើងទាំងអស់គ្នា ដើម្បី​ការ​ពារទ្រព្យសម្បត្តិយើងទាំងអស់គ្នា ដើម្បី​ប្រ​យោជន៍​រួម​យើងទាំងអស់គ្នា ឃើញក្រុម​និស្សិត​អត់មាន​ឆ្លងទៅមេលើណាសោះ អានោះមេលើ…ពូមើល​កាលមុន​គេថា​ដើម​ឈើដុះលើ​ដីខ្សាច់ ឥឡូវ​ឈូកដុះលើ​ដី​ខ្សាច់​ ព្រោះ​អត់មាន​បឹង”។

អ្នក​ឃ្លាំមើលការ​រំលោភសិទ្ធិមនុស្សសមាគមអាដហុក លោក ណៃ វ៉ង់ដា ដែលបាន​ឃ្លាំមើល​ការ​ដង្ហែក្បួន​នេះចាត់ទុក​ការ​រារាំង​របស់​អាជ្ញាធរនេះ​ថា​​ជា​ការអនុវត្តច្បាប់​មិន​ស្មើ​ភាពគ្នា​ទៅលើ​ប្រ​ជា​ពលរដ្ឋ។

លោកបន្ថែម​ថា៖ “ហេតុអ្វីបានជាក្រុមលោក ស្រី ចំរើន មានគ្នា២០០នាក់ជាងដែរគាត់ធ្វើការហែក្បួនបាន…ដង្ហែពេញទីក្រុងភ្នំពេញដាក់ញ្ញត្តិគ្រប់ទីកន្លែង ព្រមទាំងមានការសម្រួលចរាចរណ៍ ការពារសុវត្ថិភាព…ប៉ុន្តែអ្នកសហគមន៍បឹងកក់នេះសុទ្ធតែអ្នករងគ្រោះពីការលុបបឹងមានគ្នាប្រហែលជា២០០នាក់ដែរ ហេតុអ្វីមិនអាចហែក្បួនទៅដាក់ញត្តិ​នៅរដ្ឋសភាបាន​”​។

សមត្ថកិច្ចដែល​​ចុះ​ទៅ​​រារាំង​ក្រុម​ប្រ​ជា​សហគមន៍​ដែល​ចង់​ហែញ្ញត្តិទៅ​រដ្ឋសភា បាន​បដិសេធផ្តល់បទសម្ភាសន៍ជាមួយ​អ្នកសារព័ត៌មាន​វីអូឌី។ ទោះ​យ៉ាងណាសមត្ថកិច្ចបាន​ប្រាប់​អ្នក​ហែក្បួន​ទាំងនោះថា​ការ​រារាំងនេះ គឺ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​កុំឲ្យមាន​ការ​កកស្ទះចរាចរណ៍។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថាអាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុមអ្នកតវ៉ា​ដឹកនាំដោយលោក ស្រី ចំរើន ធ្វើ​ការ​ហែ​ក្បួន​ដោយសារ​ពួក​គេ​បាន​ដាក់លិខិតសុំធ្វើការហែក្បួន តែលោកថាក្រុមប្រជាសហគមន៍មិនបានដាក់លិខិតទៅ​សាលារាជធានីដើម្បី​សុំហែក្បួននោះទេ។ លោកមានប្រសាសន៍​ថា​៖ “ខ្ញុំមិនមានអ្វីអត្ថាធិប្បាយទេ។ គាត់ធ្វើអ្វីតាមច្បាប់ទម្លាប់ទៅអត់មានអ្វីទេ អត់មានទេ(លិខិតសុំហែក្បួន) បាទ​ដូចជាអត់មានទេ”​។

បើ​តាម​​អ្នក​ស្រី អ៊ីម ស្រីទូច មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ​គឺ​ដោយសារ​ពួក​គេ​មើលឃើញ​ពី​ផល​ប៉ះពាល់នៃ​ការ​លុប​បឹង​ដូច​ជានាំ​ឲ្យ​មាន​ការ​បណ្ដេញចេញ ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​បាត់បង់​ការ​អាស្រ័យ​ផល​ពី​បឹង និង​ប៉ះពាល់​បរិស្ថាន ទើប​ពួក​គេ​ចង់​ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​អន្តរាគមន៍​បញ្ឈប់​ការ​លុប​បឹងតទៅទៀត​​៕

ប្រភពៈ VOD